ក្រោយលោក ត្រាំ កាន់អំណាចជិត២ឆ្នាំ ទីផ្សារភាគហ៊ុនអាមេរិកកើនឡើងខ្ពស់បំផុត
ខណៈដែលលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងតំណែងប្រធានាធិបតីអាមេរិកអស់រយៈពេលជិត ២ឆ្នាំទៅហើយនោះ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ បង្ហាញថា ទីផ្សារភាគហ៊ុន បានទទួលផលចំណេញក្នុងរយៈពេលជិត ២ឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កំណើនទីផ្សារភាគហ៊ុននេះ ជាលទ្ធផលកើតចេញពីឥទ្ធិពលនៃការកាត់បន្ថយពន្ធ និងការចេញគោលនយោបាយអនុគ្រោះដល់វិស័យពាណិជ្ជកម្មរបស់ក្រុមវិនិយោគិន។
តម្លៃភាគហ៊ុន S&P 500 នៅលើទីផ្សារភាគហ៊ុនទីក្រុងញូវយ៉ក បានកើនឡើង ២៨ភាគរយចាប់តាំងពីលោក ត្រាំ បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៦ រហូតមកដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃអង្គារនេះ។
សន្ទស្សន៍ភាគហ៊ុននេះ បានកើនឡើងខ្ពស់ហួសពីសន្ទស្សន៍ទីផ្សារភាគហ៊ុនក្នុងអំឡុងរដ្ឋការប្រធានាធិបតីអាមេរិកនានានៅក្នុងរយៈពេល ៦៤ឆ្នាំចុងក្រោយមកនេះ លើកលែងតែនៅក្នុងរដ្ឋការប្រធានាធិបតី លោក Dwight Eisenhower តែប៉ុណ្ណោះ ដែលសន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 បានកើនឡើង ២៩ភាគរយ ចាប់ពីតាំងលោកឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ១៩៥២ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៥៤។
ការដាក់ចេញនូវគោលនយោបាយកាត់បន្ថយការយកពន្ធលើក្រុមហ៊ុនឯកជន ដែលផ្ដួចផ្ដើមឡើងដោយលោក ត្រាំ នោះ បានជំរុញចំណូលរបស់ក្រុមហ៊ុនឯកជនអាមេរិក និងជួយលើកស្ទួយវិស័យបច្ចេកវិទ្យាធំៗរបស់អាមេរិកផងដែរ។
គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កាលពីឆ្នាំមុន បានសម្រេចអនុម័តច្បាប់កែប្រែប្រព័ន្ធពន្ធអាមេរិកយ៉ាងធំ ដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដែលវាបានជំរុញដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនឯកជនអាមេរិក៕

