សាសនាជាមនោគមវិទ្យាបែបអរូបិយ៌មួុយ

មតិខ្លះលើកឡើងថាៈ "ខ្មែរកាន់ពុទ្ធសាសនានាំឲ្យក្រ" តើការលើកឡើងនេះត្រឹមត្រូវឬទេ? តោះសិក្សាទាំងអស់គ្នា!
---------------------
១)_ឆ្លងតាមការសិក្សាទ្រីស្តីព្រះពុទ្ធសាសនាអស់រយៈពេលជាង២០ឆ្នាំមកហើយដូចមិនដែលឃើញពាក្យ ឃ្លា ប្រយោគ គាថា កថាខណ្ឌណាមួយនៃពុទ្ធវចនដែលប្រាប់មនុស្សឲ្យខ្ជឹលច្រអូសមិនធ្វើការងារ មុខរបរចិញ្ចឹមជីវិតទេ។ ផ្ទុយមកវិញឃើញប្រាប់តែវិធីធ្វើឲ្យចម្រើនលូតលាស់ដូចជាប្រាប់ប្រយោជន៍បច្ចុប្បន្ន៤យ៉ាងមានដូចជាៈ ប្រឹងប្រែងរកទ្រព្យ១ ចេះរក្សាទ្រព្យដែលរកបានមក១ សេពគប់មិត្តល្អ១ និង មិនប្រកាន់ខ្លួន១ ក្រៅពីនេះព្រះអង្គតែងពោលសរសើរការព្យាយាមណាស់ ព្រោះការព្យាយាមនេះជាគ្រាប់ពូជនៃភាពចម្រុងចម្រើនរុងរឿង និង សុខសន្តិភាព សូម្បីនៅដង្ហើមចុងក្រោយរបស់ព្រះអង្គ ក៏ទ្រង់ត្រាស់ផ្តាំសាវកថា "សង្ខារទាំងឡាយមិនទៀង ចូរអ្នកទាំងឡាយញ៉ាំប្រយោជន៍ឲ្យសម្រេចដោយសេចក្តីព្យាយាមចុះ"។ យោងព្រះបណ្តាំនេះ អាចក្តី យល់ថាព្រះពុទ្ធមិនសរសើរមនុស្សខ្ជឹល មិនឲ្យតម្លៃភាពខ្ជឹលច្រអូសទេ ប៉ុន្តែព្រះអង្គឲ្យតម្លៃការព្យាយាមប្រឹងប្រែង អ្នកចង់មានបានត្រូវប្រឹងប្រែង ឧស្សាហ៍ព្យាយាម ខ្នះខ្នែង កុំខ្លាចក្តៅ ត្រជាក់ រងារ ព្រឹក ល្ងាច ស្រេចឃ្លាន ហត់នឿយទើបបានសម្រេច បើមិនប្រឹងទេគ្មានទេវតាណាមកជួយឲ្យមានបានទេ។ សាសនាព្រះពុទ្ធឲ្យតម្លៃលើការប្រឹងប្រែងមិនដាក់ធុរៈ រឿងអ្វីក៏ដោយវានឹងសម្រេចបានតាមបំណង បើមានការព្យាយាមដ៏ត្រឹមត្រូវច្បាស់លាស់។ ព្រះពុទ្ធលោកមិនត្រឹមតែប្រាប់ឲ្យប្រឹងប៉ុណ្ណោះទេ លោកប្រាប់ឲ្យប្រឹងដោយត្រឹមត្រូវ(សម្មាវាយាម)ទៀតផង។
២)_មនុស្សដែលយល់ថា កាន់ព្រះពុទ្ធសាសនានាំឲ្យក្រដោយមើលលើទិដ្ឋភាព២សំខាន់ៗគឺ ទី១.គេឃើញមានពិធីបុណ្យជាច្រើនត្រូវបានរៀបចំប្រារព្ធឡើងនៅក្នុងបរិបទប្រទេសកម្ពុជា ដែលពិធីទាំងនេះគឺត្រូវចំណាយលុយកាក់ ទ្រព្យសម្បត្តិច្រើនណាស់ក្នុងពិធីមួយៗ ទី២.គេមើលឃើញថាអ្នកកាន់ពុទ្ធសាសនាមិនសូវស្វាហាប់ ខ្ជឹលច្រអូសទម្រន់ និងមានចិត្តមិនពុះកញ្ជ្រួលក្នុងការប្រឹងប្រែងរកទ្រព្យសម្បត្តិ គឺចូលចិត្តរស់នៅសាមញ្ញៗ។ ពេលខ្លះគេបៀតបៀនក៏មិនហ៊ានតបត សុខចិត្តនៅស្ងៀមហើយទទួលយកស្ថានភាពនោះរស់នៅបន្តទៅទៀត។ ត្រង់នេះគេគិតថាមកពីព្រះពុទ្ធបង្រៀនឲ្យមនុស្សចេះអត់ទ្រាំ និង កុំលោភលន់។ ព្រោះគេមើលលើហេតុផល២នេះហើយទើបគេវាយតម្លៃថាខ្មែរកាន់ព្រះពុទ្ធសាសនានាំឲ្យក្រ។
៣)_បើយើងមើលលើហេតុផលរបស់គេ យើងឃើញថាៈ ហេតុដែលនាំឲ្យក្រនោះមិនពាក់ព័ន្ធនឹងពុទ្ធសាសនាទេ គឺពាក់ព័ន្ធនឹងមនុស្សខ្លួនឯងតែម្តង។ អាចក្តីសូមលើកចំណុច២មកអះអាងដូចតទៅ ទី១.ក្រមកពីខ្ជឹល ក្រមកពីចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយមិនដឹងជ្រុង ក្រមកពីគ្រប់គ្រងទ្រព្យសម្បត្តិមិនបានល្អ ក្រមកពីប្រព្រឹត្តិអបាយមុខ(ស្រា ស្រី ល្បង) មិនមែនព្រះនាំធ្វើទេរឿងទាំងនេះ គឺមនុស្សខ្លួនឯងជាអ្នកប្រព្រឹត្តិ ព្រះលោកមិនបានប្រាប់ មិនបានណែនាំឲ្យធ្វើរឿងអស់ហ្នឹងទេ ព្រះលោកសំដែងអំពីការមិនឲ្យលោភលន់ ប៉ុន្តែមិនបានប្រាប់ឲ្យមនុស្សដេកចាំសំណាងនោះដែរ។ ម្យ៉ាងទៀតរឿងពិធីមិនមែនជាពុទ្ធសាសនាសុទ្ធិសាធទេគឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រះពុទ្ធមិនសំដែងពីពិធីទាំងនោះទេ។ ទី២.ការឲ្យចេះអត់ធន់ ក្នុងទីនេះមិនមែនចេះអត់ធន់ដោយគ្មានបញ្ញានោះទេ រឿងដែលត្រូវអត់ធន់គឺត្រូវអត់ធន់ រឿងដែលមិនត្រូវអត់ក៏មិនត្រូវអត់ធន់នោះដែរ។ ខន្តីគឺល្អហើយ ប៉ុន្តែតើយើងយល់ខ្លឹមសារខន្តីធម៌បានប៉ុណ្ណា? ឬក៏គ្មានកម្លាំង គ្មានបញ្ញា គ្មានសមត្ថភាពតតាំងជាមួួគេ ហើយនិយាយថាខន្តី?
៤)_ជារួមមកវិញ អាចក្តីសូមបញ្ជាក់ថាៈ ខ្មែរក្រមិនមែនមកពីកាន់ព្រះពុទ្ធសាសនាទេ ប្រទេសដែលកាន់ពុទ្ធសាសនាជាច្រើនគេរីកចម្រើន ហេតុអ្វីយើងក្រ? យើងមិនព្រមឆ្លុះកញ្ចក់មើលខ្លួនឯងមើលថាតើបានប្រឹងប្រែងប៉ុណ្ណាហើយ? យកទ្រីស្តីព្រះពុទ្ធប៉ុន្មានខទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ? បានយល់ត្រឹមត្រូវឬទេ? បានប្រើត្រឹមត្រូវឬទេ? ឬក៏ចេះតែថាៗព្រោះមិនពេញចិត្តនឹងព្រះពុទ្ធសាសនា? ឬចង់បំផ្លាញសាសនាព្រះពុទ្ធក្នុងស្រុកខ្មែរ?
អាចក្តីស្នើឲ្យមានការសិក្សាបន្ថែម និង ពិចារណាឡើងវិញ ប្រសិនបើអ្នកលើកឡើងនោះជាមនុស្សមិនមានចេតនាអាក្រក់ចំពោះពុទ្ធសាសនា ហើយចង់ឈ្វែងយល់បន្ថែម។ ពុទ្ធសាសនាមិនដែលបង្រៀនមនុស្សឲ្យក្រទេ មនុស្សខ្ជឹលធ្វើការងារទើបជាហេតុនាំឲ្យក្រជាសច្ចានុមតិ។
================
១០-១០-២៥៦២|២០១៨
Credit: Lorm Loeurm Lha
Comments