ចំណេះដឹងទូទៅ
មានពាក្យខ្មែរមួយចំនួន ដែលយើងអាចមានការភ័ន្តច្រឡំអត្ថន័យជាមួយគ្នា ៖ សុភាវធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងចរិយាធម៌
1. សុភាវធម៌ (Decency) ៖ សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រឹត្យក្រម ពាក្យទូន្មានណែនាំ ច្បាប់ វិន័យ) ជាក្រឹត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីអោយមនុស្ស មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។ ហើយសុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ និងគុណធម៌។
2. សីលធម៌ (Ethic) ៖ សីលធម៌ = សីល (ដំណើរប្រព្រឹត្ត វៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) សំដៅទៅលើ វិន័យក្រឹត្យក្រម សម្រាប់អប់រំខ្លួន អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់។ នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ត្រូវរៀនកាន់ក្រឹត្យវិន័យអោយបានប្រាំសាខាធំៗ ដែលយើងហៅថាបញ្ចសីល ឬសីល៥។
3. គុណធម៌ (Virtue)៖ គុណធម៌ = គុណ(ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត។
4. សុជីវធម៌ (Morality) ៖ សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត អោយប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖ ១. ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ ឋានៈ និងទីកន្លែង ជាដើម ២. ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន ៣. ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ដែលមានចែង សម្រាប់រក្សាសណ្ដាប់ធ្នាប់ វិន័យ និងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។
5. ចរិយាធម៌ (Character) ៖ ចរិយាធម៌ = ចរិយា (ចរិក មាយាទ អកប្បកិរិយា) + ធម៌(ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) ជាផ្នែកមួយនៃសុជីវធម៌ក្នុងការរស់នៅ
សំដៅទៅលើការប្រព្រឹត្តកិរិយា ក៏ដូចជាពាក្យសំដីអោយសមសួន តាមវ័យ ឋានៈ និងទីកន្លែង។

