កោះស្តេច គឺជាកោះដែលមានទេសភាពស្អាតនិងពណ៌សមុទ្រខៀវស្រងាត់គួរអោយចង់គយគន់និងលេងកំសាន្ត សម្រាប់គ្រឿងសមុទ្រនិងម្ហូបអាហារនៅទីនោះពិតជាឆ្ងាញ់ពិសារ តម្លៃសមរម្យ។

សម្រាប់ការធ្វើដំណើរគឺបើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ពីទីក្រុងភ្នំពេញមកទីរួមខេត្តកោះកុង ដែលឆ្លងកាត់ស្ពានទីពីររួចអ្នកអាចក្រលែកមើលនៅខាងធ្វេងដៃរបស់អ្នកតាមបណ្តោយផ្លូវនោះ អ្នកនឹងបានឃើញមានផ្លូវដ៏ធំមួយដែលកាត់ទទឹងរហូតដល់៦០ម៉ែត្រ ដែលផ្លូវនោះគឺជាប្រភេទដីក្រហមនៅឡើយទេ។ បើអ្នកធ្វើដំណើរពីក្រុងកោះកុងគឺមានចំងាយ៨១គីឡូម៉ែត្រ។ នៅតាមបណ្តោយផ្លូវមានរុក្ខជាតិបៃតងគួរអោយចង់គយគន់ជាច្រើន ហើយនៅពេលខ្លះអ្នកក៏អាចប្រទះនឹងសត្វព្រៃដើឆ្លងកាត់ផងដែរ ។ បើអ្នកធ្វើដំណើរចាប់ពីខែ មិថុនារហូតដល់ខែធ្នូនោះអ្នកនឹងឃើញតំបន់ព្រៃឈើបែតងដ៏ខៀវស្រង៉ាត់។

នាពេលបច្ចុប្បន្ន នៅលើស្តេចមានវិនិយោគិនធំៗជាច្រើន បានកសាងសណ្ឋាគារធំៗនៅចំពីមុខឆ្នេរសមុទ្រតែម្តង ចំពោះតម្លៃវិញគឺសមរម្យណាស់ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក សមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន ចូលចិត្តការហែលទឹកលេងកំសាន្ត និងស្ទួចត្រីនៅ លើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត មានកន្លែងលេងល្បែងនៅក្នុងរីសត ការជិះកង់កំសាន្តជុំវិញកោះ ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។

ដូច្នេះតើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៏ទៅកំសាន្តទេ? សម្រាប់ខ្ញុំចាំពេលស្ងាត់កូវីដសិនបានទៅ!

