យុវជនជាប់លើមហាសមុទ្រប៉ាស៊ីហ្វិក ៤៩ថ្ងៃ ប្រាប់វិធីរស់

យុវជនឥណ្ឌូនេស៊ីម្នាក់ដែលអាចរស់រានមានជីវិតត្រលប់មកផ្ទះវិញ ក្រោយរសាត់អណ្ដែតអស់រយៈពេល ៤៩ថ្ងៃ លើមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីខ្ទមនេសាទរបស់គេត្រូវខ្យល់បក់បោកទៅឆ្ងាយ ឥឡូវនេះបានរាយរាប់ពីវិធីរស់ និងរឿងភ្ញាក់ផ្អើលនឹកស្មានមិនដល់មួយ។
យុវជន Aldi Novel Adilang បាននិយាយថា ការរសាត់អណ្ដែតទៅឆ្ងាយនេះ មិនមែនជាលើកទីមួយរបស់ខ្លួនឡើយ ហើយក៏មិនមែនជាលើកទី២ដែរ គឺជាលើកទី៣ហើយ។យុវជនឥណ្ឌូនេស៊ីវ័យ១៩ឆ្នាំនេះ បានប្រាប់ឲ្យដឹងទៀតថា លើកទី១ គេបានរសាត់អណ្ដែតទៅឆ្ងាយអស់រយៈពេល ១សប្តាហ៍ តែត្រូវម្ចាស់ខ្ទមនេសាទជួយសង្គ្រោះ។ លើកទី២ គេបានរសាត់អណ្ដែតទៅឆ្ងាយរយៈពេល ២ថ្ងៃ ហើយក៏ត្រូវម្ចាស់ជួយសង្គ្រោះវិញទៀត។ផ្ទុយទៅវិញ លើកទី៣ នេះ ខ្ទមនេសាទរបស់ Aldi បានរសាត់អណ្ដែតទៅចម្ងាយប្រហែល ២ ៧០០គីឡូម៉ែត្រ ក្នុងរយៈពេល ៧សប្តាហ៍ ខណៈអង្ករ , ទឹកស្អាត , គ្រឿងទេស , ហ្គាស៍ និង ប្រេង សុទ្ធតែមានកំណត់ ខណៈ Aldi ប្រើវាបានតែ ១សប្តាហ៍ប៉ុណ្ណោះ។

ដើម្បីអាចរក្សាជីវិតឲ្យនៅរស់ Aldi ប្រាប់ថា គេបានចាប់ត្រី និង ដុតរបងខ្ទង់នេសាទដើម្បីបង្កាត់ភ្លើងចម្អិន។ ពេល
ខ្លះ Aldi ត្រូវញ៉ាំត្រីទាំងឆៅទៀតផង។ យ៉ាងណាមិញ អ្វីដែលជាឧបសគ្គធំបំផុតនោះគឺ Aldi ត្រូវការទឹកស្អាត។ ដំណោះស្រាយរបស់ Aldi គឺគេបានយកអាវទៅបន្សើមជាមួយទឹកសមុទ្រ រួចផឹកទឹកពីអាវសើមនោះវិញ។ Aldi អះអាងថា ការធ្វើដូច្នេះ គឺអាចកាត់បន្ថយជាតិប្រៃនៃទឹកសមុទ្របាន៕

Aldi គឺជាអ្នកបំភ្លឺចង្កៀងដើម្បីទាក់ទាញត្រីនៅក្នុងទឹក ដោយទទួលបានចំណូល ១៣៥ដុល្លារក្នុងមួយខែ៕
ប្រភព : សេង ឡុង

