បន្ទាប់ពីឡើងថ្លៃបានមួយខ្យល់ Bitcoin ធ្លាក់ថ្លៃពេញមួយឆ្នាំ ធ្វើឲ្យអ្នកវិនិយោគសើចលេងចេញ

C
ជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ កាលពីខែធ្នូឆ្នាំ ២០១៧ កន្លងទៅ តម្លៃ Bitcoin បានហក់ឡើងដល់ជាង ២០០០០ ដុល្លារ ប៉ុន្តែបានមួយឆាវប៉ុណ្ណោះវាបានធ្លាក់ថ្លៃមកនៅត្រឹម ១៣០០០ ដុល្លារ ហើយគិតដល់ពាក់កណ្តាលឆ្នាំ ២០១៨ នេះតម្លៃរបស់វាបាននៅវិលវល់នៅត្រឹមតែ ៦០០០ ដុល្លារប៉ុណ្ណោះ ។ បន្ទាប់ពីធ្លាក់ថ្លៃយ៉ាងគំហុក ថ្ងៃនេះតម្លៃរបស់ Bitcoin នៅសល់តែ ៥៦៥០ ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជាង ១០% ធៀបនឹងខែមុន ហើយការធ្លាក់ថ្លៃបែបនេះប្រាកដជាធ្វើឲ្យអ្នកវិនិយោគជាមួយ Bitcoin មួយចំនួនចាប់ផ្តើមគិតថាវាជាការវិនិយោគដែលប្រែប្រួលគ្មានដែនកំណត់ ព្រោះតម្លៃមិនមានការកំណត់ច្បាស់លាស់នោះទេ ។ ខណៈដែលអ្នកវិនិយោគលើ Bitcoin ខ្លះបានត្រៀមនិងបានក្លាយជាអ្នកមានដោយសារលុយឌីជីថល ប៉ុន្តែមានអ្នកវិនិយោគខ្លះទៀតកំពុងខកចិត្តនឹងទីផ្សារប្រែប្រួលនេះ ។ ការប្រែប្រួលគ្មានដែនកំណត់បែបនេះធ្វើឲ្យអ្នកខ្លះជឿថាថ្ងៃណាមួយវានឹងឡើងថ្លៃដល់ ១០ ០០០០ ដុល្លារដូចគេថាមែន ហើយការប្រែប្រួលនេះ កើតឡើងដោយសារការប្រែប្រួលភ្លាមៗតាមការយល់ឃើញរបស់មនុស្សម្នាក់ជាអ្នកឲ្យតម្លៃវា ។ តម្លៃរបស់លុយឌីជីថលអាស្រ័យលើការផ្គត់ផ្គង់និងតម្រូវការ មានន័យថាការផ្គង់ផ្គង់ច្រើនតម្លៃចុះថោក ចំណែកតម្រូវការច្រើន តម្លៃឡើងថ្លៃ វាមិនខុសពីទំនិញប៉ុន្មានទេ ។ ជាមួយគ្នានឹងច្បាប់ទីផ្សារដ៏សាមញ្ញខាងលើនេះ ក្រុមដែលឃោសនាបំផ្លើសក៏ជាចំណែកមួយចូលរួមឲ្យតម្លៃរបស់លុយឌីជីថលប្រែប្រួលផងដែរ អញ្ចឹងហើយបានជាគេនិយាយថាលុយឌីជីថលខ្លះមិនមានរូបរាងពិតប្រាកដទេ វាគ្រាន់តែជាលុយខ្យល់ប៉ុណ្ណោះ ខណៈដែលមនុស្សម្នាក់ៗខំឃោសនាតគ្នាដើម្បីទទួលបានប្រាក់រង្វាន់ពេលមានសមាជិកថ្មីបង់លុយចូលក្នុងបណ្តាញលុយឌីជីថលរបស់ ឬអ្នកខ្លះបានប្រៀបធៀបវាទៅនឹងទីផ្សារបណ្តាញ (Network Marketing) បែបពីរ៉ាមីត ។ គួរបញ្ជាក់ថា ខណៈដែល Bitcoin បានធ្លាក់ថ្លៃ វាបានទាញលុយឌីជីថលផ្សេងៗទៀតដែលឈរលេខរៀងក្បែរៗវាឲ្យដាំក្បាលចុះដូចគ្នា ។ ![IMG_20181116_145037.jpg](https://serey.io/imageupload_data/ebef60ea966591f3f3c40f752618cb86cc82d1b9)