៣ចំណុចដើម្បីកសាងភាពជោគជ័យ សម្រាប់សហគ្រិនជំនាន់ក្រោយពីម្ចាស់ Facebook

អ្នកទាំងអស់គ្នាដែលកំពុងអានអត្ថបទមួយនេះ ១០០ភាគរយច្បាស់ជាស្គាល់បណ្តាញទំនាក់ទំនងសង្គមដ៏ល្បីល្បាញដែលមានឈ្មោះថា Facebook ជាក់ជាពុំខាន ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះមួយភាគធំបានស្គាល់លោក Mark Zuckerberg រួចមកហើយ ដែលលោកជាស្ថាបនិករបស់ Facebook និងបានក្លាយជាមហាសេដ្ឋីក្មេងបំផុតរបស់ពិភពលោកនៅអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។
ខាងក្រោមនេះ យើងបានលើកយកគំនិតនៃភាពជោគជ័យចំនួន៣ចំនុចសំខាន់របស់លោក Mark Zuckerberg ដែលវាសំខាន់បំផុតដើម្បីធ្វើឲ្យក្តីស្រមៃរបស់អ្នកអាចទទួលជោគជ័យបាន៖
ចំណុចទី១៖បរាជ័យធំបំផុតគឺខ្លាចមិនហ៊ានសាកល្បង
មនុស្សគ្រប់រូបរមែងតែងតែខ្លាចការបរាជ័យ ហើយពួកគេមិនបានធ្វើអ្វីទាល់តែសោះ និងបានត្រឹមតែខ្លាច បានត្រឹមតែនៅស្ងៀម ឬមិនព្រមចាប់ផ្តើមធ្វើនូវអ្វីដែលពួកគេចង់បាន គឺបានតែស្រមើរស្រមៃ ប៉ុន្តែមិនហ៊ានបញ្ចេញសកម្មភាព។ បើអ្នកមិនហ៊ានចាប់ផ្តើមហើយនៅតែបន្តខ្លាច តើអ្នករំពឹងនឹងបានអ្វីមកវិញ ដើម្បីឈានទៅរកភាពជោគជ័យ? ចូរកុំខ្លាចថា ធ្វើទៅវានឹងបង្កើតជាកំហុស អ្នកត្រូវតែហ៊ានសាកល្បង ព្រោះបើអ្នកមិនបានសាកល្បងទេ ច្បាស់ណាស់ថា ការបរាជ័យប្រាកដជាកើតឡើង ១០០%។
ចំណុចទី២៖ បានធ្វើ ប្រសើរជាងរង់ចាំឱកាសល្អឥតខ្ចោះ
ស្ថាបនិក Facebook វ័យក្មេងរូបនេះបានលើកឡើងថា ពេលខ្លះប្រហែលជាអ្នកបានរៀបចំគម្រោងហើយ តែអាក់ខានមិនបានធ្វើវាដោយសារតែភ័យខ្លាចធ្វើវាហើយមិនត្រឹមត្រូវ ខ្លាចមានកំហុសឆ្គង ហើយនៅតែទាមទាររង់ចាំឱកាសល្អឥតខ្ចោះ ទើបហ៊ានចាប់ផ្តើមធ្វើ។ តាមពិតទៅភាពល្អឥតខ្ចោះ វាគ្រាន់តែជាការរំពឹងទុកនោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែចាប់ផ្តើមធ្វើវា ដើម្បីធ្វើយ៉ាងណាដឹងពីដំណើរការជាក់ស្តែង និងរៀនសូត្រពីវាឲ្យបានជាប់ជាប្រចាំ។ ពេលនោះហើយ ដែលជាឱកាសអាចឲ្យអ្នកអាចចាប់ផ្តើមមើលឃើញពីភាពល្អឥតខ្ចោះពិតប្រាកដ ដោយការចាប់យកភាពខុសឆ្គងចេញពីអ្វីដែលអ្នកបានជួបប្រទះជារៀងរាល់ថ្ងៃ។
ចំណុចទី៣៖ ផ្លាស់ប្តូរអោយលឿន ដើម្បីបំបែកកំណត់ត្រាថ្មី
បើសិនជាអ្នកនៅតែរង់ចាំឱកាសឬមនុស្សដែលល្អឥតខ្ចោះមកចូលរួមជាមួយអ្នក នោះអ្នកប្រហែលជាមិនអាចឆ្លងកាត់ខ្សែទីផ្តាច់ព្រ័ត្របានដោយជោគជ័យទេ។ មួយវិញទៀត បើសិនអ្នកមកដល់ទីវិញ ចូរកុំឈប់រត់ និងកុំកំណត់ជ័យជន្នះរបស់ខ្លួននៅត្រឹមតែខ្សែទីនោះឲ្យសោះ ព្រោះអ្នកណាក៏អាចមកដល់ខ្សែទីនោះដែរ ម្លោះហើយអ្នកត្រូវតែបន្តធ្វើ រឿងដែលអ្នកទាំងអស់គ្នាគិតថាវាមិនអាចទៅរួច ពោលគឺ បន្តរត់ទៅមុខជានិច្ច រត់រហូតដល់ទីសែនឆ្ងាយ ដែលគ្មានអ្នកណាជឿថាសមត្ថភាពរបស់អ្នកអាចធ្វើបាន៕
អត្ថបទដោយ៖ វុទ្ធា សិរីសុភាតា

