
ខណៈ Bitcoin ក្លាយជារូបិយប័ណ្ណឌីជីថលលេខមួយលើពិភពលោក អ្នកខ្លះថា យើងគួរវិនិយោគលើវា អ្នកខ្លះថា Bitcoin បានបង្កឲ្យមានគ្រោះថ្នាក់ហិរញ្ញវត្ថុ អ្នកខ្លះក៏បានលើកឡើងថា វិនិយោគជាមួយ Bitcoin ពេលណាក៏បាន ឲ្យតែអ្នកត្រៀមខាតលុយរួចជាស្រេច តែបើងាកមកអតីតមហាសេដ្ឋីមានបំផុតលើលោកវិញ លោក Bill Gates លើកឡើងថា “ទោះយ៉ាងណា Bitcoin នៅតែល្អជាងលុយ” ។ត្រឡប់ទៅរកឆ្នាំ ២០១៤ មហាសេដ្ឋីរូបនេះធ្លាប់លើកឡើងថា “ Bitcoin ល្អជាងលុយ ព្រោះវាមិនខ្វល់ថាអ្នកនៅទីណាទេ វាធ្វើប្រតិបត្តិការធំ ហើយក៏ស្រួលចាយជាងលុយដែរ” ។
ជាក់ស្តែងអ្នកណាក៏ដឹងថាដែរថា Bitcoin អាចទិញទំនិញបានដោយមិនបាច់មានភាគីកណ្តាល មានន័យថាអ្នកមិនចាំបាច់ធ្វើការជាមួយធនាគារទៀតទេ ខណៈដែលប្រព័ន្ធធនាគារតាមបែបបុរាណទាមទារថ្លៃប្រតិបត្តិការខ្ពស់ ចំណែក Bitcoin ទារថ្លៃសេវាទាប តែប្រតិបត្តិការធំ ។
ទោះបីជាមានការអះអាងថា Bitcoin ល្អជាងលុយក៏ពិតមែន តែមិនមែនមានន័យថា លុយឌីជីថលអាចជំនួសក្រដាសលុយដែលយើងចាយរាល់ថ្ងៃទេ ខណៈដែលលោក Bill Gates បានបញ្ជាក់ថា លុយឌីជីថលក៏ដូចជា Bitcoin គ្រាន់តែជាបច្ចេកវិទ្យា ដែលជួយឲ្យការចាយលុយឆ្លងប្រទេសកាន់តែមានការងាយស្រួលប៉ុណ្ណោះ ហើយតម្លៃសេវាកម្មកាន់តែថោកជាងមុន ។
លោកក៏បានបញ្ជាក់ថា មិនមែន Bitcoin ជាប្រព័ន្ធចាយលុយដែលលេចធ្លោជាងគេទេ បើយើងមើលការវិវត្តន៍របស់វា Bitcoin តែឯងមិនទាន់ល្អគ្រប់គ្រាន់ទេ ជាក់ស្តែងសព្វថ្ងៃ Bitcoin កំពុងធ្លាក់ចូលទៅក្នុងបញ្ហាមួយចំនួន ដូចជាប្រតិបត្តិការដើរយឺត តម្លៃសេវាកម្មចាប់ផ្តើមកើនឡើងជាដើម ។
ជាមួយគ្នានេះអ្នកជំនាញផ្សេងទៀតដូចជាលោក Kevin O’Leary អ្នកវិនិយោគក្នុងកម្មវិធី Shark Tank ក៏បានលើកឡើងថា Bitcoin មិនមែនជាប្រព័ន្ធចាយលុយដែលលេចធ្លោទេ វាមិនមានអ្វីស្ថិតស្ថេរទេ វាអាចឡើង ក៏អាចធ្លាក់ចុះដូចគ្នា ហើយអ្នកប្រឡូកជាមួយវាត្រូវតែប្រឈមបញ្ហាទាំងនេះ ។
លោកបន្ថែមថា យើងពិបាកប៉ានស្មានណាស់ថាវាមានទំហំឡើងចុះប៉ុន្មាន ប៉ុន្តែយើងត្រូវមានវៃឆ្លាតនិងប្រុងប្រយ័ត្នក្នុងការវិនិយោគជាមួយវា ហើយដោយសារការប្រែប្រួលវាពិបាកធ្វើឲ្យយើងសម្រេចថាមានរឿងអ្វីកើតឡើង ។
វាពិតជាពិបាកកាត់សេចក្តីថាវាល្អឬមិនល្អ ខណៈដែលមានអ្នកលើកឡើងវិជ្ជមានបែបនេះ អ្នកខ្លះក៏លើកឡើងអវិជ្ជមានពីវាផងដែរ ដូចច្នោះបើអ្នកចង់យល់ពីវាអ្នកគួរតែសាកខ្លួនឯង តែមិនបាច់ទិញច្រើនពេកទេ ទិញតែមួយចំណិត Coin ក៏បានដែរ ។

