ប្រាក់ដុល្លារកាន់តែរឹងមាំខណៈដែលធនាគារកណ្តាលរក្សាការតំឡើងអត្រាការប្រាក់
ប្រាក់ដុល្លារបានកើនឡើងធៀបនឹងរូបិយប័ណ្ណសំខាន់ៗរបស់ខ្លួន នៅថ្ងៃសុក្រ ខណៈដែលធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ថេរ ប៉ុន្តែវាបានបញ្ជាក់សារជាថ្មី នូវគោលជំហរតឹងតែងរូបិយវត្ថុរបស់ខ្លួន ដោយបានបង្កើតដំណាក់កាលសម្រាប់ការតំឡើងអត្រាការប្រាក់នៅក្នុងខែធ្នូរខាងមុខ។
ការកើនឡើងនៃតម្រូវការមានការដើរថយក្រោយនៅក្នុងពាណិជ្ជកម្មសកលលោក បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងរបស់ Wall Street ក្នុងសប្តាហ៍នេះបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលរបស់អាមេរិក បានបង្កើតការភ្ញាក់ផ្អើលផ្នែកនយោបាយដ៏សំខាន់ សម្រាប់វិនិយោគិនជាច្រើន។
នៅក្នុងទីផ្សារប្តូររូបិយប័ណ្ណក្រៅប្រទេស បច្ចុប្បន្ន ទាក់ទាញការយកចិត្តទុកដាក់របស់វិនិយោគិន កំពុងវិលត្រឡប់ទៅរកភាពខុសគ្នា រវាងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និង ប្រទេសសេដ្ឋកិច្ចធំ ៗក្នុងពិភពលោក ដូចជាប្រទេសជប៉ុន ដែលអត្រាការប្រាក់ត្រូវបានគេមើលឃើញថា ស្ថិតនៅទាបបំផុត។
ជាលទ្ធផលប្រាក់យ៉េននៅតែរក្សានៅកម្រិតទាបរយៈពេល 5 សប្តាហ៍ធៀបនឹងប្រាក់ដុល្លារ។
ធនាគារកណ្តាលអាមេរិកបានបង្កើនអត្រាគោលនយោបាយសំខាន់របស់ខ្លួន 3 ដងក្នុងឆ្នាំនេះ ហើយទីផ្សាររំពឹងថា ការតំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែធ្នូ ដោយសារសេដ្ឋកិច្ចអាមេរិករឹងមាំ កំណើនអតិផរណា និង កំណើនការងាររឹងមាំខ្លាំង។
គណៈកម្មការអឺរ៉ុប (The European Commission) បានព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលីនឹងកើនឡើងយឺត ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ បើធៀបនឹងទីក្រុងរ៉ូម ដែលធ្វើឱ្យឱនភាពថវិការបស់រដ្ឋាភិបាលមានកម្រិតខ្ពស់ជាងអ៊ីតាលី។
ភាពទាល់ច្រករវាង អ៊ឺរ៉ុប និង ទីក្រុងរ៉ូម លើបញ្ហាឱនភាពថវិការបស់អ៊ីតាលីជាមួយ ការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចយឺតរបស់អឺរ៉ុប បានធ្វើឱ្យប្រាក់អឺរ៉ូធ្លាក់ចុះជាង 4,2 % ធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល 6 ខែចុងក្រោយនេះ។
ប្រាក់ផោនអង់គ្លេសបានផ្លាស់ប្តូរនៅតម្លៃ 1.3062 ដុល្លារ នៅថ្ងៃសុក្រ ដោយបានជួញដូរក្នុងកំរិតខ្ពស់ជាងប្រាក់ដុល្លារ។ ប្រាក់ផោនបានកើនឡើង 2,3 % ធៀបនឹងប្រាក់ដុល្លារកាលពីខែវិច្ឆិកា។
ប្រាក់ផោនបានទទួលប្រយោជន៍ពីការរំពឹងទុករបស់អ្នកវិនិយោគទុនជាច្រើនដែលកំពុងកើនឡើងថា ចក្រភពអង់គ្លេសជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលតិចជាងប្រាំខែមុនពេលវាត្រូវចាកចេញ។



