រដ្ឋមន្ត្រីរ៉ែ៖ កម្ពុជា មានប្លុកប្រេងកាត២៥កន្លែង ហើយខាងមុខ នឹងមានប្រេងខ្លួនឯង

រូបភាពពីAKP
ដោយ: ឡាយ សុភាវតី
បច្ចុប្បន្នកម្ពុជាមានប្លុកប្រេងកាត២៥កន្លែង ទាំងក្នុងដែនសមុទ្រ និងដែនគោក ដែលអាចបូមខួងយកប្រេង។ លោក ស៊ុយ សែម រដ្ឋមន្រី្តក្រសួងរ៉ែនិងថាមពល បានអះអាងថា កម្ពុជានឹងមានតំណក់ប្រេងប្រើប្រាស់ខ្លួនឯងនៅពេលខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ជាតិរដ្ឋមន្ត្រីរ៉ែ៖ កម្ពុជា មានប្លុកប្រេងកាត២៥កន្លែង ហើយខាងមុខ នឹងមានប្រេងខ្លួនឯង 07, Jun 2019 , 8:59 am
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាពរូបភាពពីAKP
រូបភាពពីAKP
ដោយ: ឡាយ សុភាវតី
បច្ចុប្បន្នកម្ពុជាមានប្លុកប្រេងកាត២៥កន្លែង ទាំងក្នុងដែនសមុទ្រ និងដែនគោក ដែលអាចបូមខួងយកប្រេង។ លោក ស៊ុយ សែម រដ្ឋមន្រី្តក្រសួងរ៉ែនិងថាមពល បានអះអាងថា កម្ពុជានឹងមានតំណក់ប្រេងប្រើប្រាស់ខ្លួនឯងនៅពេលខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
លោក ស៊ុយ សែម បានអះអាងថា «ការគូសផែនទីប្រេងកាត ផ្ដោតលើដែនគោកនិងសមុទ្រ ហើយបច្ចុប្បន្នកម្ពុជាមានប្លុកប្រេង២៥។ តំបន់ប្រេងកាតមាននៅដែនសមុទ្រ៦ប្លុក គោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។» ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោករដ្ឋមន្រី្ត បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧០ ក្រុមការងារប្រទេសបារាំង បានស្វែងរកធនធានប្រេងកាត ហើយបានខួងអណ្ដូង៣កន្លែងនៅដែនសមុទ្រកម្ពុជា។ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារសង្គ្រាម រហូតដល់ឆ្នាំ១៩៨៧ ទើបក្រុមជំនាញប្រេងកាតសហភាពសូវៀតបានចាប់ផ្ដើមសិក្សាស្រាវជ្រាវឡើងវិញ ហើយគូសផែនទីបែងចែកប្លុករុករកប្រេងទូទាំងកម្ពុជា។
បន្ទាប់ពីកម្ពុជារកឃើញតំបន់ប្រេងកាត ហើយនៅឆ្នាំ១៩៩១ កម្ពុជាបានដាក់ដេញថ្លៃប្លុកប្រេងនៅដែនសមុទ្រលើដំបូង ហើយបានផ្ដល់សិទ្ធិរុករកនៅដែនសមុទ្រឲ្យក្រុមហ៊ុនចំនួន៣។
មកដល់ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតនិងផ្ដល់សិទ្ធិឲ្យសាជីវកម្មប្រេងកាតជប៉ុន វាស់ស្ទង់តាមអាកាសដើម្បីវាយតម្លៃស្ថានភាពភូគព្ភសាស្ត្រជុំវិញតំបន់ទន្លេសាប និងតំបន់ ទន្លេមេគង្គ។ នៅក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងប្រេងកាតនៅតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជានិងថៃ ឲ្យក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀត។
សកម្មភាពរុករកប្រេងកាតនៅកម្ពុជាកាន់តែដំណើរការច្រើនទាំងដែនគោកនិងសមុទ្រ ជាពិសេសឆ្នាំ២០០២ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀមប្រេងកាតនៅប្លុក «A» ឲ្យក្រុមហ៊ុន Chevoron ដើម្បីរុករកប្រេងនៅដែនសមុទ្រកម្ពុជា។ បន្ទាប់មកក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទិ្ធឲ្យក្រុមហ៊ុន Petroleum Geo-Services ធ្វើការវាស់ស្ទង់ 2D Seismic ទាំងដែនគោកនិងសមុទ្រ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀមប្រេងកាតជាមួយក្រុមហ៊ុន មកពីប្រទេសថៃ ចិន ជប៉ុន វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីរុករកប្រេងកាតនៅកម្ពុជា។
ជាមួយគ្នាដែរនៅវិមានរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតប្រេង នឹងដាក់ចូលក្នុងសម័យប្រជុំសភាឆាប់ៗនេះ។ AKP បានស្រង់សម្តីរបស់លោកស្រី ទៅចុះផ្សាយថា «មុននឹងដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំនោះ សេចក្តីព្រាងច្បាប់នេះ ក៏នឹងត្រូវឆ្លងកាត់ការសិក្សាពីគណៈកម្មការជំនាញ រដ្ឋសភាទាំងអស់ផងដែរ។ កម្ពុជានឹងមានប្រេងប្រើប្រាស់ផ្ទាល់ខ្លួននៅពេលខាងមុខនេះ ដែលករណីនេះរាជរដ្ឋាភិបាលបានកំពុងតែខិតខំគិតគូរយ៉ាងខ្លាំង»៕

www.thmeythmey.com/?page=detail&id=79019
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments