#អ្នកកាន់ដៃខ្ញុំ

C
មិនថាជីវិតឆ្លងកាត់ស្ថានការណ៍លំបាកបែបណាក៏ដោយអ្វីដែលត្រូវយកជាប់ទៅជាមួយនោះគឺការអត់ធ្មត់។ ក្នុងជីវិតនេះខ្ញុំស្គាល់ពាក្យអត់ធ្មត់នេះច្បាស់ជាងគេ។ តើព្រោះហេតុអ្វី? គឺព្រោះថាជីវិតដែលខ្ញុំឆ្លងកាត់មកនេះ វាចេះតែជំរុញឱ្យខ្ញុំរៀនស្គាល់ពាក្យនេះច្រើនបំផុត ជាពិសេសគឺស្ថានភាពលំបាកលំបិន ភាពទាល់ច្រកនៃជីវិត និងការដែលបាត់បង់លំនឹងជីវិត។ អ្នកដែលដឹកដៃខ្ញុំឱ្យងើបចេញពីភាពលំបាកគឺសេចក្ដីអត់ធ្មត់នេះឯង ហើយវាក៏ជាអ្នកដែលចាប់ខ្ញូំឱ្យជ្រមុជចូលទៅក្នុងស្ថានភាពលំបាកច្រើនលើកដែរ។ ខ្ញុំរៀនបានច្រើនបំផុតពីអតីតកាលដែលខ្ញុំបានហែលឆ្លងកន្លងមក ប៉ុន្តែរឿងទាំងអស់នោះក៏ត្រូវធ្វើឱ្យខ្ញុំលះបង់ច្រើនមិនធម្មតាដែរ។ នៅពេលយើងកំពុងធ្លាក់ក្នុងជ្រោះជីវិត ឬគ្រោះភ័យបំផុត កុំថាឡើយកម្លាំងដើម្បីក្រោកចេញពីទីនោះភ្លាមៗ សូម្បីតែសំឡេងស្រែករកជំនួយក៏យើងមិនអាចស្រែកបានផង។
អតីតកាលតែងធ្វើឱ្យយើងនឹកឃើញម្ដងម្កាល ប៉ុន្តែវាមិនអាចត្រលប់ថយក្រោយបានទេ។ បច្ចុប្បន្នកាលវាបានបង្រៀនយើងឱ្យទទួលយកអតីតកាលទាំងអស់ដែលយើងបានឆ្លងកាត់មក ហើយក៏បន្តដំណើរទៅមុខទៀត។ ជីវិតមិនឈប់នៅនឹងថ្កល់មួយកន្លែងទេ ដូច្នេះរឿងខ្លះដែលយើងកំពុងប្រឈមមុខនៅថ្ងៃនេះវាក៏នឹងរំលងផុតទៅនៅថ្ងៃបន្ទាប់។ គ្រប់យ៉ាងវាត្រូវការពេលវេលា ដូច្នេះចូរអត់ធ្មត់នឹងភាពអន្ទះសារបស់យើងជាមុនសិន។ រឿងដែលលំបាកបំផុតគឺការទ្រាំជាមួយនឹងរឿងដែលពិបាកនឹងទ្រាំ ប៉ុន្តែមេរៀននេះវាមានតម្លៃ ដូច្នេះទាល់តែមានការលះបង់មួយដែលស័ក្ដិសមនឹងលទ្ធផលដែលយើងប្រាថ្នាចង់បាន។

Comments