គន្លឹះ៣ ធ្វើឲ្យមនុស្សម្នាក់ មានសេរីភាពហិរញ្ញវត្ថុ

C
chanpisey
https://business-cambodia.com/wp-content/uploads/2018/03/8900e0cc0c4ad1b72726615b73529dbd.i750x448x519-696x416.jpeg លុយកាក់ពិត ជាមានសារសំខាន់ ណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះការរស់នៅ ប្រចាំថ្ងៃ ពួកគេត្រូវការលុយក្នុងការចំណាយលើរឿងផ្សេងៗជាច្រើន ដូចជា ការហូបចុកជាដើម។ ចំពោះយុវជនវ័យក្មេងគួរស្វែងរកផ្លូវមួយសម្រាប់ខ្លួនឯង ដើម្បីធ្វើយ៉ាងណា​ឲ្យមានសេរីភាពហិរញ្ញវត្ថុ រស់នៅមិនរងសម្ពាធនៃលុយកាក់។ បើតាមសម្ដីរបស់ លោក​ ង៉ែត​ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏មានប្រជាប្រិយភាពមួយរូបបានបង្ហើបពីចំណុចគន្លឹះ៣ ធ្វើឲ្យ មនុស្សម្នាក់ទទួលបានសេរីភាពហិរញ្ញវត្ថុ ឬរំដោះខ្លួនចេញពីទាសភាពហិរញ្ញវត្ថុក្នុងវ័យក្មេង៖ ១. ពេលអ្នកកំពុងធ្វើការឲ្យគេ និងធ្វើការដើម្បីប្រាក់ខែ នោះអ្នកគួររៀបចំផែនការសម្រាប់ខ្លួនឯង និងរៀនសូត្រពីវិធីប្រើប្រាស់ទ្រព្យដើម្បីបង្កើតទ្រព្យ(វិនិយោគ) និងរបៀបប្រើមនុស្ស។​ ចំពោះការវិនិយោគ លោក ង៉ែត ជូ បានលើកឡើងថា យុវជនគួរវិនិយោគលើអ្វីដែលត្រូវនឹងជំនាញរបស់ខ្លួន​ និងអ្វីដែលជាចំណងចំណូលចិត្តរបស់ខ្លួន។​ ទាក់ទងនឹងចំណុចនេះលោកបន្ថែមថា យុវជនមួយចំនួនឈប់ធ្វើការឲ្យគេ ហើយងាមកវិនិយោគ ព្រោះវិនិយោគអាចរកប្រាក់ចំណូលបានច្រើន​ តែផ្ទុយទៅវិញពួកគេ​ មិនបានវិនិយោគលើអ្វីដែលជាចំណងចំណូលចិត្តនោះទេ ហើយអាចទទួលរងនូវសម្ពាធ ខណៈការវិនិយោគដែលខ្លួនកំពុងធ្វើមិនមែនចំណង់ចំណូលចិត្តតែធ្វើ ព្រោះចង់បានចំណូលច្រើន។ ២. ន្ទឹមនឹងពេលធ្វើការអោយគេ និងធ្វើការដើម្បីប្រាក់ខែ អ្នកត្រូវធ្វើខ្លួនជាម្ចាស់ខួរក្បាលដោយមិនអនុញ្ញាតអោយខួរក្បាលបំរើគេដែរនោះទេ។ មានភាពម្ចាស់ការ មិនផ្តេកផ្តួលវាសនាតាមកុងត្រាការងារឡើយ។ នៅក្នុងចំណុចនេះ លោកបានសង្កត់ធ្ងន់ថា ថ្វីត្បិតតែអ្នក ធ្វើការឲ្យគេ ធ្វើការដើម្បូប្រាក់ខែ ទាំងខ្លួននៅក្មេងក៏ពិតមែន តែអ្នកត្រូវមានគោលដៅឬចក្ខុវិស្ស័យ ថាអនាគតលោកអ្នកចង់ធ្វើអ្វី។ លើសពីនេះ អ្នកដឹងថា ការងារដែលអ្នកកំពុងធ្វើនេះតើ វាបានចូលរួមចំណែកឲ្យអ្នកកសាងសងសមត្ថភាពរបស់អ្នកដែរឬទេ។​ ចៀសវាង ធ្វើការទៅតាមកុងត្រាកំណត់ ឬធ្វើការតាមតែអ្វីដែលមេដាក់ឲ្យ យុវជនគួរតែចេះច្នៃ ការងារ ដែលផ្ដល់ប្រយោជន៍ដល់ការកសាងសមត្ថភាពរបស់ខ្លួនដើម្បីជាមេរៀនសម្រាប់ថ្ងៃអនាគត។ ៣. ថ្វីបើខ្លួនធ្វើការបំរើគេ និងដើម្បីប្រាក់ខែ ប៉ុន្តែសូមកុំធ្វើការដើម្បីបំរើសម្ភារៈ (ឬហៅថាអោយរង្វាន់ខ្លួនឯងតាមរយៈការទិញសម្ភារៈថ្លៃៗ) ជាដាច់ខាត។ ការធ្វើការ បានលុយហើយយកលុយមកទិញសម្ភារ ដើម្បីផ្ដល់រង្វាន់សម្រាប់ខ្លួននូវការខំប្រឹងប្រែងធ្វើការនេះ វាមិនមែនជាចំណាយលុយមានសិទ្ធភាពឡើយ ហើយមិនមែនជាការចំណាយដោយឆ្លាតវៃនោះដែរ។ ផ្ទុយទៅវិញ កាលណាអ្នកធ្វើការឲ្យគេ ហើយយកលុយមក ទិញសម្ភារផ្ដល់ជារង្វាន់សម្រាប់ខ្លួន នោះគ្មានថ្ងៃទទួលបានសេរីភាពហិរញ្ញវត្ថុឡើយ ព្រោះពេលបានលុយអ្នកតែងចំណាយលើសម្ភានិយម មិនគិតយកលុយទុកសន្សំសម្រាប់ការពារពេលមានអាសន្នឬ យកលុយទៅវិនិយោគ៕

Comments