ប្រវត្តិសាស្រ្ដ World Cup របស់ក្រូអាត

ក្រូអាត ឬ ក្រូអាស៊ី (ជាភាសាអង់គ្លេស៖ Croatia) បានបង្កភាពភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់ ក្រោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ តើក្រុមនេះ ធ្លាប់មានប្រវត្តិបែបណា ក្នុងប្រវត្តិសាស្រ្ដ World Cup?
ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ត្រូវបានបង្កើតឡើង និងត្រូវបានទទួលស្គាល់ដោយ FIFA និង UEFA នៅឆ្នាំ ១៩៩៣។ ក្រោយបង្កើតឡើងបានតែប៉ុន្មានឆ្នាំ ក្រូអាត បានទទួលជោគជ័យយ៉ាងសម្បើម ដោយអាចឆ្លងផុតវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំ១៩៩៦ (Euro 1996) និងបន្តរហូតឆ្លងផុតពូល និងឈានដល់វគ្គ ៨ក្រុមចុងក្រោយ។

សករាជមាសរបស់ក្រុមបាល់ទាត់ក្រូអាត បានចាប់ផ្ដើម
: ២ឆ្នាំបន្ទាប់ពី Euro 1996 ក្រូអាត កាន់តែធ្វើឲ្យកក្រើកពិភពបាល់ទាត់។ វាជាពេលដែលគេចាត់ទុកថាជា សករាជ្យមាសនៃបាល់ទាត់ក្រូអាត។ FIFA World Cup 1998 លើទឹកដីបារាំង ក្នុងនាមជាក្រុមដែលបង្ហាញខ្លួនលើកដំបូងនៅ World Cup ក្រូអាត បានបំបាក់ក្រុមខ្លាំងៗជាច្រើន រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ ៣។
សូមរំលឹកពីពេលនោះបន្តិច។ នៅវគ្គសន្សំពិន្ទុតាមពូល ក្រូអាត ស្ថិតក្នុងពូលជាមួយអាហ្សង់ទីន ហ្សាម៉ៃកា និងជប៉ុន។ ឆ្លងកាត់ ៣ប្រកួត ក្រូអាត ឈ្នះ២ ចាញ់ ១ (ឈ្នះហ្សាម៉ៃកា ៣-១, ឈ្នះជប៉ុន ១-០ និងចាញ់អាហ្សង់ទីន ០-១) ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល។ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្រុមនេះ បានទម្លាក់រ៉ូម៉ានី ដែលជាក្រុមជើងខ្លាំងមួយនៅអឺរ៉ុប កាលពីជំនាន់នោះ។ នៅវគ្គ ៨ក្រុម ក្រូអាត បានបំបាក់ជើងខ្លាំងអាល្លឺម៉ង់ ៣-០ មុនឡើងទៅជួបក្រុមម្ចាស់ផ្ទះបារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រូអាត បានស៊ុតនាំមុខក្រុមម្ចាស់ផ្ទះបារាំង ប៉ុន្តែត្រូវបារាំង វាយបក ២គ្រាប់វិញ។ ក្រោយចាញ់បារាំង ក្រុមនេះ បានយកឈ្នះក្រុមខ្លាំង ហូឡង់ ២-១ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ ៣។

សករាជមាស ត្រូវបញ្ចប់ : ក្នុងនាមជាក្រុមលេខ៣ World Cup ក្រុមបាល់ទាត់ក្រូអាត មិនបានបង្ហាញខ្លួននៅ Euro ឆ្នាំ ២០០០ នោះទេ ក្រោយធ្លាក់ក្នុងវគ្គជម្រុះ។
ចំណែកនៅ World Cup វិញ ក្រូអាត បានបង្ហាញខ្លួន ៣ដងទៀត គឺនៅ World Cup 2002, 2006 និង 2014 (2010 ធ្លាក់វគ្គជម្រុះ) ប៉ុន្តែក្រុមនេះ បានធ្លាក់ក្នុងពូលទាំង ៣ដង។
ក្រោយឆ្លងផុតវគ្គជម្រុះតំបន់អឺរ៉ុប ក្រូអាត ដែលដឹកនាំដោយលោក Zlatko Dalic បានឈ្នះទាំង ៣ប្រកួតក្នុងពូល បូករួមទាំងជ័យជម្នះ ៣-០ លើក្រុមខ្លាំងអាហ្សង់ទីន ដែលមានតារាឆ្នើម Lionel Messi ផងដែរ។
នៅវគ្គ ១៦ក្រុមចុងក្រោយ ក្រូអាតបានទម្លាក់ដាណឺម៉ាក ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ ក្រោយស្មើគ្នា ១-១ ក្នុង ១២០នាទី។ នៅវគ្គ ៨ក្រុម ក្រូអាតត្រូវលេងរហូតដល់វគ្គកាត់សេចក្ដីដោយបាល់ប៉េណាល់ទីម្ដងទៀត ក្រោយស្មើ ២-២ ទល់នឹងក្រុមម្ចាស់ផ្ទះរុស្ស៊ី។ ជាលទ្ធផល ក្រូអាត យកឈ្នះ រុស្សី ៤-៣។
ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រូអាត ត្រូវលេង ១២០នាទីម្ដងទៀត ក្រោយស្មើអង់គ្លេស ១-១ ក្នុងម៉ោងធម្មតា។ យ៉ាងណាក្ដី ការប្រកួតនេះ មិនឈានដល់ការស៊ុតប៉េណាល់ទីកាត់សេចក្ដីនោះទេ ក្រោយខ្សែប្រយុទ្ធ Mario Mandzukic ស៊ុតបញ្ចូលទី ឲ្យក្រូអាត យកឈ្នះ ២-១ លើក្រុមអង់គ្លេស នៅនាទី ១០៩។
ជ័យជម្នះលើក្រុមអង់គ្លេស បានធ្វើឲ្យក្រូអាត បង្កើតកំណត់ថ្មី ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់របស់ខ្លួន រួចជាស្រេចទៅហើយ គឺបានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ជាលើកដំបូង។ ក្រុមនេះ អាចនឹងបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយទៀត ប្រសិនបើអាច យកឈ្នះក្រុមមាន់គក បារាំង ដែលជាជើងឯក ១សម័យ កាលពីឆ្នាំ ១៩៩៨។
តើក្រូអាត នឹងអាចក្លាយជាក្រុមទី ៩ ដែលឈ្នះ FIFA World Cup បានដែរឬទេ? (កន្លងមក មានតែ ៨ក្រុមប៉ុណ្ណោះ ដែលឈ្នះ World Cup គឺ ប្រេស៊ីល (៥ដង) អាល្លឺម៉ង់ (៤ដង) អ៊ីតាលី (៤ដង) អាហ្សង់ទីន (២ដង) អ៊ុយរុយហ្គាយ (២ដង) អង់គ្លេស (ម្ដង) បារាំង (ម្ដង) និងអេស្ប៉ាញ (ម្ដង)។



