ខ្លះៗអំពីសត្វគោព្រៃដែលជាសត្វតំណាងអោយប្រទេសកម្ពុជា
➡️គោព្រៃជាប្រភេទគោសាទិសមានរូបរាងស្រដៀងទន្សោង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេអាចសម្គាល់វាបានច្បាស់តាមលក្ខណៈមានបួរវែងធា្លក់ចុះដល់ជង្គង់ និងស្ទើរតែដល់ដីនៅពេលវាចាស់។
➡️ស្នែងគោព្រៃឈ្មោល និងញីមានលក្ខណៈខុសគ្នា ដោយសារស្នែងឈ្មោលធំជាងស្នែងញី វាដុះចេញមកក្រៅកោងទៅមុខរួចងើបឡើងលើ និងមានបែកចុងស្នែង នៅពេលវាមានអាយុប្រមាណ ៣ឆ្នាំ។
➡️ស្នែងញីដុះមកមុខរាងងើបបន្តិច រួចរមួលឡើងលើ។ ជើងក្រោមជង្គង់ទាំងបួនមានពណ៌ស ឬប្រផេះ និងនៅផ្ទៃខាងក្រោយនៃគូទពុំមានដាងពណ៌សដូចទន្សោងទេ។ សម្បុរគោព្រៃអាចប្រែប្រួល នៅពេលក្មេងមានសម្បុរត្នោត ដល់ជំទង់មានសម្បុរប្រផេះ និងប្រផេះចាស់នៅពេលវាចាស់។ គោព្រៃឈ្មោលពេញវ័យមានកម្ពស់រហូតដល់ ១,៨១ម៉ែត្រ។
➡️ គោព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះវាលស្មៅមានព្រៃគម្ពោត និងជាពិសេសនៅតំបន់ដីច្រាប។ វារស់នៅជាហ្វូង ជួនកាលគេអាចជួបប្រទះវារស់នៅជាមួយហ្វូងទន្សោង ខ្ទីង ឬប្រើសផងដែរ។ វាចេញទៅរកស៊ីនៅពេលព្រលឹម និងព្រលប់។ គោព្រៃបន្តពូជនៅខែមេសា និងបង្កើតកូននៅខែធ្នូ ឬមករា។ វាជាសត្វដែលឆាប់ផ្អើលជាងប្រភេទសត្វដទៃទៀត។ គោព្រៃមានកម្លាំងខ្លាំង ពួកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។
➡️ គោព្រៃជាប្រភេទមួយកម្របំផុត។ វាអាចមាននៅតំបន់មួយចំនួនដូចជាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ភូមិភាគឦសានមានខេត្តមណ្ដលគីរី រតនគីរី និងស្ទឹងត្រែង។ គោព្រៃមានវត្តមានតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ក្នុងរយៈកាល ៣០ឆ្នាំកន្លងមកនេះ គេពុំដែលប្រទះឃើញវត្តមានគោព្រៃទេ តែគេនៅមានសង្ឃឹមតិចតួចដែរថា វាអាចនៅមានជីវិតរស់នៅក្នុងប្រទេសនៅឡើយ។
➡️គោព្រៃត្រូវបានកំណត់ជាសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា (មរតកធម្មជាតិ) តំណាងឲ្យពពួកថនិកសត្វ។ វាស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទត្រូវបានចុះក្នុងបញ្ជីក្រហម IUCN(CR) ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជបំផុតនៅលើពិភពលោក។ គោព្រៃត្រូវបានហាមឃាត់ការបរបាញ់តាំងពីសម័យមុនសង្គ្រាមនៃទស្សវត្សរ៍ទី៦។ គោព្រៃត្រូវបានចុះក្នុងឧបសម្ព័នទី១ នៃអនុសញ្ញាសាយតេស។


Comments