អាជ្ញាធរ​មូលដ្ឋាន​​ខេត្ត​រតនគិរី​

buntheng
អាជ្ញាធរ​មូលដ្ឋាន​​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស ![](https://serey.io/imageupload_data/94c179e6a48968b27f6335c225e6aa9e37ad02d7) ទំហំ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​ជាង ២០០​ហិកតារ ឋិត​នៅ​តំបន់​ភ្នំ​អាត ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី រង​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ខ្លាំងក្លា។ អ្នកភូមិ​ចោទ​មន្ត្រី ឃុំ​សេដា និង​ភូមិ​សមុទ្រ​ក្រោម​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ កាប់​ទន្ទ្រាន​ព្រៃ​នៅ​តំបន់​នោះ​លក់​ជា​ថ្មី​ទៀត។ ជនជាតិ​ដើម​ភាគតិច​ទំពូន​រស់នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ទាមទារ ឲ្យ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ ស្វែងរក​អ្នក​កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មក​ទទួលខុសត្រូវ ចៀសវាង​ទម្លាក់កំហុស​លើ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​ព្រៃឈើ ថា​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​ទៅវិញ។ ជនជាតិ​ដើម​ភាគតិច​ទំពូន និង​ជាដើម​បណ្ដឹង លោក ឆន ផល្លា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ តុលា​ថា ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយ​ប្រមាណ​ជាង ២​រយ​ហិកតារ ឋិត​នៅ​តំបន់​ភ្នំ​អាត ដែល​សហគមន៍​ចង់​ថែរក្សា​បែប​ប្រពៃណី កំពុង​ទទួលរង​ការ​កាប់ឆ្ការ​យក​ដី ជា​សម្បត្តិ​បុគ្គល អស់​ជាង ១០​ហិកតារ​ថ្មី​ទៀត។ លោក​ថា កម្មករ​ប្រមាណ ៣០នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ត្រាក់ទ័រ​ពីរ​គ្រឿង ត្រូវ​បាន​អ្នកភូមិ​ប្រទះឃើញ ឈ្មួយ​ឆាយ​ព្រៃ​នៅ​តំបន់​នោះ នៅ​ពេល​ថ្មីៗ​នេះ។ លោក​បន្ថែម​ថា សកម្មភាព​កាប់​ទន្ទ្រាន​នោះ ក្រុម​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ថែម​កម្លាំង​សន្តិសុខ​យាមល្បាត​ប្រុងប្រយ័ត្ន ដោយ​រឹតត្បិត​មិន​ឲ្យ​អ្នកភូមិ​ចេញចូល​តំបន់​នោះ៖ «អ្នក​កាប់​លើ​ភ្នំ​មាន​គ្នា ៣០​នាក់ ដោយ​មាន​មេភូមិ មេឃុំ និង​មេ​សហគមន៍​ឲ្យ​កម្មករ​ទៅ​កាប់។ សន្តិសុខ ២០​នាក់ យាម​តាម​ផ្លូវ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ចូល​ទៅ»។ លោក ឆន ផល្លា បន្ត​ថា មេភូមិ​សមុទ្រ​ក្រោម​លោក ខាំផ សាវ៉ាត និង​មេ​សហគមន៍​បាន​ប្រជុំ​ពលរដ្ឋ ជាង ១​រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ ឋិត​នៅ​តំបន់​ភ្នំ​អាត ដោយ​ក្នុង​មួយ​ហិកតារ​មានតម្លៃ​ចាប់ពី ២៥០​ដុល្លារ​ទៅ។ លោក​ថា អ្នកភូមិ​ខ្លះ​មិន​សុខ​ចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​នេះ បាន​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មី​ទៀត ទៅ​សាលាដំបូង​ខេត្ត​រតនគិរី បំណង​ឲ្យ​ស៊ើបអង្កេត​បន្ទាន់ ទៅលើ​សកម្មភាព​ទិញ​លក់​ដី ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​បំពាន​ច្បាប់ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «ចង់​អស់ហើយ​ព្រៃឈើ បើ​វៀតណាម​កាប់​រំលំ​ដើមឈើ​ធំៗ កាលពី​ខ្ញុំ​ដាក់​បណ្ដឹង​អាជ្ញាធរ ៧​រូប ដែល​មិន​ទប់ស្កាត់​បទល្មើស ក្នុង​ពេល​ហ្នឹង​វៀតណាម​ដឹក​ឈើ​ទាំង​យប់​ថ្ងៃ។ ខ្ញុំ​មាន​ឯកសារ​ដែល​គាត់​លក់​ព្រៃ​ឲ្យ​វៀតណាម»។ ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​សមុទ្រក្រោម លោកស្រី ស្រាង មឿន បារម្ភ​ថា ប្រសិនបើ​ព្រៃឈើ​នៅ​តំបន់​ភ្នំអាត ត្រូវ​បាន​វិនាស​អន្តរាយ ទាំងស្រុង​នឹង​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កន្លែង​ស្នាក់​អាស្រ័យ​បែប​ប្រពៃណី និង​ជីវភាព​រស់នៅ​ជនជាតិ​ដើម​ភាគតិច។ លោកស្រី​បន្ថែម​ថា អ្នកភូមិ​ប្រទះឃើញ​មន្ត្រី​បរិស្ថាន ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​ជា​ញឹកញាប់​នៅ​តំបន់​នោះ ក៏​ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព ក្រោយ​ពេល​ដែល​មន្ត្រី​ទាំងនោះ ត្រឡប់​មកវិញ គឺ​ឈ្មួញ​សម្រុក​កាប់​ព្រៃ​ដដែល។ លោកស្រី​ថា អ្នកភូមិ​ចង់​រក​ឲ្យ​ឃើញ​អ្នក​ពាក់ព័ន្ធ​កាប់​រាន ព្រៃ​មក​ទទួលខុសត្រូវ ពីព្រោះ​ពួកគេ​សង្ស័យ​ទៅលើ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ រួម​ជាមួយ​សមាជិក​សហគមន៍​ខ្លះ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​រដ្ឋ​លក់​ខុសច្បាប់៖ «រក​ឈើ​ក៏​អត់​មាន​កន្លែង​រក អត់​មាន​កន្លែង​រកស៊ី។ អត់​មាន​ទេ​កន្លែង​រកស៊ី បើ​គេ​យក​ទស់​ហើយ»។ អាស៊ីសេរី​មិន​អាច​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធឿ​ង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ តុលា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ រីឯ​មេភូមិ​សមុទ្រ​ក្រោម លោក ខាំផ សាវ៉ាត បដិសេធ​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​ពាក់ព័ន្ធ​ការ​លក់​ដី​ព្រៃ និង​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​ភ្នំអាត​ទេ៖ «គេ​ចោទ​ក៏​ចោទ​ទៅ អញ​ឆ្ងល់​ថា ខ្ញុំ​គ្រប់គ្រង​បាន​ដឹង បែរជា​ដឹង​ទៅ​ដឹង​អាស៊ីសេរី​នៅ​អាមេរិក អ៊ីចឹង​ជិះ​យន្តហោះ​មក​មើល​បាន​ល្អ កុំ​ឲ្យ​គ្នា​ទៅវិញទៅមក»។ ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី លោក សាន សានី ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ពី​មន្ត្រី​បរិស្ថាន​ទទួល​ដំណឹង​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​នោះ លោក​បាន​ចាត់​កម្លាំង​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​នៅ​ទីនោះ កាលពី​ថ្ងៃទី៣ តុលា កន្លង​ទៅ ។ លោក​ថា មន្ត្រី​បរិស្ថាន​នៅ​មិន​ទាន់​ឃាត់ខ្លួន​ជនសង្ស័យ​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ ខណៈ​ឆ្មាំ​អភិរក្ស​ចុះទៅ​ស៊ើបអង្កេត គឺ​ជនល្មើស​រត់​គេចខ្លួន​បន្សល់ទុក​វត្ថុ​តាង​មួយ​ចំនួន។ លោក​ថា មន្ត្រី​ជំនាញ នៅ​បន្ត​ស៊ើបអង្កេត​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់ ក៏ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច៖ «យើង​ទទួល​ព័ត៌មាន​បាន​ភ្លាម​យើង​សហការ​ភ្លាម ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក។ យើង​ចុះ​ទៅ​ខាង​ជនល្មើស​ផ្អើល​បាត់​ហើយ មិនមែន​ជិត​ណា​ផ្លូវ យើង​ចាប់​បានតែ​ប្រេង»។ កាលពី​ចុងខែ​កក្កដា ឆ្នាំ២០១៧ ជនជាតិ​ដើម​ភាគតិច​ទំពូន រស់នៅ​ភូមិ​សមុទ្រ​ក្រោម រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​មូល​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ចំណុច​ភ្នំអាត ដែល​មេភូមិ​ឈ្មោះ ខាំផ សាវ៉ាត និង​ប្រធាន​សហគមន៍​លោក ថាន់ ម្ហើល បាន​ផ្ដិតមេដៃ លើ​កិច្ចសន្យា​លក់​ឈើ​​មូល ក្នុង​ព្រៃ​នោះ ទៅ​ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម ក្នុង​តម្លៃ ១ម៉ឺន ៥​ពាន់​ដុល្លារ។ ក្រោយ​ពី​រក ឃើញ​ឯកសារ​នេះ អ្នកភូមិ​មួយ​ក្រុម បាន​ដាក់​ពាក្យបណ្ដឹង​រឿង​នេះ ទៅ​អាជ្ញាធរ​ជំនាញ និង​តំណាង​អយ្យការ​ខេត្ត​រតនគិរី ច្រើន​ខែ​មក​ហើយ តែ​មក​ទល់​ពេល​នេះ គ្មាន​លទ្ធផល។ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ ខេត្ត​រតនគិរី លោក ឌិន ខន្នី អង្កេត ឃើញ​ថា មក​ទល់​ពេល​នេះ អ្នកភូមិ​បាន​ដាក់​បណ្តឹង​បរិហារ ទៅ​សាលាដំបូង ខេត្ត​រតនគិរី ៣​ករណី​មក​ហើយ តែ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ចំណាត់ការ​ផ្លូវច្បាប់​នៅឡើយ រីឯ​ព្រៃឈើ​នៅតែ​រង​ការ​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់​ថា បណ្ដឹង​របស់​ពលរដ្ឋ​គឺជា​រឿង​ត្រឹមត្រូវ បំណង​លប់​បំបាត់​បទល្មើស​ព្រៃឈើ ដែល​លោក​ទាមទារ ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​បន្ទាន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ ដែល​ជា​ផ្នែក​មួយ​រួមចំណែក​ការពារ​ធនធានធម្មជាតិ​ផង។ លោក​បារម្ភ​ថា ការអនុវត្ត​ច្បាប់​ធូររលុង គឺជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​ព្រៃ​អភិរក្ស​វិនាស​អន្តរាយ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់៖ «កន្លង​ទៅ​យើង​ឃើញ​ថា មាន​មន្ត្រី​បរិស្ថាន ចេញ​ពី​ក្រសួង​ទៅ​ចុះ​ស៊ើបអង្កេត​រួច​ហើយ តែ​មិន​ឃើញ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ផ្ទាល់។ នេះ​ហើយ​អត់​ឃើញ​ថា អត់​មាន​ប្រសិទ្ធភាព។ ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​មន្ត្រី​របស់​ខ្លួន​ផង ដែល​ស៊ើបអង្កេត​រួច តែ​បទល្មើស​នៅតែ​កើតឡើង​ដដែល»។ ពលរដ្ឋ​ភូមិ​សមុទ្រ​ក្រោម​រំឭក​ថា ក្នុង​ចន្លោះ​ឆ្នាំ២០១៦ ដល់​ពាក់​កណ្ដាល ឆ្នាំ​២០១៧ ឈើ​មូល​នៅ​តំបន់​ភ្នំអាត រាប់ពាន់​ដើម ត្រូវ​គេ​អារ​រំលំ និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ អ្នកភូមិ​សមុទ្រ​ក្រោម​បន្ថែម​ថា មក​ទល់​ពេល​នេះ​ឈើ​មូល​ធំៗ នៅ​តំបន់​ភ្នំ​អាត​ដែល​ជា​ជម្រក​សត្វព្រៃ​រស់​នៅ ត្រូវ​គេ​កាប់​លក់​អស់ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​ឈ្មួញ​កំពុង​សម្រុក​កាប់​ទន្ទ្រាន​យក​ដី ឋិត​នៅ​លើ​ភ្នំ​អាត​ទាំងមូល និង​ជុំវិញ​ចង្កេះភ្នំ រហូតដល់​ភ្នំ​ហើល៕