Serey is utilizing Blockchain technology

នឹកគ្រាដើម

time-queen

ឃើញរូបនេះ ក៏នឹកស្រមៃកាលខ្ញុំនៅពីក្មេង។ អ្នកម្តាយខ្ញុំគាត់អ្នកបាត់ដំបង ក្រោយរៀបការហើយប៉ាខ្ញុំក៏ផ្លាស់មកធ្វើការឯភ្នំពេញព្រោះគាត់ជាគ្រូ។ ដោយសារជីតា ជីដូនខ្ញុំនៅឯបាត់ដំបងអឺចឹងម្តាយខ្ញុំគាត់ក៏ឧស្សាហ៍ឡើងមកបាត់ដំបងពេលមានបុណ្យម្តងៗ ដោយជិះរថភ្លើង។ ជំនាន់នោះរថភ្លើងមានពីរប្រភេទ គឺប្រភេទក្បាលដុតអុស និងក្បាលប្រើម៉ាស៊ូត។ ចំពោះក្បាលដុតអុសមានតែអ្នកស្រែចម្ការទេដែលជិះព្រោះគាត់ត្រូវការដឹកទំនិញពីខេត្តមកលក់នៅភ្នំពេញ និងយកពីភ្នំពេញទៅខេត្ត ព្រោះសំបុត្រថោកតែរត់យឺត។ រីឯក្បាលម៉ាស៊ូតសំបុត្រថ្លៃ ជាប្រភេទរថភ្លើងដឹកអ្នកដំណើរ មិនសូវឈប់តាមចំណតតូចៗទេ មានរត់ពេលថ្ងៃនិងរត់ពេលយប់ រត់ពេលយប់ក្នុងទូមានគ្រែឱ្យគេង ជំនាន់នោះចាស់ៗហៅរថភ្លើងដឹកអ្នកដំណើរនោះថាអូតូរៃ បែបមកពីពាក្យ Auto Rail ក៏មិនដឹង។ 
ខ្ញុំចាំថាជិះអូតូរៃដូចជាចំណាយពេលកន្លះថ្ងៃដែរពីភ្នំពេញទៅបាត់ដំបង។តាមដងផ្លូវមើលឃើញសន្ទូងខៀវស្រងាត់ រំលេចដោយកុកចុះសព្រាតដូចគេបាចក្រដាសក្នុងស្រែ បើខែប្រាំងវិញ គោក្របីឈរបោចស្មៅទំពារអៀងតាមភ្លឺស្រែលាន់ត្រដោកក្លេងក្លឹងៗ ជាមួយគ្រលីងគ្រលោង ប្រលែងគ្នាលេង និងរីកក្របី។
រថភ្លើងពីដើមរត់ច្រើនខ្សែ មិនមែនរត់ផ្លូវមួយម្នាក់ឯងគើមៗដូចឥឡូវអឺចឹងទេ គេកំណត់ម៉ោងរងចាំចៀសគ្នាតាមចំណតនិមួយៗ ដូច្នេះតែដល់ម៉ោងគេចេញអត់ចាំលោកធំណាទេ ហេតុនេះហើយបានពីដើមតែងមានពាក្យនិយាយថាប្រយ័ត្នរទេះភ្លើងចេញចោល។
តាមផ្លូវពីភ្នំពេញ ទៅបាត់ដំបង នៅលើរថភ្លើងមានគេលក់នំចំណីដែរ តែថ្លៃដូច្នេះហើយអ្នកជិះរងចាំទិញពេលរថភ្លើងឈប់តាមចំណតនិមួយៗ។ ពេលរថភ្លើងឈប់តាមចំណតនិមួយៗ អ្នកលក៎រត់ប្រញ៉ាយមកតាមបង្អួច មានមាន់អាំង ពងទាស្ងោរ អាពីង កង្កែបបោប ត្រីងៀត ត្រីអាំងបុកអំពិល កប់ត្រីស្រែ កំពិសបំពងម្សៅ,,,និយាយទៅម្ហូបសំបូរណាស់ នេះមិនរាប់ពីផ្លែឈើព្រៃដែលអ្នកស្រុកបេះមកលក់ផង។ កាលជំនាន់នោះគ្មានទឹកបរិសុទ្ធលក់ដូចឥឡូវទេ គេដាំទឹកតែដាក់ទឹកកកច្រកថង់លក់។
អ្នកដំណើរមិនគ្រាន់តែទិញញ៉ាំខ្លួនឯងទេ ខ្លះឆ្លៀតទិញអាហារប្លែកៗផ្ញើបងប្អូនផង។
ពេលទៅដល់បាត់ដំបង យើងហៅរឺម៉កជិះទៅកាន់គោលដៅរៀងៗខ្លួន។

284.992 SRY$0.00
Global
Global

Comments