គំរូល្អរបស់ជនជាតិជប៉ុន

ក្រោយមើលការប្រកួត World Cup រវាងជប៉ុន និងកូឡុំប៊ី ចប់ ក្រុមអ្នកគាំទ្រប្រទេសអាស៊ីមួយនេះបាននាំគ្នាប្រមូលសំរាមដាក់ទុកក្នុងថង់យ៉ាងមានរបៀបរៀបរយល្អ ខណៈដែលអ្នកគាំទ្រមួយចំនួនធំទៀតរមែងបន្សល់ទុកកាកសំណល់រប៉ាត់រប៉ាយចោលគ្មានសណ្ដាប់ធ្នាប់។ ទង្វើនេះបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានសាធារណជន ជាពិសេសគឺស្ថាប័នសារព័ត៌មានធំៗនៅលើពិភពលោកតែម្ដង។
វាមិនមែនគ្រាន់តែជាផ្នែកមួយនៃការប្រកួតបាល់ទាត់នោះទេ ប៉ុន្តែវាជាចំណែកមួយដែលបង្ហាញពីវប្បធម៌ជប៉ុនផងដែរ។ជារឿយៗតែងឮគេនិយាយថា បាល់ទាត់ជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌។ ទស្សនៈសំខាន់នៃសង្គមជប៉ុនគឺ ធានាឲ្យបានថាគ្រប់យ៉ាងមានរបៀប ហើយនេះជារឿងមួយដែលកើតឡើងនៅគ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់។
គំរូល្អរបស់ជប៉ុន មិនមែនទើបតែទទួលបានការចាប់អារម្មណ៍ជាលើកដំបូងនៅ World Cup ឆ្នាំ២០១៨នេះទេ។ កាលពីប្រកួតនៅ World Cup ប៉ះជាមួយនឹងក្រុមមកពីប្រទេសកូឌីវ័រ ឆ្នាំ២០១៤ អ្នកគាំទ្រជប៉ុនក៏ត្រូវពិភពលោកចាប់អារម្មណ៍នឹងរឿងសណ្ដាប់ធ្នាប់ល្អក្រោយមើលប្រកួតចប់ផងដែរ។



