រឿងភិក្ខុនីសោណា(តចប់)
លោកយាយសោណាភិក្ខុនីព្រះជន្ម៨០ទើបចូលបួស ព្រោះកូន១០នាក់មើលងាយតិះដៀលធ្វើបាប ចូលបួសហើយត្រូវភិក្ខុនីក្មេងៗចំអកចំអន់ដាក់ទណ្ឌកម្មដាំទឹកឲ្យគេមុជ លោកយាយកើតការសង្វេកតក់ស្លុតទើបគិតថា យើងមិនគួរប្រមាទត្រូវធ្វើចិត្តឲ្យផូរផង់ អរគុណគ្រប់យ៉ាងដែលជីវិតបានជួបហើយតំរូវឲ្យយកជីវិតខ្លួនឯងជាទីពឹង លោកយាយចាប់ផ្តើមបរិកម្មភាវនាអាការៈ៣២ តំកល់ចិត្តមាំទាំងក្នុងទីឈរ ទីអង្គុយ ទីដេក រហូតដល់វេលាយប់ ឈរទប់ខ្លួននឹងសរសរកុដិខាងក្រោមខ្លះ ដៃកាច់អុសបង្កាត់ភ្លើងដាំទឹកបម្រើគេខ្លះ រងើកភ្លើងនៅសល់ប៉ុនភ្នែកមាន់ ផ្លុំបណ្តើរ កេសាសក់ លោមារោម បណ្តើរ រងើកភ្លើងក៏រលត់អស់ទៅ ! លោកយាយអស់កម្លាំងសឹងដាច់ខ្យល់ តែកម្មដ្ឋានមិនបានដាច់ពីមាត់ឡើយ អស់កម្លាំងពេកយកដៃទប់ឆ្នាំង ភ្នែកជាប់និមិត្តជាមួយអណ្តាតភ្លើងក្នុងចង្ក្រានស្រាប់តែទឹកពុះឡើង ចិត្តស្រឡះថ្លាស្អាតអស់អាសវៈធម៌បានភាវៈជាអរហន្តី លោកយាយបានចូលសំងំក្នុងកុដិបាត់ទៅ។ កុំគិតថាខ្លួនចាស់បោះបង់ចោលការព្យាយាមឲ្យសោះ កុំជួបទុក្ខហើយរវល់តែលិចដោយសារទុក្ខអី ត្រូវព្យាយាមជួយខ្លួនឯង ល្អហើយបានទុក្ខជួយដាស់តឿនឲ្យចេញចាកទុក្ខបាន បើជាប់នឹងសុខមិនងាយរើខ្លួនរួចទេ នៅចុះនរករឿយៗបាន កុំចេះតែគិតថា អ្នកមានក្តីសុខទាំងអស់សុទ្ធតែបានរួចខ្លួនឲ្យសោះនោះ។
Comments