អត្ថបទអប់រំ

buntheng
អត្ថបទអប់រំ៖ #មិត្តភាពពិតប្រាកដ #មិនត្រូវការសម្តីពិរោះពិសារនោះទេ! រសៀលមួយ មានពពែមួយក្បាលកំពុងរត់លេងលើជំរាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ។ • ពពែខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឲ្យមិត្តភក្រ័មកជួយ… • គោ ក្រឡេកទៅឃើញចចក ក៏រត់បាត់ទៅ។ • សេះ ឱនមើលឃើញចចក ក៏ដាក់មេផាយបាត់ទៅ។ • សត្វលា បានឈប់បន្តិច ដឹងថាមានចចក ក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ។ • ជ្រូក ដើរកាត់ គ្រាន់តែឃើញចចក បោលចុះពីភ្នំបាត់ទៅ។ • ទន្សាយ គ្រាន់តែស្តាប់ឮថាមានចចក រត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ។ • ឆ្កែនៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់ក ចចក។ ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។ ៚ពពែត្រឡប់ដល់ផ្ទះវិញ មិត្តភ័ក្រ្តទាំងអស់បានមកសួរសុខទុក្ខ។ – គោនិយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឲ្យធ្លាយចេញពោះវៀនមកក្រៅបានណា! – សេះថា៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឲ្យធ្លាយខួរបានណា! – សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឲ្យវាភ័យបែកប្រមាត់បានណា! – ជ្រូកថា៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឲ្យរមាលធ្លាក់ពីលើភ្នំបានណា! – ទន្សាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឲ្យបងប្អូនយើងដឹងបានណា! ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែទេដែលនៅស្ងៀមមិនចេញស្តី​អ្វី​ទាំង​អស់។ គំនិតអប់រំ៖ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីពិរោះនោះទេ ប៉ុន្តែនៅពេលដែលចាំបាច់គឺជាអ្នកហុចដៃចាំជួយទាញអ្នកនោះហើយ អ្នកដែលធ្វើឲ្យអ្នកសប្បាយចិត្តរាល់ថ្ងៃខ្លះក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់អ្នកឡើយ៕ ![](https://serey.io/imageupload_data/4062d969d7873345ba40009fb6a2e3fb97ba9146)

Comments