ពត៌មានក្តៅៗ

នៅថ្ងៃទី១២កក្កដា គណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានធ្វើការព្រមានដកប្រទេសកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធ ដោយអះអាងថា វាគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិតខំតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្តាឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជា ត្រូវបរាជ័យ។
លោកស្រី Cecilia Malmström អ្នកដឹកនាំគណប្រតិភូសហភាពអឺរ៉ុប សម្រាប់បេសកកម្មស្វែងរកការពិត ត្រូវបានដកស្រង់សម្តី នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី (បេសកកម្មរបស់សហភាពអឺរ៉ុប ដើម្បីវាយតម្លៃអំពីសិទ្ធិមនុស្សនិងស្ថានភាពការងារនៅកម្ពុជា) ថា “គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី ដែលហៅថា អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។ ប៉ុន្តែ ការវិវត្តន៍ថ្មីៗដ៏គួរឲ្យបារម្ភនៅកម្ពុជា បានធ្វើឱ្យមានការវាយតម្លៃកាន់តែល្អិតល្អន់ អំពី ថាតើកម្ពុជាកំពុងបំពេញតាមការប្តេជ្ញាចិត្ត និងកិច្ចសន្យារបស់ខ្លួនឬយ៉ាងណា។" លោកស្រីមានប្រសាសន៍បន្តថា “ការពិភាក្សា និងការប្រមូលព័ត៌មាន នៅក្នុងអំឡុងដំណើរបេសកកម្មរបស់គណៈកម្មការសហភាពអឺរ៉ុប បានផ្តោតលើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្នែកនយោបាយ និងសិទ្ធិបោះឆ្នោត ក៏ដូចជាការរារាំងសកម្មភាពអង្គការសង្គមស៊ីវិល។
លោកស្រី Cecilia Malmström បានថ្លែងបន្ថែមទៀតថា "មានបញ្ហាចន្លោះប្រហោងចំពោះ យន្តការដោះស្រាយវិវាទដីធ្លី និង ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិចរចាជាសមូហភាព”។ នៅក្នុងសេចក្តីថ្លែងការដដែល សហភាពអឺរ៉ុបបានសង្កត់ធ្វន់ថា “នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម គឺជាផ្នែកដ៏សំខាន់មួយ ដែលក្នុងនោះរួមមាន ការគោរពសិទិ្ធមនុស្ស សេរីភាពជាមូលដ្ឋាន និងស្តង់ដារការងារ”។ បន្ទាប់ពីបេសកកម្មស្វែងរកការពិតនេះ សហភាពអឺរ៉ុបនឹងវិភាគការពិតយ៉ាងល្អិតល្អន់មួយ ហើយនឹងពិចារណាជំហានបន្ថែមទៀតចំពោះប្រទេសកម្ពុជា។

ប្រភព : លោក preab kol

