កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក
ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោលនយោបាយដំឡូងមី ឆ្នាំ២០១៨-២០២២។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលបានចងក្រងដោយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម សហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្ដានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។ ជាមួយគ្នានេះ កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។
ទន្ទឹមគ្នានេះ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខា លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ ៕
អត្ថបទដោយ៖ chheng Hout
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Business Cambodia

