អ្នកឧកញ៉ា គិត ម៉េង នឹងចំណាយ ២៦០លានដុល្លារ សាងសង់អគារភ្លោះកម្ពស់៦៨ជាន់នៅភ្នំពេញ

សេដ្ឋីល្បីឈ្មោះ និងមានឥទ្ធិពលខ្លាំងនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលបច្ចុប្បន្ន ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរនោះ បានចាប់ដៃសហការគ្នាជាមួយអ្នកវិនិយោគមកពីតៃវ៉ាន់ ដើម្បីសាងសង់អគារភ្លោះកម្ពស់៦៨ជាន់ ដោយគ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៦០លានដុល្លារ នៅចំកណ្តាលរាជធានីភ្នំពេញ។
អគារពាណិជ្ជកម្មភ្លោះនេះ មានកម្ពស់៦៨ជាន់ ស្មើនឹង ២៣០ម៉ែត្រ ដោយត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៤០៣៦ម៉ែត្រការ៉េ ស្ថិតនៅផ្លូវដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។ អគារពាណិជ្ជកម្មភ្លោះនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនសំណង់ចិន Huashi Group ដែលទើបនឹងចាប់ផ្តើមបើកការិយាល័យលក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ទាក់ទិននឹងអគារភ្លោះនេះ ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One បានបញ្ជាក់ថា អគារពាណិជ្ជកម្មដ៏ប្រណិតនេះ និងលេចចេញជារូបរាង ដោយមានផ្នែកផ្សេងៗដូចជា សណ្ឋាគារ ខុនដូ ស្នាក់នៅ និងផ្សារទំនើបជាដើម ហើយការសាងសង់នឹងត្រូវប្រើពេលរហូតដល់៣ឆ្នាំ ដោយអាគារពាណិជ្ជកម្មថ្មីនេះ នឹងក្លាយជាអគារខ្ពស់ជាងគេនៅកម្ពុជា ជាពិសេសវានឹងចូលរួមចំណែកដល់ការលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

ដកស្រងពី បណ្ដាញសង្គម

