Serey is utilizing Blockchain technology

ជីវិតរស់នៅមួយថ្ងៃ កាន់តែពិបាកជាងមួយថ្ងៃ ដូច្នេះ...

V

vannlyda

ហឹង្សាគឺជាជម្ងឺរបស់មនុស្សមួយចំនួន ដែលភាគច្រើន ពួកគាត់មិនដែលដឹងខ្លួនថាខ្លួនកំពុងរ៉ាំរ៉ៃ ទើបរីងរៃមិនព្រមជា ក៏ព្រោះរវល់តែច្រឡំគាំទ្រចិត្តអាក្រក់ ចិត្តខូច ចិត្តអវិជ្ជារបស់ខ្លួនឯង ប្តូរចេញមិនបាន យល់ខុសថាភាពមានះប្រកាន់របស់ខ្លួនគឺជារឿងត្រឹមត្រូវ មិនដឹងថា គឺចិត្តប្រភេទនឹងហើយដែលធ្វើឲ្យខ្លួនមានជម្ងឺបែបនេះ ហើយប្រឹងត្រដរចិញ្ចឹមចិត្តបែបនេះយ៉ាងស្វាហាប់ទៀតផង។ ![Screenshot_2018-11-30-15-53-58.png](https://serey.io/imageupload_data/8c47c40ee35b18cef5644f7f83fe11ebe1465f3a) នារាត្រីឈានចូលមកដល់ (មានសម្លេងបោកប្រាស់របស់របរ ចានឆ្នាំង) ផាំងៗ ប្រាវៗ (ព្រមទាំងមានសម្លេងទៀត) «នែវើយ ! ក្នុងផ្ទះហ្នឹង អាណាមេ អាណាកើយអ្ហាះ ? អញខំប្រឹងរកលុយ ដោយធ្វើការញើសហូរជាឈាមចិញ្ចឹមក្បាលឱ្យរស់គ្រប់គ្នាប៉ុណ្ណឹងហើយ នៅមកខ្លាំងដាក់អញទៀតវើយ »។ «រឿងហ្នឹងខ្ញុំដឹងហើយលោកប្ដី ប៉ុន្តែបើឯងចិញ្ចឹមឱ្យអញសុីរស់ដូចសត្វធាតុ ក៏អញមិនស៊ូទ្រាំទៀតដែរ កូនក្មួយគាត់ឯងដេកសុីពេញផ្ទះ ណាថ្លៃទឹក ណាថ្លៃភ្លើង ម្ហូប ថ្លៃបង់សាលាកូន សព្វបែបយ៉ាង ចំណែកខ្លួនឯងដើរផឹកសុី ស្រីញីអូនបង ឱ្យមីអូនសុីសៀង ឱ្យមីនាងសុីស៊ុប ស្រវឹងជោគ ពាក់កណ្ដាលអាធ្រាត្របានត្បុលក្បាលចូលមុង បើតែយ៉ាងហ្នឹងអញទ្រាំមិនបានទេ ចង់ទៅជាស្អីក៏ទៅចុះ បើនៅតែចចេសរករឿងអញ តិចថូផ្កាឡើងក្បាលវុី »។ « ហ្នឹងហើយ ! អញប្រឹងសុីបាយរាល់ថ្ងៃ គឺទុកក្បាលឱ្យឯងសំពងលេងទេតើ ព្រោះអីអញអត់ដៃតទេ ។ មើល៍មីហ្នឹងមាត់រឹងណាស់ កុំចាប់ប៉ាអាដេត ទុកឱ្យប៉ាទះមាត់វាឱ្យចេញឈាមមើល »។ « កុំអីប៉ា ! ឈប់ទៅៗ យប់ជ្រៅណាស់ហើយខ្មាស់គេ »។ « លែងអញខ្នែត ទុកឱ្យអញព្រលះអាតាបិុហ្នឹងឱ្យចាស់ដៃម្ដង យប់ហ្នឹងទុកម៉េចក៏មានអ្នកចូលដេកពេទ្យម្នាក់ដែរ កូនឯងចាំមើលណា »។ « នោះម៉ែ ! ចាំបាច់ទៅដេកពេទ្យឯណា អ៊ំពេទ្យកំពុងដើរមកហើយតើ »។ លោកគ្រូពេទ្យហេងស្រែកពីចម្ងាយ « មានការអីលោកប្អូនផេងអើយ! ឮសូរផូងផាំងពេញតែផ្ទះហ្នឹង នេះយប់ជ្រៅហើយណា ! »។ ពូផេងតប « អត់មានអីទេលោកបង ខ្ញុំចង់ប្រដៅប្រពន្ធកាឡកិណ្ណីនេះបន្តិច ! វាជារឿងគ្រួសារខ្ញុំទេ ! » ។ « អើវាជារឿងគ្រួសារឯងមែន តែបើមានអំពើហឹង្សាកើតឡើងនោះ អ្នកជិតខាងមានសិទ្ធិប្ដឹង និងជួយធ្វើអន្តាគមន៍បានណាអានាង ! » មានសម្លេងឆ្លើយតបពីម្ខាងរបង ។ សម្លេងបុរសចាស់អម្បាញ់មិញ ហាក់មានឥទ្ធិពលមកលើគ្រួសារពូផេង មីងស៊ុម ជាខ្លាំង ពួកគាត់ស្ងាត់បាត់មាត់រៀងខ្លួន ចាំស្ដាប់សម្លេងនេះបន្តទៀត ។ លោកតាអាចារ្យសនមានវ័យប្រមាណ ៧០ឆ្នាំប្លាយ ដើរកោងៗចូលមកក្នុងរបង ហើយលើកដៃបាំងថ្ងាសសម្លឹងមើលទៅក្នុងផ្ទះរួចពោលថា ៖ «ជីវិតសត្វលោករស់នៅមួយថ្ងៃលំបាកជាងមួយថ្ងៃ ម្នាក់ៗប្រឹងរក ប្រឹងរស់ស្ទើរតែពុំបាន ព្រោះហេតុតែជីវិត ខ្លះរហូតដល់ទៅហ៊ានកាប់សម្លាប់ ឆក់ លួច កុហកភូតភរ ឆបោកគេឥតត្រាប្រណី ប្រកបរបរបានចំណេញត្រឹមតែបីដង ហ៊ានកុហកបងប្អូនឯង ចំណេញប្រាំដង ហ៊ានកុហកម៉ែឪឯង ចំណេញដប់ដង ហ៊ានសម្លាប់ជីវិតមនុស្ស ។ មនុស្សសព្វថ្ងៃជាមនុស្សឥតមាន ទាន សីល ភាវនាជាប់នឹងខ្លួនអីបន្តិចសោះ ។ វិញ្ញាណទាំងឡាយចាប់កំណើតឡើងសុទ្ធតែវិញ្ញាណចងពៀរ តាមសងសឹកគួរឱ្យខ្លាចរអា ពួកឯងចង់អារកគ្នាទាំងយប់ព្រោះតែហេតុអីអ្ហាះ អាផេង នាងស៊ុម ? »។ ពូផេង មីងស៊ុម ពេលនេះគាត់នាំគ្នាស្ងាត់មាត់ លោកតាបន្ត៖ អើ ! បានហើយ ចាំស្ដាប់អញសិន ក្រៅពីខន្តីនៅមានវីធីរម្ងាប់សេចក្ដីក្រោធ ៤ យ៉ាងទៀត ល្មមនឹងជ្រើសរើសយកមកប្រើដើម្បីថែរក្សាចិត្តបាន ព្រោះដើម្បីឲ្យជីវិតមនុស្សរស់បានសុខគ្រប់គ្នា ។ ម្នាក់ៗសុទ្ធតែមានទស្សនវិជ្ជាផ្ទាល់ខ្លួន សម្រាប់គិតដោះស្រាយពិចារណាបញ្ហាជីវិត ។ បញ្ហាដែលអាចដោះស្រាយទុក្ខកង្វល់ចេញពីចិត្តបាន គឺជាបញ្ញាដ៏ឧត្ដម ឯបញ្ញានេះទៀតសោតកម្ររកបានណាស់ បើប្រាសចាកគន្លងព្រះពុទ្ធសាសនាហើយនោះ ។ ខ្វះអីសញ្ញាបត្រផ្លូវលោកម៉ាគគោកតែមិនអាចដឹកនាំខ្លួនឯងយកឈ្នះ រាគៈ ទោសៈ មោហៈ បាន ។ ផ្ទះក្មួយផេងឯង តាមអញធ្លាប់ឃើញពេញម៉ាជញ្ជាំងផ្ទះខាងកើត អញឃើញដាក់តាំងសុទ្ធតែសញ្ញាបត្រក្នុងនិងក្រៅប្រទេស តែមករស់ក្រោមតណ្ហា បញ្ចេញឫកដូចមនុស្សអត់ធម្មសញ្ញា យារដៃចង់ទះតប់ប្រពន្ធកូននឹងគេដែរ ។ សញ្ញាបត្រមនុស្សខុសពីសញ្ញាបត្រព្រះ សញ្ញាបត្រមនុស្ស ដូចជាគ្រូពេទ្យខ្លះចេញពីសាលាបានត្រឹមសញ្ញាបត្រឃាតករ ប៉ូលីសខ្លះបានត្រឹមតែចេះសម្លុតគំរាមកំហែងគេ តុលាការខ្លះរៀនត្រឹមសញ្ញាបត្រភូតកុហក បោកប្រាស់អ្នកក្រីក្រយ៉ាងនេះជាដើម ។ ចំណែកព្រះពុទ្ធជាម្ចាស់ ទ្រង់បានបង្ហាត់បង្ហាញបរិស័ទឲ្យលះបង់អកុសលទាំងពួង ដោយចាប់ផ្ដើមសិក្សាពីខ្លួនឯងឲ្យបានច្បាស់ ដើម្បីកុំឲ្យចិត្តស្ថិតក្រោមសេចក្ដីក្រោធ ឯវិធីរម្ងាប់សេចក្ដីក្រោធមាន ៤ គឺ ៖ ១. រម្ងាប់សេចក្ដីក្រោធដោយមិនក្រោធតប ២.ផ្ចាញ់ក្រោធដោយសេចក្ដីល្អ ៣.ផ្ចាញ់ក្រោធដោយសេចក្ដីមេត្តា ករុណា ៤.ផ្ចាញ់ក្រោធដោយពោលពាក្យពិត និងវាចាទន់ភ្លន់ ។ ផេង ! ហេតុជាប្រធាននៃសេចក្ដីវិនាសនោះមាន៤គឺ ៖ ១. ជាអ្នកលេងស្រី ២. ជាអ្នកសេពសុរា ៣. លេងល្បែងពាលា ល្បែងភ្នាល់ដាក់លុយ ៤. សេពគប់មនុស្សអាក្រក់ជាមិត្ត ឯធម្មជាតិមិនចេះឆ្អែតនោះមាន៣គឺ ៖ ១. ការដេក ២. ការសេពគ្រឿងញៀន ៣. ការសេពកាម បាបធម៌ទាំងអស់នេះ កាន់តែសេពកាន់តែញៀន ។ ពីរខាងក្រោយនេះ ចង់ឆ្អែតទាល់តែឈប់ ។ ឯហេតុដែលនាំឲ្យកើតកំហឹង មកពីទិដ្ឋិ មានះ តណ្ហា និង ឧបាទាន ជាមនុស្សមិនឈ្នះខ្លួនឯង តែងតែខឹងស្អប់ហើយតែងតាមចាប់កំហុសជនដ៏ទៃទៅ ។ យប់ជ្រៅបន្តិចមែន តែខ្ញុំនេះបែរជាញៀនទឹកតែ ចង់តែនិយាយ ព្រោះមិនទាន់ងុយដេកទេ ។ នាងស៊ុមឯង ក៏អុីចឹង ទំនេរៗទុកត្រចៀកស្ដាប់ធម៌ខ្លះផង ឲ្យមានសេចក្ដីស្ងប់សុខខ្លះ ។ មើលរឿងភាគកុំមើលតែតួអង្គ និងម៉ូដខោអាវនិងគ្រឿងអលង្ការ ត្រូវពិនិត្យសកម្មភាពតួអង្គក្នុងរឿងខ្លះផង ព្រោះអីគឺរឿងស្ដែងចេញពីជីវិតពិតរបស់មនុស្សនេះឯង ។ ត្រចៀកកុំពីរោះតែនឹងសម្លេងឌូងឌាំង ស្អីបទចង់ងាប់ៗ ស៊កទៀតម៉ោៗ អញឮម្ដងៗសែនខ្មាសមច្ចុរាជ ដែលរងចាំតែសម្លាប់សត្វលោករាល់ថ្ងៃរាល់យប់ ម្នាក់ៗអត់ភ្ញាក់អាត្មាសោះ ។ នេះបានចំជាមនុស្សចុងកប្ប ជាសត្វមមៀចមែន ទាំងចាស់ទាំងក្មេង ទាំងអ្នកតូចទាំងអ្នកធំ សុទ្ធតែស្រវឹងនិងជីវិត នាំគ្នាសាងតែអំពើឥតប្រយោជន៍ ។ ស៊ុមអើយ ! ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង អញមិនដឹងរឿងក្នុងផ្ទះឯងយ៉ាងណាៗឲ្យជាងខ្លួនឯងផ្ទាល់នោះទេ ដូចបុរាណតែងពោលថា #ស្ត្រីជាអ្នករម្ងាស់ស៊ុប #ដាក់ភ្លើងខ្លាំងវាឈ្ងៀមខ្លោចសុីមិនកើត #ថែមទឹកជ្រុលវាសាបបាត់រសជាតិ ។ ស៊ុបប្ដីប្រពន្ធក៏ដូចគ្នា បើយកភ្លើងទល់ភ្លើងនឹងឆេះខ្ទេចខ្ទីអស់ បើសាបពេក ឬធូររលុងពេកក៏បាត់តម្លៃប្ដីប្រពន្ធ ។ ស្ត្រីគឺជាអ្នកញាក់ខ្សែខ្លែង ពេលខ្យល់បោកខ្លាំងត្រូវចេះបន្ធូរ ពេលស្ងាត់ខ្យល់ត្រូវចេះស្រាវខ្សែ កុំទុក្ខឲ្យខ្លែងដាច់ខ្សែ មិនងាយតាមរកយកមកវិញទេ ។ ស៊ុមអើយ ! ពួកមនុស្សប្រុសអស់នេះ វាស្លាប់ក្រឡាក្រោមការថ្នាក់ថ្នមរបស់ស្រីៗទេ ឯងដឹងទេខ្មែរយើងពីដើមមានដីធំណាស់ តែដោយសារចាញ់កលមាយាស្រី គេបោកយកដីអស់សឹងរកដីធ្វើម៉ុងមិនបាន ។ ឯងត្រូវចេះប្រើបញ្ញាជាអាវុធ ដើម្បីយកឈ្នះចិត្តប្ដីឲ្យបាន កុំចេះតែបន្ថោកតម្លៃខ្លួនឯង ទៅធៀបជាមួយស្រីក្រៅរបងឲ្យសោះ ។ « ចា! ពូ ខ្ញុំនឹងព្យាយាមធ្វើ » មីងស៊ុមឆ្លើយទាំងឱនមុខចុះ ។ « មិនមែនព្យាយាមទេគឺធ្វើ បើឯងគ្រាន់តែព្យាយាម គឺឯងនៅតែចាញ់ចិត្តមានះចចេសរឹងរូសដដែល ។ ស៊ុមអ្ហា កំុធ្វើកញ្ជះចិត្តអាក្រក់ឲ្យសោះ ចិត្តមានះ ចិត្តប្រកាន់អស់នេះ គ្រាន់តែធ្វើឲ្យជីវិតឯងរស់នៅក្នុងបន្លាតែប៉ុណ្ណោះ ។ អារឿងប្រពន្ធពីបីនេះមានតាំងពីមុនគ្រឹះសករាជ មានតាំងពីមុនព្រះពុទ្ធប្រសូតមកម្ល៉េះ វាមិនមែនជារឿងថ្មីសម្រាប់ឯងទេ តែសំខាន់ត្រង់ថា តើប្រពន្ធមួយណាដែលចេះស្គាល់ចិត្តប្ដីជាងគេ គឺនាងនោះហើយបាននៅក្នុងមុងជាមួយប្ដីច្រើនជាងគេ ។ ប៉ុន្តែ តណ្ហាដែលចេះឆ្អែតអីវា អ៊ំឮថានាងមុំ កូនយាយផាន់នៅចុងភូមិខាងលិចក៏ដើររកសុីយប់ដែរ »។ មីងស៊ុម « អីុចឹងហើយបានជាពួកអាចាស់ស្ទាវ វានៅមិនសុខគ្រប់គ្នា ! »។ « អញមិនមែនចាស់ស្ទាវទេវើយ អញចាស់ទំនើងណា » ។ ពូផេងស្រែកកាត់មីងស៊ុមផូង ។ « ឮច្បាស់ហើយនៅពូ ? ពួកអាសត្វទីទុយ អាសត្វរាត្រីចរអស់នេះ រកបាត់ពន្លឺថ្ងៃមិនទាន់ទេ ភ្នែកក្រឡេបក្រឡាប់ដូចមៀម ដូចគូក សុីបាយលែងត្រង់មាត់ ប្រឹងលេបទឹកប្រញិបប្រញាប់អត់ខ្លាចអួលស្លាប់ ហួចឆ្វេចឆ្វាចរកញីឈ្មោលភ្លាម ឲ្យតែដល់ពេលល្ងាច នាំគ្នារោមអ៊ូរនៅមុខផ្ទះនាងមុំ » ។ «នែ៎មីង កុំរាលដាលផ្ដេសផ្ដាសឆេះតែគ្នាឯងទៅ កុំអុជដល់ខ្ញុំ ខ្ញុំអត់បានបៀតបៀនអ្នកណាទេ » មីងស៊ុមនិយាយមិនបានគិត អត់ដឹងនាងមុំកំពុងតែអង្គុយកាន់ចង្កៀងក្បែរពាងទឹក នាងដើរកាត់ទីនោះ លុះឃើញមនុស្សអ៊ូអរ ក៏ចូលមកស្ដាប់ ។ « អើ ! ចៅមុំឯងមកដែរ ល្អហើយ ម៉េចថាមិនបៀតបៀនអ្នកដទៃ នេះបៀតបៀនទាំងខ្លួនឯងទៀតផង ។ ការដាច់សិក្ខាបទកាមេមានទោសធ្ងន់ទាំងបច្ចុប្បន្ន និងបរលោក ។ បច្ចុប្បន្នឆ្លងជម្ងឺកាមរោគដល់ខ្លួន ធ្វើឲ្យអ្នកដទៃឈ្លោះបែកបាក់គ្រួសារ ឬមានការចម្លងរោគតៗគ្នាទៅប្រពន្ធកូនគេ ។ ជាតិមុខនឹងកើតជាមនុស្សខ្ទើយ ហើយធ្លាក់នរកត្រូវឡើងរកាដែកមុតដាច់រយះឈឺពើតផ្សា កើតស្លាប់ក្នុងរណ្ដៅនរកជាយូរអង្វែង » ។ « អូ ! តាអើយ ទម្រាំដល់វេនខ្ញុំ បន្លារកានោះវាសឹក វារឹលរលោងស្រិល ដូចត្រប់ក្ដគោអស់ទៅហើយ ថាមិនបានពេលឡើងដើមរកានោះវាស្រួលគូទខ្ញុំទៅវិញទេ ហាសៗហាយ » នាងមុំស្រីមាត់អត់គម្របសើចទន់ក ។ តាសនពោលទាំងមុខស្ងួត « ហេតុតែមិនដឹងធម៌ចៅអ្ហើយ ដើមរកានោះកើតឡើងដោយផលកម្មរបស់ខ្លូនឯងម្នាក់ៗនោះទេ មិនមែនកើតឡើងមួយដើមសម្រាប់មនុស្សវាល់លានអ្នកឯណា ។ វេលាឯងចុតិបដិសន្ធិជាសត្វនរក ដើមរកាដែកនោះក៏កើតឡើងសម្រាប់ឯងដែរ ហើយនាយយមបាលក៏ចាប់បង្ខំឲ្យឯងវារឡើងវារចុះ ទោះមុតសុះសាច់ក៏មិនព្រមឈប់ដែរ »។ « អុីចឹងតាឯងធ្លាប់ឃើញមែនទេ ?» នាងមុំសួរផ្ចាញ់តាសន ។ ពេទ្យហេង លើកដៃផង និយាយផង « ចំពោះចំណុចនេះ ពូសុំអារកាត់ចុះ កម្មវិបាកជាអំពើបាបក្នុងអនាគតជាតិ តាសន គាត់គ្រាន់តែនិយាយតាមគម្ពីរតែប៉ុណ្ណោះ តែក្មួយគិតឲ្យឃើញពីកម្មទាន់ហន់ ដែលទទួលបានពីអំពើបាបរបស់ខ្លួន ដែលបានឲ្យផលឃើញជាក់ស្ដែង ដូចជានៅមណ្ឌលអង្គការជនពិការ គ្រាន់តែអ្នកដែលរលួយស្បែកដោយទឹកអាសុីត ម៉ាគរគោក ព្រោះតែការប្រជែងគ្នាដណ្ដើមយករូបអសុភ គ្រាន់តែជាថង់លាមកសោះ អ្នកចម្រៀងត្រូវគេតាមបាញ់សម្លាប់ ខ្លះស្លាប់មួយកំណាត់ខ្លួន រស់នៅខ្មោចមិនដូចខ្មោច មនុស្សមិនដូចមនុស្ស បានត្រឹមតែជាសត្វចម្លែកដើរកាត់ភូមិ ផ្អើលគោក្របី ឲ្យឆ្កែសង្ស័យ ឲ្យក្មេងភ័យលស់ព្រលឹង ព្រោះរុំកំណាត់មុខដូចនិនចារជប៉ុនអុីចឹង នេះឯងមិនជឿកម្មលិខិត ព្រោះតែការស្រើបស្រាលភ្លើតភ្លើននឹងលោកធម៌នោះឯង »។ ពូហេង « កុំបន្ទោសតែម្ខាងឲ្យសោះ បើទំពក់វាមិនទៅ ព្នៅក៏វាមិនមកដែរ »។ «ស្រីខ្លះគ្នាគ្មានមុខរបរ ស្ថានភាពគ្រួសារខ្វះខាត ម្ដាយឪពុក ឬបងប្អូនត្រូវគ្នារ៉ាប់រង ដូចយ៉ាងខ្ញុំនេះ ម៉ែចាស់ជរាល្ងឹតដើរពពើម ឈឺលើសឈាមផង ឡើងបាយភ្នែកផង គ្មានប្រាក់ទិញថ្នាំសង្កូវ ខ្ញុំជាស្រីអត់មុខរបរ គ្មានចំណេះដឹងអីនឹងគេ តើខ្ញុំរកសុីអីទៅពូ ? » នាងមុំទម្លាក់សម្លេងបន្តិច ព្រោះអួលដើមក រួចបន្តទៀតថា ៖ « ពូដឹងទេជីវិតខ្ញុំនេះត្រូវផ្សងព្រេងយ៉ាងណា? អាយុមិនទាន់គ្រប់ការ ត្រូវម្ចាស់ផ្ទះចាប់រំលោភដូចសត្វធាតុ រួចគេបោះលុយឲ្យបួនប្រាំមឺុនរៀល ហើយបណ្ដេញចេញពីផ្ទះព្រោះខ្លាចបែកការណ៍ ខ្ញុំល្ងង់មិនចេះអក្សរ មិនដឹងជាត្រូវរកយុត្តិធម៌នៅឯណា ក្រៅពីជាយសំពត់ដែលត្រូវទាញយកមកជូតទឹកភ្នែកនោះទេពូ » និយាយដល់ត្រឹមនេះ នាងមុំទប់ទឹកភ្នែកលែងបាន ប្រឹងដកដង្ហើមវែងស្រូបយកខ្យល់ឲ្យពេញសួតដើម្បីរម្ងាប់សេចក្ដីឈឺចាប់មុននឹងនិយាយនប្ត ៖ « ស្រីខូចក៏ជាមនុស្ស ខ្ញុំមានបេះដូងដូចគេឯងដែរណាពូ ដោយសារតែអាសូរម្ដាយចាស់ដែលដេកថ្ងូររាល់យប់ ខ្ញុំយកជីវិតទៅប្ដូរនិងប្រាក់ ភ្ញៀវខ្លះគេវាយធ្វើបាបខ្ញុំដូចសត្វធាតុ គេចាប់បង្ខំតាមអំពើចិត្ត ពួកគេមិនដែលគិតសោះថា បើមានប្រុសណាប្រព្រឹត្តអំពើបែបនេះលើកូនចៅក្រុមគ្រួសារគាត់វិញ តើគាត់គិតយ៉ាងណា? ភ្ញៀវខ្លះអាងអំណាច គំរាមសម្លុតស្រីយកទៅរំលោភបំពាន ទាំងគ្នាមិនបានលក់ខ្លួនផង ។ ខ្ញុំឃើញគេបង្កើតកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខ្ញុំសែនត្រេកអរ នឹកចង់ថ្វាយបង្គំអ្នកមានមេត្តាធម៌នោះ តែមិនមានច្រើនកន្លែង ហើយនៅឆ្ងាយពីភូមិយើងទៀត ខ្ញុំមិនអាចទៅរៀនទុកឲ្យម៉ែនៅតែម្នាក់ឯងបានឡើយ ហើយបើខ្ញុំមានជម្រើស ខ្ញុំនឹងផ្លាស់ប្ដូរមុខរបរដែលសង្គមស្អប់ខ្ពើមនេះហើយ » នាងដកដង្ហើមធំបន្តិច ។ពេទ្យហេងដកដង្ហើមឃូរដែររួចបន្តថា ៖ ជីវិតគឺជាទុក្ខដូចព្រះថាមែន ការឈឺចាប់មានគ្រប់ច្រកល្ហកលើផែនដីដ៏ផុយស្រួយនេះ ឱ ! កូនស្រី ពូមិនដឹងថាឯងមានការតស៊ូក្នុងឆាកជីវិតដល់ម្លឹងសោះ អុីចឹងទេតើ បានព្រះជ័យវរ្ម័នទី៧ ទ្រង់មានរាជឱង្ការថា #ទុក្ខសោករបស់រាស្ត្រគឺទុក្ខសោករបស់អញ #អញឈឺមិនមែនជាជម្ងឺអញទេ #តែឈឺព្រោះឃើញរាស្ត្រមានសេចក្ដីទុក្ខ ។ ឱ ! ព្រះបាទធម្មិករាជ ជាក្សត្រទ្រង់ធម៌ ព្រះកិត្តិនាមរបស់ព្រះអង្គបានចារឆ្លាក់ក្នុងក្រអៅបេះដូងយើងគ្រប់គ្នាតជាប់រាប់ជំនាន់រហូត ។ ក្សត្រដែលល្អ គឺគ្រប់គ្រងរាស្ត្រឲ្យមានសេរីភាព សម្បូរសប្បាយ មិនដូចពាក្យតម្អូញរបស់កវីង៉ុយថា « #នគរថ្កើងប្លែក #សប្បាយតែភ្នែ់ក #ក្នុងចិត្តរងកម្ម » កាលណាទៅទើបបានគេនាំគ្នាយល់ថា បើស្វែងរកទ្រព្យ យើងនឹងអស់ទ្រព្យ បើចំណាយទ្រព្យ យើងនឹងបានទ្រព្យ គឺទ្រព្យនៅសុគតិ ។ ទេវតានឹងមិនឆ្លើយតបចំពោះការឧទិ្ទសដ្ឋាន ដែលពោរពេញដោយអំពើបាប ហើយក៏មិនប្រគេនពរដល់ទុរគតជន ដែលចេះតែអង្វរ លន់តួ ដោយឥតបញ្ញានោះដែរ។ ទង្វើអាក្រក់របស់មនុស្សម្នាក់ៗ គឺចាត់ទុកដូចជាការសាងសេចក្ដីស្លាប់ឲ្យខ្លួនឯង ប៉ុន្តែក្នុងកាលៈទេសៈដែលមនុស្សក្រហើយទាល់ទៀត តើគេអាចជៀសពីទង្វើអាក្រក់បានដែរទេ ? មិនត្រូវបំផ្លាញចោលទេនាំឲ្យខូចពូជអម្បូរ ត្រូវរស់ចាំថ្ងៃលាចាកលោកនេះដោយក្ដីបរិសុទ្ធទៅចុះ ។ « ព្រោះលោកនេះ គឺជាលោកនៃសេចក្ដីវិនាស » តាសន ភ្លាត់មាត់កាត់ប្រសាសន៍ ។ ពេទ្យហេង « អើ..! មុំ អ្ហើយ ពូមានបទពិសោធខ្លះ ចង់ប្រាប់ដល់ឯង គ្រាន់បានញាំងជីវិតឲ្យរស់នៅបានយូរ បានបម្រើម្ដាយចាស់ជរា »ពេទ្យហេងមិនទាន់និយាយចប់ផង នាងមុំលូកមាត់កាត់ភ្លាមថា ៖ សូមអរគុណពូ សូវរស់ក្បែរម៉ែទោះវាយស្ដីជេរ ខ្ញុំមិនចង់រស់នៅជាមួយគេឡើយ បើទោះជាត្រូវដកស្ទូងទាំងគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះពេលយប់បានគេងកើយទ្រូងម៉ែ តើពូចង់ណែនាំខ្ញុំពីអ្វីខ្លះទៅពូ? ពេទ្យហេងលើកដៃអង្អែលក្បាលនាងមុំថ្នមៗ ទាំងមានដានទឹកភ្នែករងថ្លាដក់លើផែនថ្ពាល់ដ៏យុរយាររបស់គាត់ព្រោះតែចិត្តករុណា ។ ធម្មជាតិសព្វថ្ងៃប្រែប្រួលអស់ហើយ មិនដូចពីមុនទេ ឯងមិនត្រូវទុកចិត្តអ្នកណាទាំងអស់ ថាគ្មានផ្ទុកមេរោគអេដ៏នោះឡើយ ។ សព្វថ្ងៃនេះ រកថ្នាំព្យាបាលរោគអេដ៏មិនទាន់ឃើញផង (ឃើញតែថ្នាំពន្យារ) ស្រាប់តែលេចចេញនូវវារុស អេចភីវី បង្កឲ្យកើតមហារីកមាត់ស្បូនយ៉ាងសាហាវទៀត ប៉ុន្តែអាចការពារបានដោយសារ ការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ ។ តើពេលណាខ្លះ ដែលអាចឲ្យឯងភ្លេចប្រើស្រោម? ពេលឯងឃើញគេក្មេង សាច់គេស្អាត កុំនឹកស្មានថារូបគេនោះគ្មានរោគឲ្យសោះ ។ ពេលឯងស្រឡាញ់គេ យកគេធ្វើជាសង្សារ ជឿថាគេស្មោះចំពោះឯងតែម្នាក់ វាស្មោះជាមួយឯងបាន វាក៏អាចស្មោះជាមួយអ្នកដទៃបានដូចគ្នា ។ ពេលឯងឃើញគេឲ្យលុយច្រើន ក៏ភ្លើតភ្លើនភ្លេចប្រើស្រោម ឬគេឲ្យលុយច្រើន ជាថ្នូរនឹងការរួមភេទដោយមិនប្រើស្រោម ដូចជានាងសាន បានប្រាប់ពូ ពេលភ្ញៀវបរទេសហៅវាទៅដេក វាដាក់លុយ ១០០ ដុល្លាលើភ្លៅ ក៏នឹកក្នុងចិត្តថា ត្រូវតែប្រឹងតស៊ូទប់ទល់ បើទោះត្រូវទទួលការឈឺចាប់ម្ដេចក្ដី ទីបំផុតត្រូវវាថតរូបផង វាកាច់ដៃកាច់ជើង ក្រឡាប់ផ្កាប់ផ្ងារគ្រប់ម៉ូដគ្រប់ម៉ាក ឈឺចាប់ពេកទ្រាំលែងបាន ក៏លើកដៃសំពះសុំតែមួយមុឺនរៀលជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដេកបិទកៅអៀកខ្លាផង ស្អំស្រាពន្លៃផង អស់មួយអាទិត្យទើបដើររួច ។ ពេលយប់ជ្រៅភ្ញៀវហៅប្រយ័ត្ន ក្រែងរវល់តែងុយដេកក៏អាចភ្លេចប្រើស្រោមបានដែរ ។ ការផឹកស្រា ឬការប្រើគ្រឿងញៀននេះក៏ដូចគ្នា វាពង្វក់ឲ្យវង្វេងស្មារតីភ្លេចប្រើស្រោម ដូចយកជីវិតទៅប្រលែងលេងនឹងសេចក្ដីស្លាប់អុីចឹង ។ គេអាចលួចដាក់ថ្នាំ យើងមិនដឹង ពេលផឹកទៅលែងមានសតិប្រុងប្រយ័ត្ន ។ កន្លែងរាំបាររាំក្លឹបនេះក៏អុីចឹងដែរ ចំហាយបាញ់ឈ្ងុយៗ គេអាចលាយថ្នាំឲ្យញៀនសប្បាយវង្វេងវង្វាន់ លុះឃើញយើងស្រវឹងគេចាប់បង្ខំអត់ឲ្យលុយក៏មាន ។ គេឲ្យលុយច្រើន ឲ្យឯងសេពមេថុនតាមមាត់ តាមរន្ធគូទ គ្រោះថ្នាក់ងាយឆ្លងរោគណាស់ ភ្ញៀវធ្វើពុតមិនចេះពាក់ស្រោម ឬលួចដោះស្រោមចេញ លួចក្ដិចចុងស្រោមឲ្យធ្លាយ បំណងចង់ចម្លងរោគឲ្យទៅអ្នកដទៃ ព្រោះជំនឿពីបុរាណតៗមកថា បើបានចម្លងរោគឲ្យទៅអ្នកដទៃ នោះខ្លួននឹងបានជាសះស្បើយ ។ ពេលខ្លះភ្ញៀវធ្វើុពុតជាខ្មាស សុំបិទភ្លើង ប៉ុន្តែគេមិនព្រមពាក់ស្រោមក៏មាន ហើយឯងក៏ត្រូវប្រុងប្រយ័ត្នថែមទៀត ពេលភ្ញៀវគេហៅទៅក្រៅ គេប្រាប់ថា គេតែម្នាក់ឯង ពេលទៅដល់កន្លែងគេ ស្រាប់តែគ្នីគ្នាគេបួនដប់នាក់ ចាប់បង្ខំឯងដោយអត់ប្រើស្រោម ដែលគេហៅថាបូកឬបោកគ្រាប់បែក (លេងស្រីហើយរត់ចោលអត់ឲ្យលុយ) ក៏មាន ។ ឯពួកម៉ាកឬមួយដែលមកញឹកញាប់ អាងតែលើកមុនមិនអី លើកក្រោយមិនប្រើស្រោម នេះគ៏គ្រោះថ្នាក់ដែរ ។ .... យ៉ាងណាសតិសម្បជ្ជញ្ញៈត្រូវដើរតួរយ៉ាងសំខាន់ ត្បិត វិថីជីវិតដែលពិបាកដើរ តែគឺស្ថិតត្រង់ខ្វះវិធានការណ៍មិនគោរពភារកិច្ចនិងកតព្វកិច្ចតួនាទី ជាបុគ្គលងងឹតទាំងភ្នែកមើលឃើញ ពេលសង្គ្រាមចង្ក្រានចានឆ្នាំងផ្ទុះឡើង ប្រៀបដូចទឹកល្អក់រកមើលអីក៏មិនឃើញដែរ ចិត្តល្អក់រកគិតអីមិនចេញ វិភាគបានតែគំនិតបំភាន់ ដាក់ទឹកល្អក់ចុះនៅឲ្យស្ងៀមបានវាថ្លា តែកាលណាចិត្តថ្លាភ្លឺល្អហើយ មើលអីគិតអីក៏ច្បាស់លាស់ដែរ ៕ ![Screenshot_2018-11-23-17-10-45.png](https://serey.io/imageupload_data/9d2fa5b15ee5a59c24dadbbf8bcac9ad12f42790) ![Screenshot_2018-11-23-17-09-51.png](https://serey.io/imageupload_data/50d55af7c19cc43ff13c06b260b6d759ee7895ba) @vannlyda Sang Nuth
0.000 SRY$0.00
Global
Global

Comments