Bill Gates ៖ លុយឌីជីថលកំពុងសម្លាប់មនុស្សដោយស្របច្បាប់
ដោយសារធ្លាប់លើកឡើងពីគុណសម្បត្តិនិងគុណវិបត្តិច្រើនដងមកហើយទាក់ទងនឹងលុយឌីជីថល ពេលនេះមហាសេដ្ឋី Bill Gates បានបញ្ចេញបញ្ហាមួយទៀតថា លុយឌីជីថលកំពុងសម្លាប់មនុស្សដោយស្របច្បាប់ ។
លើកឡើងក្នុងបណ្តាញសង្គម Reddit លោក Bill Gates បញ្ជាក់ថា លុយឌីជីថលកំពុងសម្លាប់មនុស្សដោយស្របច្បាប់ ដោយសារពួកគេបានយកវាទៅប្រើប្រាស់សម្រាប់មូលនិធិភេរវកម្ម និងទិញគ្រឿងញៀនផ្សេងៗ ។
លក្ខណៈពិសេសមួយរបស់លុយឌីជីថលគឺ គ្មានអត្តសញ្ញាណច្បាស់លាស់ អ្នកណាក៏អាចប្រើបាន មហាសេដ្ឋីខាងលើលើកឡើងថា វាមិនមែនជារឿងល្អទេ វាជាបច្ចេកវិទ្យាកម្រមួយដែលសម្លាប់មនុស្សដោយស្របច្បាប់ ហើយការប្រថុយប្រថានជាមួយលុយឌីជីថលគឺបង្កហានិភ័យធំណាស់ ។
មិនមែនមានតែលោក Bill Gates តែម្នាក់ទេដែលមិនគាំទ្រលុយឌីជីថល ប៉ុន្តែមហាសេដ្ឋី Warren Buffett ក៏បានលើកឡើងដែរថា គាត់ដូចជាមិនយល់ពី Bitcoin និងលុយឌីជីថលផ្សេងៗទាល់តែសោះ ហើយគាត់ក៏មិនដែលដាក់លុយទៅវិនិយោគជាមួយពួកវាដែរ ។
កន្លងមកលោក Bill Gates ធ្លាប់បញ្ចេញមតិថា លុយឌីជីថលមិនល្អទេ ព្រោះវាកំពុងលើកទឹកចិត្តមនុស្សឲ្យលាក់បាំងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេពីរដ្ឋាភិបាល ។ លោកក៏បានបង្ហាញក្តីព្រួយបារម្ភដែល លុយឌីជីថលកំពុងវិវត្តន៍ទៅរកការលួចបន្លំ ប្រើប្រាស់សម្រាប់ភេរវកម្ម ការដោះដូរគ្រឿងញៀន និយាយរួមគឺសម្លាប់មនុស្សដោយស្របច្បាប់ ។
គិតឲ្យសាមញ្ញថា ការចាយក្រដាស់ប្រាក់ធម្មតា មុននឹងធ្វើប្រតិបត្តិការចាយវាយ អ្នកត្រូវការឆ្លងកាត់ស្ថាប័នណាមួយជាអ្នកកត់ត្រានិងដឹងឮពីទិន្នន័យរបស់អ្នក ប៉ុន្តែដោយសារលុយឌីជីថល ងាយស្រួលចាយ មិនបាច់បញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ដូចនេះអ្នកចង់ចាយវាទៅកន្លែងក៏បាន ហើយវាក៏ងាយស្រួលឲ្យគេលួចពីអ្នកដែរ ។
ត្រឡប់មកកម្ពុជាយើងវិញ ធនាគារជាតិកម្ពុជាបានប្រកាសថាមិនទទួលស្គាល់លុយឌីថល ខណៈដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហើបថាស្ថាប័នពាក់ព័ន្ធកំពុងសិក្សាស្រាវជ្រាវ និងមិនទាន់ហ៊ានវាយតម្លៃថាវានឹងទៅជាយ៉ាងណាឲ្យប្រាកដទេ ។
ជាចុងក្រោយ យើងក៏ចង់ដាស់តឿនដល់អ្នកវិនិយោគមួយចំនួនដែលចង់ចំណេញពីលុយឌីជីថល វិនិយោគតាមគេអូសទាញ សូមស្រាវជ្រាវពីវាឲ្យបានច្បាស់ កុំឃើញគេមានដោយសារលុយឌីជីថល ក៏នឹកឃើញធ្វើតាមគេទាំងប្រថុយប្រថាន ។
http://i67.tinypic.com/33w9lpi.jpg

