ស្មារតីបែបអ្នកម្តាយ
#ស្មារតីបែបអ្នកម្ដាយ
១) ភាពជាអ្នកដឹកនាំ គឺជាអំណាចនៃការលះបង់។ លះបង់ទាំងពេលវេលា លះបង់ទាំងកម្លាំងកាយ លះបង់ទាំងជីវិត។ លះបង់សឹងតែលើសពីសេចក្ដីស្លាប់ក៏មាន។ ឈានជើងដល់ចំណុចនេះខ្ញុំបាទគឺជាយុវជនគោក្នុងក្រាលម្នាក់សូមនឹករឮក និងក្រាបក្រោមបាតជើងជនទាំងឡាយដែលហ៊ានលះបង់គ្រប់យ៉ាងចំពោះកិច្ចការប្រទេសជាតិទាំងមូល ដោយពុំខ្លាចក្រែងញញើតសូម្បីតែសេចក្ដីស្លាប់។ ខ្ញុំពិតជាមានសំណាង និងចងចាំមនសិការទាំងអស់នេះរហូតដល់ថ្ងៃមរណា។ អំណាចនៃការលះបង់ ពុំមែនអាចកាត់សេចក្ដីបានត្រឹមតែការមើលឃើញ ចាប់បាន ឬក៏សើចយំបាននោះទេ តែវាស្ថិតក្នុងជម្រៅដ៏សែនជ្រៅបំផុត។ ក្នុងន័យថាការដឹកនាំជាតិ ដឹកនាំស្ថាប័ន ដឹកនាំប្រទេស គឺសុទ្ធសឹងតែមានការលះបង់ខ្ពស់បំផុត ដូច្នេះគ្មានទេពាក្យថាសោកស្ដាយ។ គេថាគ្មានអ្វីដោយបានមកដោយទទេនោះទេ។ ម្យ៉ាងក្នុងនៃការលះបង់នេះយើងអាចគិតលើស្រ្តីជាច្រើនដែលបានចូលរួមលះបង់ដើម្បីបុរសក្នុងសមរភូមិ។ ធំធេងខ្លាំងណាស់។ ក្នុងសៀវភៅស្រីហិតោបទេសអប់រំថា “នារីណាស្រឡាញ់ប្ដី កៀកឱបប្ដីស្លាប់ជាប់នឹងខ្លួន លះបង់ខ្លួនចូលក្នុងគំនរភ្លើងជើងថ្ករជាមួយប្ដី នាងនារីនោះសូម្បីធើ្វបាបរាប់ទាំងសែនឆ្នាំ ក៏អាចនាំភស្ដាខ្លួនទៅកាន់សុរលោក (ឋានសួគ៌) បាន”។
២) ការដឹកនាំខ្លះទាមទារឲ្យមានស្មារតីលះបង់ទាំងព្រមប្រៀបប្រដូចបានជានារីដែលមានវីរភាពខាងលើ។ ទាំងសេចក្ដីស្រឡាញ់ដែលប្រើបេះដូង ទាំងបញ្ហាដែលប្រើខួរក្បាលក្នុងស្ថានភាពដែលចាំបាច់មានតែការប្រើការលះបង់ ប៉ុន្តែនៅក្រោយពីការលះបង់ទាំងអស់នោះ ពុំមែនលះបង់ដោយឥតប្រយោជន៍នោះទេ តែត្រូវតែទទួលបានផលសម្រាប់កូនចៅជំនាន់ក្រោយ។ ងាកក្រោយបន្តិចមេដឹកនាំគឺជាអ្នកដែលសំលៀងទស្សនវិស័យឲ្យមុត និងស្រួច។ ដូច្នេះដើម្បីទៅដល់ទស្សនវិស័យមុតស្រួចលុះត្រាណាតែមានសេចក្ដីលះបង់។ អំណាចនៃការសេចក្ដីលះបង់ គឺជាឥទ្ធិពលមួយដែលអាចនាំមនុស្សជាច្រើនឲ្យគោរព និងដើរតាម។ ខ្ញុំមានសំណួរឧទាហរណ៍ស្ដែងៗមួយ។ មូលហេតុអ្វីបានជាខ្ញុំមានស្មារតីដឹងគុណចំពោះមេដឹកនាំខ្មែរមួយចំនួនដែលមានការលះបង់ដោយសុទ្ធចិត្ត? ទាំងអស់នេះគឺជាអំណាចនៃសេចក្ដីពិតប្រាកដនិយមនិងការរៀបចំទស្សនវិស័យជាតិ។ ការលះបង់ដោយសុទ្ធចិត្ត គ្មានការចង់បានសំណង និងសេចក្ដីដឹងគុណពីជនម្នាក់ជាចដាច់ខាត ប៉ុន្តែស្មារតីដឹងគុណនោះផុសចេញដោយសុទ្ធចិត្ត និងស្វ័យប្រវត្តិ។ នេះគឺជាការលះបង់ដោយពិតប្រាកដ។
៣) មេដឹកនាំគឺជាមនុស្សដែលមានស្មារតីចំពោះការលះបង់ខ្លាំងពុំមានអ្វីផ្ទឹម។ កាលណាតែមានការលះបង់កាន់តែមានទទួលបានផលចំណេញកាលនោះ មេដឹកនាំគឺជាជនទី១ដែលលះបង់ដើម្បីខ្លាំង។ ពេលខ្លះយើងអាចនិយាយសើរៗថា “ការលះបង់ដែលចេញពីបេះដូង ឬក៏ពុំចេញពីបេះដូងប្រាកដពុំសំខាន់អ្វីឡើយសំខាន់មានអ្នកដែលហ៊ានលះបង់ឬអត់”។ ម្យ៉ាងយើងពុំនិយាយត្រង់ចំណុចសាសនា ពុំនិយាយត្រង់ចំណុចនៃរូបភាពអរូបីនៃសាសនានោះទេ ប៉ុន្តែយើងគិតអំពីប្រយោជន៍រួមជាធំ។ អ្នកណាដែលពុំហ៊ានលះបង់អ្វីមួយ អ្នកនោះក៏ពុំសាកសមចំពោះការទទួលបានអ្វីមួយដូចគ្នា។ លោក អាប់ឌុល កាឡាម (A. P. J. Abdul Kalam) បានពោលថា “ចូរយើងលះបង់នៅថ្ងៃនេះដើម្បីអនាគតកូនចៅយើងនៅថ្ងៃស្អែក”។ ការលះបង់គឺបានន័យថារៀបចំទស្សនវិស័យ។ រៀបចំទស្សនវិស័យបានន័យថា “លះបង់”។ អំណាចនៃការលះបង់នេះពិតជាធំធេងសម្រាប់មនុស្សជំនាន់ក្រោយ និងភាពរីកចម្រើនប្រកបដោយស្មារតីទំនួលខុសត្រូវ។
៤) លះបង់ខ្លួនមួយ ដើម្បីគ្រួសារមួយ។ លះបង់គ្រួសារមួយ ដើម្បីសហគមន៍មួយ។ លះបង់សហគមន៍មួយសម្រាប់ស្រុកទេមួយ។ ការលះបង់ពេលខ្លះគឺជាចរិតនៃការរៀបចំទស្សនវិស័យ។ គ្រប់មេដឹកនាំទាំងអស់ក្នុងលោកនេះ សុទ្ធតែជាបុគ្គលដែលមានការលះបង់ខ្ពស់ ហើយចំណែកភាពលះបង់ទាំងអស់នោះភាគច្រើនគឺសម្រាប់ប្រយោជន៍មនុស្សជំនាន់ក្រោយស្ទើរតែទាំងអស់។ ម្យ៉ាងសេចក្ដីលះបង់នៅត្រង់ណា ភាពរីកចម្រើនក៏នៅត្រង់នោះ ប្រៀបដូចជាដំណក់ទឹកនៅត្រង់ណា ត្រង់នោះប្រាកដជាមានសំណើមដូច្នោះ។ ការលះបង់ប្រៀបបានដូចជាការផ្ដល់សង្ឃឹម ហើយការផ្ដល់ក្ដីសង្ឃឹមបានន័យថាដឹកនាំប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត។ ត្រឡប់ក្រោយវីញបន្តិចស្មារតីនៃការលះបង់នេះ គឺជាចរិតរបស់អ្នកម្ដាយដែលមានការលះបង់សម្រាប់កូនៗ។ ស្មារតីមួយនេះ យើងគ្រប់គ្នាសុទ្ធសឹងតែធ្លាប់ទទួលបានទាំងអស់គ្នា។ ដូច្នេះភាពជាអ្នកដឹកនាំក្នុងន័យនេះអាចសម្គាល់ថា “មានស្មារតីលះបង់ប្រៀបដូចជាអ្នកម្ដាយ”។


