ពន្ធអង្ករ និងEBA ៖ សហព័ន្ធស្រូវអង្ករសុំឲ្យEUក្រឡេកមើលកសិករជាងកន្លះលានគ្រួសារ

ជាតិសេដ្ឋកិច្ចការដាក់ពន្ធអង្ករ និងEBA ៖ សហព័ន្ធស្រូវអង្ករ សុំឲ្យ EU ក្រឡេកមើលកសិករជាងកន្លះលានគ្រួសារ 23, Aug 2019 , 8:39 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: ញ៉ុង ហេង
ភ្នំពេញ៖ ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា បានទទួលបន្ទុកមួយរួចទៅហើយ គឺការដាក់វិធានការការពារ (safeguard) របស់សហភាពអឺរ៉ុប ដោយបានផ្ដើមគិតពន្ធអង្កររបស់កម្ពុជាដែលនាំចូលទីផ្សារមួយនេះ ចាប់ពីដើមឆ្នាំ២០១៩។ តែមិនចប់ត្រឹមនេះទេ វិស័យស្រូវអង្ករកម្ពុជាក៏ប្រឈមការយកពន្ធមួយទៀត បើEBA ត្រូវបានដកនោះ។
បញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករនេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២២ខែសីហា ដែលបានដាក់ចំណងជើងថា«ការពិតពីគ្រាប់អង្ករ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើដល់សហគមន៍អឺរ៉ុបជួយលើកកម្ពស់ជីវភាពប្រជាកសិករជាងកន្លះលានគ្រួសារ»។
សហព័ន្ធស្រូវអង្ករ អះអាងថា ការយកពន្ធ ដែលចាប់អនុវត្តពីដើមឆ្នាំ២០១៩ បានធ្វើឲ្យការនាំចេញអង្ករទៅទីផ្សារ EU ក្នុងឆមាសទី១ឆ្នាំនេះធ្លាក់ចុះពាក់កណ្ដាល ដែលសម្រេចបានត្រឹមជិត៩៣០០០តោនប៉ុណ្ណោះ។
សហព័ន្ធ ប្រាប់ថា ការយកពន្ធនេះបានប៉ះពាល់ដល់កសិករកម្ពុជា។ CRF លើកឡើងដូច្នេះថា៖«ការកំណត់ពន្ធនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាង៥០ម៉ឺនគ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ដែលប្រភេទពូជស្រូវទាំងនេះ ត្រូវបានដាំដុះនៅក្នុងភូមិសាស្ត្រជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយផលិតផលដែលដាំដុះក្នុងសហគមន៍នៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ»។
CRF បន្តថា ការយកពន្ធនេះបានធ្វើឲ្យឈឺចាប់រួចទៅហើយ តែឥឡូវសហគមន៍អឺរ៉ុបកំពុងពិចារណាដកប្រពន្ធអនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែអាវុធ(EBA) ទៀត។ សហព័ន្ធស្រូវអង្ករ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១មក ប្រព័ន្ធអនុគ្រោះពន្ធ EBA បានផ្ដល់គោលនយោបាយធានាសុវត្ថិភាពមួយ លើសេដ្ឋកិច្ចទាំងមូលអាចផ្ដល់លទ្ធភាពអោយមានកំណើនដ៏ខ្លាំងក្លា និងឧត្តមភាពនៃកំណើនតម្រូវការពីទីផ្សារពិភពលោក។ ហើយការដក EBA ត្រូវបានសហព័ន្ធចាត់ទុកថា៖«ការវាយបំផ្លាញមួយដែលនាំឲ្យឧស្សាហកម្មស្រូវអង្ករត្រូវខ្ទេចខ្ទី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ»។
«បើគ្មានEBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអាសាបង់។ ហេតុនេះសហព័ន្ធស្រូវអង្ករ សូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជា ជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារដែលកំពុងធ្វើកន្លងមក»។ CRF ស្នើទៅកាន់សហភាពអឺរ៉ុបយ៉ាងដូចនេះ៕
https://www.thmeythmey.com/?page=detail&id=81946
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments