ក្អែកឆ្លាតវៃ ត្រូវបានបង្វឹកយ៉ាងពិសេសឲ្យចេះដើររើសសំរាម

សត្វក្អែកឆ្លាតវៃ៦ក្បាល ត្រូវបានគេបង្វឹកយ៉ាងពិសេសឲ្យចេះដើររើសសំរាម និង កន្ទុយបារីនៅសួនកម្សាន្តមួយក្នុងប្រទេសបារាំង។ នេះបើតាម The Mirror ដែលទើបបានចុះផ្សាយកាលពីពេលថ្មីៗនេះ។សត្វស្លាបទាំងនោះត្រូវបានគេលើកទឹកចិត្តឲ្យប្រឹងធ្វើការតាមរយៈ រាល់ពេលដែលពួកវាចឹកសំរាម ឬ កន្ទុយបារីមកទម្លាក់ម្តង ពួកវានឹងបានចំណីសត្វ១ដុំជាថ្នូរនឹងស្នាដៃការងាររបស់ពួកវាផងដែរ។ការឲ្យបក្សីដើរតួជាអ្នកសម្អាត "គោលដៅមិនត្រឹមតែជាការសម្អាតប៉ុណ្ណោះទេ ព្រោះអ្នកមកចូលទស្សនាតែងយកចិត្តទុកដាក់រក្សាភាពស្អាតក្នុងឧទ្យានហើយ" ប៉ុន្តែចង់បង្ហាញឲ្យឃើញថា "ធម្មជាតិខ្លួនឯងក៏អាចបង្រៀនយើងឲ្យចេះថែរក្សាបរិស្ថានដែរ"។

អ្នកវិទ្យាសាស្ត្របាននិយាយថាបក្សីប្រភេទនេះមានភាពឆ្លាតវៃ វាចេះបង្កើតទំនាក់ទំនងជាមួយមនុស្សតាមរយៈការលេង ហើយ វាមានសមត្ថភាពអាចដោះស្រាយបញ្ហាស្មុគស្មាញមួយចំនួន អាចចងចាំមុខមនុស្ស។នៅតាមទីក្រុងនៃប្រទេសជប៉ុន និង អាមេរិកជាដើម បក្សីប្រភេទនេះ មានគំនិតច្នៃបង្កើតដោយខ្លួនវារហូតដល់ពាំគ្រាប់ធញ្ញជាតិដែលមានសំបករឹងទម្លាក់នៅលើវីថីដ៏មមាញឹកដើម្បីឲ្យឡានជួយកិនហើយ នៅពេលសំបករឹងទាំងនោះបែកខ្ទិច ខណៈដែលផ្លូវក៏លែងសូវមមាញឹក ពួកវាក៏ចាប់ផ្តើមហើរចុះដើម្បីទៅរើសយកអាហារទាំងនោះពីលើថ្នល់មកវិញ។ រូបភាពប្រភេទនេះ ជារឿយៗគេតែងថតបានតាមរយៈកាមេរ៉ានៅតាមបង្គោលភ្លើងចរាចរណ៍ ដែលបង្ហាញពីភាពឆ្លាតវៃមិនធម្មតារបស់សត្វនេះ។


ប្រភព : សុខ លាងហ៊ត

