ស្ងាត់ៗ Facebook នឹកឃើញវិធីកើបលុយមួយបែបទៀតពី Messenger

កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្រុមហ៊ុន Facebook បានប្រកាសពីការដាក់ឲ្យវីដេអូផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី Messenger ដំណើរការដោយស្វ័យប្រវត្តិ។ បើតាមក្រុមហ៊ុន មុខងារនេះធ្វើឡើងមក ដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី Facebook Messenger មកចាប់អារម្មណ៍ នឹងពាណិជ្ជកម្មរបស់ខ្លួនជាងមុន។
ក្រុមហ៊ុន Facebook បានចាប់ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មលើកម្មវិធី Facebook Messenger តាំងតែពីខែកក្កដាឆ្នាំមុនមកម៉្លេះ ដោយវាមានលក្ខណៈដូចជាផ្ទាំងផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram ដូច្នោះដែរ។ ការដាក់ឲ្យវីដេអូដំណើរការដោយខ្លួនឯងនៅលើកម្មវិធី Facebook Messenger នេះ នឹងដំណើរការចំពោះគណនីអ្នកប្រើប្រាស់មួយចំនួនជាមុនសិន មុននឹងវាមានចេញជាផ្លូវការជុំវិញពិភពលោក។
បន្ថែមពីលើនេះ ក្រុមហ៊ុន Facebook បានសរសេរនៅក្នុងគេហទំព័ររបស់ខ្លួនថា “បើតាមក្រុមហ៊ុនស្ទង់មតិធំៗក្នុងលោកទាំង ៨ មានមនុស្សពេញវ័យជាង ៨០ភាគរយ ដែលប្រើប្រាស់កម្មវិធីផ្ងើសារប្រចាំថ្ងៃ ហើយក្នុងនោះកម្មវិធី Facebook Messenger និង Whatsapp គឺជាកម្មវិធី ដែលមានអ្នកប្រើប្រាស់សកម្មច្រើនជាងគេបំផុត។
ប៉ុន្តែមិនជាថ្វីឡើយ ក្រុមហ៊ុន Facebook បានបញ្ជាក់សម្រាប់អ្នកមិនចង់ឃើញពាណិជ្ជកម្មទាំងនេះ អាចបិទផ្ទាំងពាណិជ្ជកម្មណាមួយលើ Facebook ដែលខ្លួនមិនចង់ឃើញដោយជ្រើសយក “Why am I seeing this Ad” ដោយលោក Mark Zuckerberg បានឲ្យក្រុមហ៊ុនបញ្ចេញមុខងារនេះផ្ទាល់ ដើម្បីស្ដារមុខមាត់ក្រុមហ៊ុនឡើងវិញ ក្រោយពីជួបរឿងអាស្រូវបែកធ្លាយទិន្នន័យ អ្នកប្រើប្រាស់ជាង ៨៧ លានគណនី ដល់ដៃក្រុមហ៊ុន Cambridge Analytica រួចមក។ មុខងារនេះក៏នឹងត្រូវប្រើលើ Facebook Messenger ដែរ គ្រាន់តែវាមិនអាចកំណត់ឲ្យបិទម្ដងទាំងពីរបានព្រមគ្នាតែប៉ុណ្ណោះ។

