Masayoshi Son៖ មុននឹងវិនិយោគ ខ្ញុំមើលតែភ្នែករបស់អ្នកដែលមកសុំការបណ្តាក់ទុនប៉ុណ្ណោះ
មហាសេដ្ឋីលេខ១ជប៉ុន លោក Masayoshi Son ជាអ្នកជំនួញជនជាតិជប៉ុនដ៏ជោគជ័យមួយរូប និងជាស្ថាបនិកនៃក្រុមហ៊ុនយក្សជប៉ុន SoftBank Group។ សហគ្រិនដែលល្បីខាងវិនិយោគ និងចរចារូបនេះ បង្ហើបថា “ ក្នុងការសម្រេចចិត្តថា វិនិយោគ ឬអត់ ពេលមានសហគ្រិនវ័យក្មេងមកសុំការបណ្តាក់ទុនពីខ្ញុំ ខ្ញុំមើលតែភ្នែកពួកគេប៉ុណ្ណោះ។”
លោក Masayoshi Son ធ្លាប់បានវិនិយោគជាមួយសហគ្រិនវ័យក្មេងច្រើនរូបមកហើយ ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យា Yahoo ក្នុងឆ្នាំ១៩៩៥ និងវិនិយោគ ២០លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន អាលីបាបារបស់លោក Jack Ma ទាំងដែលក្រុមហ៊ុនរបស់មហាមាឌល្អិតចិនរូបនេះ នៅមានទាន់មានចំណុចពិសេសនៅឡើយក្នុងសម័យដែលបច្ចេកវិទ្យាមិនទាន់រីកចម្រើន។
សហគ្រិនដែលមានទំនោរខាងបច្ចេកវិទ្យារូបនេះលើកឡើងថា មានសហគ្រិនវ័យក្មេងជាច្រើនមកសុំការបណ្តាក់ទុនពីគាត់ ដែលតម្រូវអោយគាត់សម្រេចចិត្តថា គួរវិនិយោគ ឬអត់? គន្លឹះមួយសំខាន់ដែលជួយឲ្យគាត់វិនិយោគបានត្រឹមត្រូវគឺមើលភ្នែករបស់សហគ្រិនវ័យក្មេងដែលមកសុំការបណ្តាក់ទុនទាំងនោះ។
លោកបន្ថែមថា ការមើលភ្នែកនេះ សំដៅទៅលើចក្ខុវិស័យនៃអាជីវកម្មរបស់ពួកគេ ថាតើគេមកយកលុយរបស់យើងទៅបង្កើតក្តីស្រមៃរបស់ពួកគេបានធំប៉ុណ្ណា ហើយបានរយៈពេលយូរអង្វែងដល់ណា? វាមិនអាចទៅរួចទេ ប្រសិនបើអាជីវកម្មមួយបង្កើតមកដើម្បីតែប្រាក់ចំណេញ ហើយទទួលបានជោគជ័យនោះ មានតែម្ចាស់អាជីវកម្មដែលសម្លឹងបានវែងឆ្ងាយ មានគោលដៅច្បាស់លាស់ និងចំតម្រូវការនាពេលអនាគតប៉ុណ្ណោះទើបអាចរកជោគជ័យឃើញ។
លើសពីនេះទៀត ការមើលនេះ ក៏ស្ទង់កម្រិតនៃភាពស្មោះត្រង់របស់អ្នកមកសុំការបណ្តាក់ទុន និងការជឿជាក់របស់ពួកគេទៅលើអាជីវកម្មរបស់ខ្លួនឯងផងដែរ។ ព្រោះពួកគេជាមនុស្សតែម្នាក់គត់ ដែលអាចកសាងការបណ្តាក់ទុននេះ អោយដល់គោលដៅ និងសាងទ្រព្យពាន់លានពីគំនិតដ៏វែងឆ្ងាយរបស់សហគ្រិនវ័យក្មេង៕

