តម្លៃផ្ទាល់ខ្លួន

B
bongsina
![20180722_160628.jpg](https://serey.io/imageupload_data/da4ad66ce7c7d1a4c76f0b51fc64f0e238dbf0a7) ជីវិត​របស់យើងអាច​ផ្លាស់​ប្ដូរ​ពី​ល្អ​ទៅ​អាក្រក់ ពី​អាក្រក់​ទៅ​ល្អ ចៀស​មិន​ផុត។ វា​ជា​រឿង​ធម្មតា យើងអាច​បាត់​បង់​ការងារ បាត់​បង់​ផ្ទះ រឺ​អ្នក​រាប់​អាន ប៉ុន្តែ​​មិន​ត្រូវ​បាត់​បង់​តម្លៃ​សម្រាប់​ខ្លួន​ឯង​ឡើយ។ មាន​រឿង​ជា​ច្រើន​ដែល​យើង​គ្រប់​គ្នា​គួរ​យល់​ដឹង​អោយ​ហើយ​ ទាន់​ខ្លួននៅក្មេង។ដូចជា : លុយ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់​យ៉ាង​នោះ​ទេ : លុយ​គឺជា​ឧបករណ៍​ដោះដូរ​មួយ​ដែល​អាច​អោយយើង​ទិញ​អ្វី​ដែលយើង​ត្រូវ​ការបាន​គ្រប់​ពេល ប៉ុន្តែ​មិន​មែន​បាន​ន័យ​​ថា វា​អាច​ដោះ​ស្រាយ​បាន​គ្រប់​យ៉ាង​នោះ​ទេ។ យើង​មិន​អាច​ប្រើ​លុយ​ទិញ​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​ទៅ​ហើយ​បាន​នោះ​ទេ។ លុយ​ក៏​មិន​បាន​ទៅ​ជួយ​ព្យាបាល​របួស​ក្នុង​ចិត្ត​យើងបាន​ដែរ មិន​អាច​ទិញ​ពេលវេលា សុភមង្គល និង​ការ​ស្រលាញ់​ពិត​ប្រាកដ​បាន​នោះឡើយ។ ដូច្នេះ​កុំ​ពឹង​ផ្អែក​តែ​លើ​វា​មួយ​មុខ​ពេក ហើយ​កុំ​​អោយលុយ​នោះ​ក្លាយ​ជា​អាវុធ​ដើម្បី​សម្លាប់​យើង​មិន​អោយ​មើល​អ្វី​ផ្សេង​បាន​អោយ​សោះ។ ចំណេះ​ដឹង​គ្មាន​ដែន​កំណត់​ឡើយ : មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​កាន់​សញ្ញាប័ត្រ​មួយ​សន្លឹក​ដែល​បញ្ជាក់​ពី​ការ​រៀន​នៅ​សាលា​ដ៏​ល្បី​នៅ​លើ​ពិភពលោក​គឺ​ជា​អ្វី​ដែល​អ្នក​ណា​ក៏​ចង់​បាន អ្នក​ណា​ក៏​សរសើរ ហើយ​វា​ជា​ចុង​បញ្ចប់​នៃ​ពាក្យថា​ ( រៀន )។ ប៉ុន្តែ​ការ​ពិត ចំណេះដឹង​មិន​មាន​ដែន​កំណត់​ច្បាស់​លាស់​ឡើយ។ ការ​រៀន​នៅ​សាលា​អាច​បញ្ចប់​បាន តែ​ការ​រៀន​ក្នុង​ជីវិត​ពិត​នឹង​នៅ​បន្ត​រហូត ដរាប​ណា​យើង​នៅ​មាន​ជីវិត។ រូបយើង​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ​បែប​ណា មិន​ចាំ​បាច់​ត្រូវ​ខ្វល់​នោះ​ទេ : យើង​អាច​រស់​បាន អាច​គិត​គូរ​ពី​ដំណើរ​ជីវិត​យើងបាន ដូច្នេះ​មិន​បាច់​ដេក​ព្រួយ​ថា​ អ្នក​ណា​មក​គិត​​បែប​ណាចំពោះយើង ​រឺអោយគេ​មក​កំណត់​គោលដៅ​ជីវិត​អោយយើង​នោះ​ឡើយ។ សុខភាព​​ជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន : ការ​មាន​លុយ​ គឺ​ជា​ក្ដី​សុខ​មួយផ្នែក​ដែល​យើង​ចង់​បាន។ ប៉ុន្តែ​សុខភាព​ទៅ​វិញ​ទេ ដែល​យើង​ត្រូវ​ការ​ពិត​ប្រាកដ។ កាល​ណា​មាន​សុខភាព យើង​អាច​មាន​កម្លាំង​ធ្វើ​អ្វី​គ្រប់​យ៉ាង រួម​ទាំង​ការ​រក​លុយផងដែរ។ ​យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ : ជីវិត​យើង​ម្នាក់ៗ​មិន​ចាំបាច់​ទាល់​តែ​អោយ​គេ​មក​ចូលចិត្តរឺស្រលាញ់​យើង​គ្រប់ៗ​គ្នា​នោះ​ទេ។ មនុស្ស​មាន​ការ​គិត​រៀង​ៗ​ខ្លួន ដូច្នេះ​គ្រាន់​តែ​ច្បាស់​ខ្លួន​ឯង​ថា យើង​ចង់​ធ្វើ​អ្វី ចង់​ដើរ​ផ្លូវ​ណា​​ ហើយ​វា​មិន​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៅ​បាន​ហើយ។ ចង់​អ្នក​ណា​ចូលចិត្ត រឺ​មិន​ចូល​ចិត្ត​ក៏​ជា​រឿង​របស់​គេ​ទៅ។ អ្នក​ផ្សេង​មិន​អាច​មាន​អ្វី​ដែល​យើង​មាន​ឡើយ : ​អ្នក​ណា​ក៏​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន គេ​មាន​របស់​ដែល​យើង​គ្មាន ឯ​យើង​ក៏​មាន​របស់​ដែល​គេ​មិន​អាច​មាន​ដូច​គ្នា។ ដូច្នេះ​កុំ​ចាំបាច់​យក​ខ្លួន​ទៅ​ប្រៀបធៀប ហើយ​កើត​ទុក្ខ​នឹង​រឿង​គេ​ធ្វើ​អី សំខាន់​ធ្វើ​អោយខ្លួន​យើង​ពេញ​ចិត្ត​អ្វី​ដែល​កំពុង​មាន​ពេល​នេះ​សិន​ទៅ​បាន​ហើយ។

Comments