​អ្នកក្រកាន់តែក្រ អ្នកមានក៏ក្រដែរ បើមិនប្តូរទម្លាប់ទាំង៤​នេះចេញទេ..

C
សព្វថ្ងៃនេះ​ អ្នកណាក៏ចង់ក្លាយជាអ្នកមាន។ ចង់មានឡាន មានផ្ទះ មានលុយដើរលេងសប្បាយ។ តែពួកគាត់ភ្លេចគិតថា «មានលុយកើតចេញពីការសន្សំ»។​ ថាអ្នកក្រទៅលំបាកក្លាយជាអ្នកមាន ចំណែកអ្នកខ្លះមានទ្រព្យ មានផ្ទះជួល មានដីជួល មានសណ្ឋាគារហើយក៏នៅតែខ្វះមិនគ្រប់ លំបាក ជំពាក់គេច្រើនជាងអ្នកក្រទៅទៀត។ ទាក់ទិនចំណុចនេះ លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បានលើកឡើងថា​៖«វាមានមូល​ហេតុមួយចំនួនដែល​ខំយ៉ាង​ណាក៏​វាមិន​មា​ន​ដែរ។ ហើយបើចង់មានទាល់តែដើរចេញពីទម្លាប់មិនល្អទាំងនេះទើបពីអ្នកក្រ ក្លាយជាអ្នកមាន ហើយពីអ្នកមាន ក៏​កាន់តែមាន។»​ ១-​ចំណាយច្រើនជាងចំណូល: ដឹងហើយថាប្រាក់ខែតិច​ ចំណូលមិនច្រើនទេ។ ដោយការសប្បាយភ្លើតភ្លើន វាមិនត្រឹមតែចំណាយច្រើនទេ​ ថែមទាំងខ្ចីលុយគេឯងជំវិញខ្លួន ទាំងដែលខ្លួនចាយប្រចាំខែមិនគ្រប់ផង តើបានប្រាក់ណាទៅសងគេរួច។ កុំចាយតាមចង់ ហើយបើចង់ត្រូវគិតមើលចំណូល។ ២-​របស់អត់សំខាន់កុំទិញ:  អត់លុយទេ តែចង់ប្រើសុទ្ធតែរបស់ប្រេនៗ។​ ចង់ហ៊ឺហារទាំងដែលខ្លួនឯងកំពុងរហេមរហាម។ កុំចង់តាមគេ កុំប្រៀបធៀបជីវិតយើងនិងគេ។​ ត្រូវប្រាកដថារបស់ដែលយើងទិញ សម្ភារៈដែលយើ​ងទិ​ញ​ វាពិត​ជាតម្រូវការសម្រាប់ការងារ សម្រាប់ជីវិតរស់នៅយើងមែនអត់។ អ្នកខ្លះទិញរបស់ព្រោះតែចង់ សប្បាយ ចង់ហ៊ឺហារ​​។ អត់សួរថា តើសម្ភារៈដែលទិញនឹង វាផ្តល់ប្រយោជន៍ស្តីខ្លះដល់យើង? គឺធ្វើឱ្យបាត់ប្រភពចំណូលដោយសារទិញរបស់មិនចំគោលដៅ។ ចង់មាន ត្រូវឆ្លាតក្នុងការចាយលុយ កុំចាយលើសម្ភារៈ ពីព្រោះវាអាចឱ្យជំពាក់បំណុលទាំងមិនដឹងខ្លួន។ ៣-​ចាយគ្មាន​គម្រោង​ច្បាស់លាស់: ឱ្យតែមានលុយក្នុងដៃ ចេះតែចង់ចាយ។ អត់ខ្វល់ថា វាចំគោលដៅ រឺមិនចំទេ។​ មុនហូតលុយចេញពី កាបូប គិតផង។ គេអ្នករកស៊ី ហូតលុយធ្វើអីម្តងៗ​ គេគិត គេមានផែនការថា លុយនេះត្រូវធ្វើអី ហើយបន្ទាប់ចាយទៅ តើបានអីមកវិញខ្លះ។ ឧទាហរណ៍៖ ខែក្រោយត្រូវទិញទូរស័ព្ទមួយគ្រឿង សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនជាដើម។ ឱ្យចំគោលដៅ មើលឱ្យឃើញ ថារបស់ណាវាជាអាទិភាពសម្រាប់យើង ចាំចំណាយ។ ៤-​មិនទម្លាប់សន្សំ និងបង្កើនប្រាក់ចំណូល: អ្នកមាន គេពូកែសន្សំ ហើយអ្នកក្រពូកែចាយ។ មិនថាចំណូលតិច រឺច្រើនទេ ដាច់ខាតត្រូវតែសន្សំ កុំចាំមាន ចាំសន្សំ។ អ្នកមានគេសន្សំពីក្រនឹងហើយ មិនមែនទាល់តែមាន បានមានទេ។ យើងត្រូវថ្លឹងថ្លែងថា ប៉ុន្មានភាគរយសម្រាប់ចាយលើម្ហូបអាហារ ភ្លើងទឹកជាដើម។ ហើយសល់ប៉ុន្មានអាចសន្សំបាន។ កុំបាន១០០ ចាយ២០០នោះ។ ជីវិតអ្នកគ្មានផ្លូវក្លាយជាអ្នកមានទេ។ ទម្លាប់ទំាង៤នេះ បើមិនកែ មានតែក្រ។ អ្នកក្រ​ កាន់តែក្រ ហើយអ្នកមានក៏ក្រដែរ បើមិនជៀស មិនប្តូរចេញទេនោះ៕![IMG_20181219_075849.jpg](https://serey.io/imageupload_data/c7818057b35807f4d6a02ffe6a3f125b004555ba)

Comments

sarith71
ត្រឹមត្រូវណាស់ អរគុណបងដែលបានចែករំលែកនៅទីនេះ
wondercury
បងគួរតែបញ្ជាក់ពីប្រភពដើមដែលបានយកមករំលែកបន្ត