ទាំងនេះជាមូលហេតុដែលធ្វើឱ្យ “ស្រីល្អច្រើនតែជួបប្រុសខិល រីឯស្រីខិលច្រើនតែជួបប្រុសល្អ”
ធម្មជាតិបង្កើតមនុស្សមកសុទ្ធតែកំណត់តម្រូវឲ្យមានគូព្រេងគ្រប់ៗគ្នា គ្រាន់តែវាសនាចារឲ្យជួបយូរឬក៏ឆាប់តែប៉ុណ្ណោះ។ ប៉ុន្តែមិនថាយ៉ាងណា មនុស្សម្នាក់មិនមែនសុទ្ធតែជួបគូព្រេង ដែលល្អឥតខ្ចោះដូចក្តីប្រាថ្នានោះទេ ដោយអ្នកខ្លះអាចនឹងជួបមនុស្សល្អ រីឯអ្នកខ្លះទៀត អាចនឹងជួបមនុស្សខូចខិលជាដើម ដូចចាស់ៗធ្លាប់បញ្ចេញទស្សនៈមួយថា៖ «ស្រីល្អច្រើនតែជួបប្រុសខិល រីឯស្រីខិលច្រើនតែជួបប្រុសល្អ»។

ទាក់ទងទៅនឹងទស្សនៈមួយនេះផងដែរ ក៏មានមតិមួយចំនួនធំបានយល់ស្រប ដោយពួកគេយល់ថាទស្សនៈមួយនេះត្រឹមត្រូវ និងស្តែងចេញយ៉ាងច្បាស់ក្រឡែតជាមួយនឹងជីវិតគូបច្ចុប្បន្ននេះ។ ដោយឡែកក្នុងនោះ ក៏មានមតិមួយចំនួនផ្សេងទៀត បានធ្វើការបដិសេធទៅនឹងទស្សនៈមួយនេះ ពោលគឺពួកគេយល់ថាជីវិតគូមិនមែនសុទ្ធតែជួបរឿងបែបនេះទាំងអស់នោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណា ទស្សនៈ «ស្រីល្អច្រើនតែជួបប្រុសខិល រីឯស្រីខិលច្រើនតែជួបប្រុសល្អ» នៅតែជាប្រធានបទក្តៅសម្រាប់ជីវិតគូ ហើយហេតុផលទាំង១០យ៉ាងនេះហើយ ដែលធ្វើឲ្យមនុស្សជាច្រើនយល់ស្របថាទស្សនៈមួយនេះពិតជាត្រឹមត្រូវ៖
១) លង់ជឿសម្តីប្រុសខិល
ប្រុសខិលភាគច្រើនតែងតែមានភាពក្លាហាន និងមានភាពជឿជាក់ទាំងពាក្យសម្តីនិងកាយវិការ ដែលជាពិសេសនោះគឺកែវភ្នែកទាក់ទាញយ៉ាងចម្លែករបស់ពួកគេតែម្តង ដែលនាំឲ្យស្រីល្អៗសុភាពរាបសារមិនធ្លាប់ជួបនឹងបុរសបែបនេះពីមុនមក មានភាពរំជួលចិត្តរំជួលអារម្មណ៍ ព្រោះលង់នឹងពាក្យសម្តីកាយវិការ ក្រសែភ្នែកប្រទាក់ចិត្តរបស់បុរសខិលទាំងនោះ។

លើសពីនេះទៅទៀតនោះ មនុស្សស្រីល្អៗសុភាពភាគច្រើន នាងជាមនុស្សស្មោះត្រង់មិនសូវចេះបត់បែនច្រើន និងជាពិសេសគឺមិនអាចតាមទាន់នូវពាក្យសម្តីបោកប្រាស់ កាយវិការខិលខូចរបស់បុរសបានឡើយ ដោយនាងគិតថាទង្វើទាំងនោះ គឺជាមន្តស្នេហ៍របស់ពួកគេ។
២) ស្រីល្អនិងស្រីខិលមើលឃើញមិនដូចគ្នា
មនុស្សប្រុសល្អៗសុភាពរាបសារ បែរជាស្រីល្អស្លូតបូតមើលឃើញថា ជាការសម្តែងរបស់មនុស្សប្រុសទៅវិញ ព្រោះពួកនាងយល់ថាបុរសទាំងនោះលាក់ពុតត្បុត និងគួរឲ្យធុញទ្រាន់ ផ្ទុយទៅនឹងប្រុសខិលៗដែលគេសម្តែងចេញមកត្រង់ៗ អ្វីដែលជាខ្លួនរបស់គេមិនលាក់ចរិតច្រើន។
ដោយឡែកសម្រាប់ស្រីខិលវិញ បែរជាមើលឃើញបានច្បាស់ជាង ព្រោះគេមានបទពិសោធន៍ជាមួយប្រុសខិលច្រើន។ ជាទូទៅ ប្រុសល្អស្លូតបូត ចូលចិត្តសម្តែងភាពអៀនច្រើន មិនសូវចេះទាក់ទាញចិត្តស្រីៗ តែមិនអាចលាក់បាំងភ្នែកស្រីខិលបានឡើយ។
៣) ស្រីល្អចូលចិត្តប្រុសដៃដល់
ដូចពាក្យគេថា «សុភាពៗអាចកេះឆ្នាំងបាយធ្លុះ» ស្រីល្អសុភាពភាគច្រើន មើលពីសម្បកក្រៅទៅឃើញថា នាងជាមនុស្សចូលចិត្តអៀនច្រើន មិនសូវចេះក្នុងការនិយាយស្តីឮៗ ឬបញ្ចេញអារម្មណ៍ខ្លាំងៗ ដូចជាមនុស្សស្រីចូលចិត្តសប្បាយឡើយ។ ប៉ុន្តែតាមការពិតទៅផ្នែកខាងក្នុងរបស់នាង គឺមិនខុសអ្វីពីស្រីទូទៅនោះទេ គឺនាងចូលចិត្តភាពពុះកញ្ច្រោល ភាពរំភើបរីករាយ និងភាពផ្អែមល្ហែម។ ហើយបើនិយាយពីរសនិយមរបស់នាងវិញ គឺនាងចូលចិត្តប្រុសខិលមុខក្រាស់ មានភាពក្លាហាន កែវភ្នែកមុតស្រួច ដៃដល់ច្រមុះរហ័ស នេះហើយជាទីពេញចិត្តរបស់ស្រីល្អ ដែលមើលទៅដូចជាទីពឹងខ្លួនបាន។
៤) ស្រីល្អគិតថា ប្រុសខិលអាចកែប្រែបាន
ស្រីល្អតែងគិតថា ចរិតប្រុសខិលជាមនុស្សដែលស្មោះត្រង់ មិនចេះលាក់លៀមចរិតពិត ចូលចិត្តបញ្ចេញអ្វីដែលជាខ្លួនឯង ដែលធ្វើឲ្យនាងគិតថានាងអាចគ្រប់គ្រង និងអាចកែប្រែគេបាន ប៉ុន្តែសូមប្រាប់ថា៖ «នាងច្រឡំធំហើយ!»។

យកប្រុសខិលធ្វើប្តី ត្រៀមឲ្យហើយទៅមួយជាតិនេះ គេនឹងបង្វក់លួងលោមអ្នកដោយពាក្យសម្តីបោកប្រាស់ ចាប់កន្ទុយមិនបាន គេជាមនុស្សឆ្លាត ដែលអាចរកផ្លូវចេញបានសម្រាប់ខ្លួនឯងជានិច្ច នៅពេលដែលអ្នកតាមទាន់នូវកំហុសអ្វីមួយរបស់គេ។
៥) ប្រុសខិលចូលចិត្តតែងខ្លួនទាក់ទាញ
អ្នកណាដែលថាមិនចូលចិត្តមនុស្សស្អាតបាត ចេះរៀបចំខ្លួនឲ្យបានរៀបរយនោះ យ៉ាងណាមិញ នេះជាចំណុចពិសេសរបស់មនុស្សបុរសខិល ដោយភាគច្រើនពួកគេជាមនុស្សដែលចូលចិត្តតុបតែងខ្លួនឆើតឆាយ ស្លៀកពាក់ស្អាតបាតហ៊ីហារ បាញ់ទឹកអប់ក្រអូបឈ្ងុយ រាយមន្តស្នេហ៍ទាក់ចិត្តនារីៗគ្រប់ប្រភេទ មិនថាតែនារីស្លូតបូត សូម្បីនារីធ្លាប់មានបទពិសោធន៍ជួបជាមួយបុរសជាច្រើនកន្លងមក ក៏នៅតែលង់ចិត្ត ក្រឡេកក្រសែភ្នែកទៅលើបុរសទាំងនោះដែរ។
ដោយឡែក ទោះជាយ៉ាងណា បុរសប្រភេទនេះ ជាមនុស្សដែលចូលចិត្តរករបស់ថ្មីៗ ហើយក៏ឆាប់នឿយណាយផងដែរ ដូចនេះ មនុស្សស្រីត្រូវគិតមើល និងពិនិត្យពីអត្តចរិតឲ្យច្បាស់ មុននឹងសម្រេចចិត្តជ្រើសរើសបុរសទាំងនេះធ្វើជាគូស្នេហ៍។
៦) បុរសស្លូតបូតមិនចេះធ្វើខ្លួន
ដោយឡែកសម្រាប់បុរសស្លូតបូតវិញ ភាគច្រើនគេមិនសូវរវីរវល់ ឬយកចិត្តទុកដាក់ជាមួយរឿងធ្វើខ្លួនអ្វីដូចជាបុរសឡូយឆាយឡើយ។ ភាគច្រើនពួកគេចូលចិត្តធ្វើខ្លួនបែបសាមញ្ញៗធម្មតាៗ រីឯអ្នកខ្លះទៀតអាចនិយាយបានថា ខ្សោះគ្មានរសជាតិនិយមតែម្តង។
(រូបតំណាង)
ចរិតស្លូតបូតមិនចេះមាត់ក បូករួមជាមួយការមិនចេះតុបតែងខ្លួនទៀតនោះ គឺមិនមែនជារសនិយមរបស់មនុស្សស្រីល្អស្លូតបូតឡើយ។ ហើយបុរសបែបនេះភាគច្រើនលួចស្រលាញ់តែស្រីស្អាតពូកែតែងខ្លួន និងមានចរិតឡេះឡោះពូកែនិយាយច្រើន ជាហេតុដែលធ្វើឲ្យពួកគេឧស្សាហ៍ខូចចិត្ត និងខកបំណងរឿងស្នេហា។
៧) ប្រុសខិលក្លាហាន
ប្រុសខិលភាគច្រើនជាមនុស្សដែលក្លាហានមោះមុត ពូកែអារកាត់ មិនចេះសួរនាំច្រើនមុននឹងធ្វើអ្វីមួយ ដូចជាបុរសស្លូតបូតឡើយ ដែលនេះជាចំណុចដែលធ្វើឲ្យស្រីល្អៗកាន់តែស្រលាញ់ពេញចិត្ត។
ថ្វីត្បិតតែជាប្រុសខិលមែនពិត ប៉ុន្តែពួកគេមានគំនិតនិងភាពសម្រេចចិត្តដែលជារបស់ខ្លួនឯង ពួកគេក៏អាចក្លាយជាអ្នកដឹកនាំម្នាក់ដ៏ល្អផងដែរ។ ពួកគេមានសេចក្តីក្លាហានក្នុងការធ្វើអ្វីមួយ ហើយបើពួកគេសម្រេចចិត្តថាចង់បានអ្វី ឬធ្វើអ្វីហើយ គឺពួកគេនឹងព្យាយាមរកវិធីយ៉ាងណាក៏ដោយ ត្រូវតែយកវាឲ្យបាន និងធ្វើឲ្យបានសម្រេចឲ្យខានតែបានតែម្តង។
៨) ប្រុសល្អមុននឹងធ្វើអ្វីតែងតែសួរនាំច្រើន
ឆ្លងកាត់តាមការអង្កេតកន្លងមក ភាគច្រើនបុរសស្លូតបូតមិនសូវចេះមាត់ក តែងខ្លាចក្រែងរអាជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួន ពួកគេមិនសូវជាហ៊ានសម្រេចចិត្តអ្វីដោយខ្លួនឯងឡើយ បើពួកគេចង់ធ្វើអ្វីមួយពួកគេតែងសុំយោបល់ជាមុនពីមនុស្សជុំវិញខ្លួន រហូតដល់ពេលខ្លះ ពួកគេក្លាយជាមនុស្សម្នាក់ដែលគួរឲ្យធុញទ្រាន់បំផុត ដោយសារតែចូលចិត្តសួរនាំច្រំដែរថែមទៀតផង។
(រូបតំណាង)
បុរសដែលស៊ាំញ៉ាំបែបនេះ មិនមែនជាប្រភេទមនុស្សដែលស្រីល្អស្លូតបូតពេញចិត្តឡើយ ហើយបុរសប្រភេទនេះតែងត្រូវបាននារីខិល ឬនារីម៉ឺងមាត់ពូកែសម្តីជាអ្នកដឹកនាំពួកគេ។
៩) ប្រុសខិលតែងរើសបានប្រពន្ធល្អជាងប្រុសស្លូតបូត
បុរសខិលខូច មិនដែលភ័យខ្លាចក្នុងការធ្វើខុសពួកគេមានភាពរឹងមាំ ហើយក៏មិនចូលចិត្តដើរតាមគំនិត ឬចុះញ៉មជាមួយនឹងនរណាម្នាក់ដោយងាយៗឡើយ ចំណុចនេះក៏ជាទីពេញចិត្តរបស់ស្រីល្អផងដែរ។ លើសពីនេះទៅទៀតនោះ គេតែងសង្កេតឃើញថា បុរសខិលខូចតែងតែរើសបានប្រពន្ធល្អៗ ជាងប្រុសល្អស្លូតបូតដែលភាគច្រើនរើសបានតែប្រពន្ធយ៉ាប់។
មូលហេតុគឺដោយសារតែប្រុសស្លូតបូត មិនសូវជាចេះមើលធ្លុះចរិតនារីៗប៉ុន្មាននោះទេ ពួកគេអាចនឹងជួបនារីពូកែលាក់ចរិតក៏មានដែរ។
១០) ប្រុសខិលរហ័សរហួន
ជាធម្មតាបុរសដែលពូកែសម្តី តែងមានភាពរហ័សរហួន គ្រប់សកម្មភាពកាយវិការ សូម្បីតែចិត្តគំនិតរបស់ពួកគេក៏មានភាពបត់បែនបានយ៉ាងលឿន រហូតពេលខ្លះអ្នកសឹងតែមិនអាចតាមទាន់ថែមទៀតផង។
(រូបតំណាង)
ប៉ុន្តែមិនថាយ៉ាងណា បុរសប្រភេទនេះភាគច្រើនជួបជាមួយនឹងនារីល្អ កលស្រ្តីចេះវិជ្ជាមេផ្ទះ ចេះរៀបចំបាយទឹកសម្រាប់ពួកគេបានយ៉ាងល្អ។ ហើយបើសិនជាពួកគេ ជួបនឹងមនុស្សដែលពួកគេស្រលាញ់ត្រូវចិត្តហើយ ពួកគេនឹងព្យាយាមថែរក្សាមនុស្សម្នាក់នោះទុកឲ្យបានល្អ បើទោះបីជាពួកគេជាប្រុសខិលខូចក៏ពិតមែន ប៉ុន្តែពួកគេនៅតែទុកមនុស្សស្រី ដែលពួកគេស្រលាញ់នៅខាងមុខជានិច្ច។
១១) ប្រុសល្អស្លូតបូតមិនចេះមាត់កភាគច្រើនយឺតយ៉ាវ
ភាគច្រើនគេតែងសង្កេតឃើញថា បុរសស្លូតបូតសុភាពរាបសារ តែងមានកាយវិការយឺតយ៉ាវ មិនសូវជាតាមទាន់សម្តីមនុស្សខិលប៉ុន្មាននោះទេ ។
ប៉ុន្តែមិនថាយ៉ាងណា បុរសប្រភេទនេះ ក៏មានមន្តស្នេហ៍ទាក់ទាញផងដែរ។ ភាពមិនសូវដឹងអី ចូលចិត្តឆ្ងល់នេះឆ្ងល់នោះព្រោះមិនសូវជាស្គាល់ គឺបានភាពគួរឲ្យស្រលាញ់របស់ពួកគេ ហើយក៏ជាទីពេញចិត្តរបស់នារីៗមួយចំនួន ដែលនិយមចូលចិត្តនិយាយស្តីច្រើន និងចូលចិត្តធ្វើការណែនាំគេផងដែរ៕


