អត្ថន័យ ពាក្យថា ប្រេត
ប្រេត អានថា ប្រែត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា "បេត" អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជា មនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញ ប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្ក្រឹតទៅជាភាសាចិនថា "អេគុយ" (egui) ដែលមានន័យផ្សេងថា "ខ្មោចស្រេកឃ្លាន" ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និង ផ្នត់គំនិតខ្មែរ និង សាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬ ព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និង ជនជាតិចិនដូចគ្នា ។ ដូច្នេះការបកប្រែភាសា និង ការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួល ដែលនាំឲ្យកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។

តាមន័យនៅក្នុងគម្ពីរបេតវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឺជា បុថុជ្ជន ឬ ជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្មផ្សេងៗកាលពីនៅជាមនុស្ស ។ បើពិចារណាតាមលក្ខណៈវិទ្យាសាស្ត្រ មនុស្សស្លាប់គ្មានបន្សល់អ្វីជាគ្រឿងសម្រាប់ចងចាំទេ ។ ទោះបីសាច់ញាតិយកសាកសពទៅដុតកំទេចចោល យកទៅកប់ក្នុងដី បោះចោលក្នុងទឹកសមុទ្រឬទន្លេ ឬកាត់ចិញ្ច្រាំឲ្យត្មាតស៊ីក៏ដោយ ក៏សាកសពនោះគ្មានអ្វីសល់សេចក្តីចងចាំឬព្រលឹងវិញ្ញាណអ្វីឡើយ ។ បើញាតិកប់ខ្មោចក្នុងដី សាច់រាងកាយនឹងផុយរលួយមុនគេ ក្រោយមកឆ្អឹងក៏នឹងរលាយទៅជាដីបាត់នៅថ្ងៃណាមួយជាប្រាកដ ។ តើខ្មោចនោះមានអ្វីសេសសល់ដែលអាចរក្សាការចងចាំថា បុគ្គលនេះជាសាច់ញាតិរបស់ខ្លួន ឬ មានការឈឺចាប់ ស្រេកឃ្លាន ឬ ខឹងសម្បារនោះ ? សូម្បីមនុស្សនៅរស់ក៏មានបញ្ហាលំបាកចងចាំទៅហើយ រហូតមានជម្ងឺមួយចំនួនដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ការចងចាំទាំងស្រុងក៏មាន ចុះទម្រាំខ្មោចផុយរលួយខួរក្បាលគ្មានសល់ តើឲ្យវាចាំអ្វីបាន ។
ជំនឿដែលត្រឹមត្រូវមួយចំនួនត្រូវបានមនុស្សខ្លះខំផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនានិកាយថេរវាទគឺមិនមែនចាប់បង្ខំឲ្យមនុស្សល្ងិតល្ងង់ជឿកាន់យក និង បន្តអនុវត្តរហូតមកដល់បច្ចុប្បន្ននោះទេ គឺមានហេតុផលច្បាល់លាស់ ។ ជំនឿដែលមានភាពប្រាកដនិយមទាំងនោះបានបន្លាចថាជនណាដែលបានប្រព្រឹត្តអកុសលកម្ម ដូចជាការសម្លាប់សត្វ, ការលួចទ្រព្យគេ, ការប្រព្រឹត្តខុសក្នុងកាម, ការភូតកុហក និង ការផឹកសុរាមេរ័យ ពេលស្លាប់នឹងទៅកើតក្នុងភពនរក តិរច្ឆាន ប្រេត ឬ អសុរកាយ ។ ពួកគេថែមទាំងបំភ័យថា ទោះមនុស្សក្រុមខាងលើនេះបានកើតជាមនុស្ស ក៏ដោយ ក៏បានត្រឹមតែជាមនុស្សប្រកបដោយទុក្ខវេទនាជាខ្លាំង ។ អ្នកសិក្សាស្រាវជ្រាវខាងសាសនានានានៅលើពិភពលោកបានរិះគន់យ៉ាងខ្លាំងទៅលើការបង្រៀនសេចក្តីជំនឿមានប្រាកដនិយមបែបនេះ ព្រោះថាការបង្រៀនបែបនេះគឺជាវិធីបង្រៀនដែលគ្មានមូលដ្ឋានច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ (ឧទាហរណ៍ ចិត្តវិទ្យា) ដើម្បីឲ្យមនុស្សរៀនធ្វើអំពើល្អប្រកបដោយចិត្តមេត្តា និង ករុណា ។
ក្រុមមនុស្សខ្លះបកស្រាយថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិអំណាច អាចបង្ហាញជារូបរាងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា ។ ប្រេតពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល(របស់មិនស្អាត) ដូចជាសាកសពសត្វជាដើម ។ ប្រេតប្រភេទផ្សេងទៀតគ្មានអាហារស៊ីរហូតអស់ពុទ្ធន្តរ (រយៈពេលចន្លោះការត្រាស់ដឹងនៃព្រះពុទ្ធមួយអង្គទៅមួយអង្គទៀត) ។ ជំនឿដ៏គួរឲ្យអស់សំណើចទាំងនោះបន្តបកស្រាយថា ប្រេតភាគមានច្រើនមិនអាចទទួលបានអាហារដែលញាតិឧទ្ទិសជូននោះទេ មានតែប្រេតប្រភេទ បរទត្តូបជីវកប្រេត ទើបអាចទទួលបាន ។ ចុះបើប្រេតមួយចំនួនធំមិនអាចទទួលអាហារឬបុណ្យដែលញាតិឧទ្ទិសជូននោះបានផង តើញាតិសារលោហិតខំប្រឹងបន្តធ្វើបុណ្យឧទ្ទិសកុសលទៅប្រេតទាំងនោះនៅពេលបុណ្យភ្ជុំបិណ្ឌធ្វើអ្វី ? គឺដើម្បីញុំាងសាមគ្គីធម៌ផងនឹង រក្សាប្រពៃណីផង និងជាការរលឹងដល់អ្នកមានគុណផង។
ទោះបីពុទ្ធសាសនិកជនខ្លះនៅតែជឿថាមានប្រេត មានស្ថាននរក ឬ ស្ថានសួគ៌ ក៏តាមការសិក្សាប្រៀបធៀបអក្សរសិល្ប៍ និង ជីវភាពមនុស្សនៅក្នុងសង្គមឥណ្ឌា បានបង្ហាញថា ប្រេតគឺជាតួអង្គតំណាងប្រជារាស្ត្រក្រីក្រ ឬមនុស្សនៅក្នុងក្រុមចណ្ឌាល (ក្រៅវណ្ណៈ) ដែលទទួលរងការជិះជាន់ មើលងាយមើលថោក កេងប្រវ័ញ្ច គាបសង្កត់ បំបិតសិទ្ធិសេរីភាព ទារុណកម្ម ពីសំណាក់មនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ដែលជាក្រុមមនុស្សមានអំណាច និង អ្នកដឹកនាំប្រទេស ។ សម័យបច្ចុប្បន្ន នៅប្រទេសឥណ្ឌា និង នៅប្រទេសជាច្រើនទៀតដែលគ្មានការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ រាប់ទាំងប្រទេសខ្មែរផងដែរ អំពើថោកទាបរបស់មនុស្សនៃវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ (ពួកអ្នកចេះដឹង និង អ្នកមានទ្រព្យដែលគ្មានគុណធម៌ រួមទាំងអ្នកដឹកនាំប្រទេស) បន្តប្រព្រឹត្តអំពើអានាចារ្យ គាបសង្កត់ បោកប្រាស់រាស្ត្រក្រីក្រ តាមគ្រប់រូបភាព រាប់តាំងពីការបំបិតសិទ្ធិប្រជារាស្ត្រមិនឲ្យមានការធ្វើបាតុកម្មប្រឆាំង អំពើលួចប្លន់ទ្រព្យសម្បត្តិរាស្ត្រ និង ការបំបិតសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ ។ ប្រភព វិគីភីខា
Comments