យុវជនខ្មែរ បង្កើតបានក្បាលមនុស្សយន្ត AI អាចនិយាយគ្នាបាន

ប្រធានក្រុមបង្កើតមនុស្សយន្ត លោក សុភ័ណ វោហា វោហា បានឲ្យ Sabay ដឹងថា មនុស្សយន្ត AI នេះមានឈ្មោះថា Robocam។ វាកើតចេញជារូបរាងត្រឹមតែរយៈពេលតែជាង ១ ខែប៉ុណ្ណោះ។ វាដំណើរការអាស្រ័យដោយ Google API អាចឆ្លើយឆ្លងសំនួរ អាចចងចាំមុខមនុស្សបាន(Face recognition) អាចចងចាំការបង្រៀនផ្សេងៗ និងអាចប្រាប់ពីពេលវេលា ថ្ងៃខែឆ្នាំ និងអាកាសធាតុបាន។
ចំពោះដំណើរការវិញ Robocam ដំណើរការដោយម៉ូទ័រលំងាក់មុំ (Servo motor) ប្រព័ន្ធប្រតិបត្តិការ (MCU & CPU) កាមេរ៉ា (Camera) PLA 3D printer material សម្ភារៈអេឡិចត្រូនិច (Electronic components) មានប្រភពថាមពល ១២វ៉ុល។
លោកបន្តថា "រ៉ូប៉ូតនេះ ពួកយើងមិនទាន់ធ្វើវាចប់ ១០០ ភាគរយទេ ធ្វើហើយត្រឹមតែក្បាលបន្តិចប៉ុណ្ណោះ តែយ៉ាងណា វាអាចនិយាយឆ្លងឆ្លើយជាមួយមនុស្សបានជាភាសាខ្មែរ និងអង់គ្លេស។"
មនុស្សយន្ត Robocam
វោហា បានបន្ថែមថាគោលបំណងដែលបង្កើតរ៉ូប៉ូតនេះឡើង ចង់បង្ហាញថា យុវជនខ្មែរក៏មានសមត្ថភាពអាចបង្កើតមនុស្សយន្ត AI ដូចទៅនឹងប្រទេសជឿនលឿនផ្សេងៗដែរ ចង់បង្ហាញអំពីបច្ចេកវិទ្យាស្វ័យប្រវត្តិ ជាពិសេសចង់ដឹងពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធ AI ដែលគេប្រើសម្រាប់សម្រួលដល់ការប្រើប្រាស់ជំនួសបុគ្គលិកផ្ដល់ព័ត៌មាន។
ប្រធានក្រុមបង្កើតមនុស្សយន្ត Robocam បានបន្ថែមថា រ៉ូប៉ូត AI នេះចេញជារូបរាងបានដោយសារសមាជិកផ្សេងៗដូចជាលោក ជ្រីន ជីវ៉ា ជាអ្នកសរសេរកម្មវិធីឲ្យរ៉ូប៉ូត កែវ មនោរម្យ ជាមេកាតិចនិក (មេកានិច+អេឡិចត្រូនិក) និងលោក ហ៊ន ម៉េងហ័ង ជាអ្នករចនាបន្ទះឈីបធ្វើរ៉ូប៉ូត ដែលពួកគេសុទ្ធតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអគ្គិសនី និងអេឡិចត្រូនិក មកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
ត្បិតថា សម្រេចបានប៉ុណ្ណោះ តែក្រុមរបស់លោកជួបឧបសគ្គច្រើន ព្រោះក្រៅពីសាលាជួយជា(ម៉ាស៊ីនព្រីន 3D) និងសម្ភារៈផ្សេងៗ ពួកគេនៅខ្វះខាតថវិកាច្រើនសម្រាប់បន្តដំណើរទៅមុខទៀត។ យ៉ាងណាក្ដី ក្រុមយុវជនដែលមានមហិច្ឆតាធំក៏មិនបោះបង់ពោលគឺ គ្រោងនឹងភ្ជាប់ជាមួយដៃ ជើង និងតួខ្លួនដើម្បីឲ្យចេញជារូបរាងមនុស្សតែម្ដង៕

