ផ្កាស្រពោន ភាគ ២
៤
ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃគាត់លើកជូនម្ដាយនាងរួចហើយនាងម្នីម្នាបិទទ្វារផ្ទះហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមដើមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្លែងផ្ទះនាង។
នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅតែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។ គ្រលីងគ្រលោងមួយគូដែលទុំលើមែករុក្ខាយំឆ្លើយឆ្លងគ្នាហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយឮសូរក្រោកៗនាងវិធាវីកំពុងតែស្រងូតចិត្តគិតអាណិតខ្លួនពន់ពេកក្រៃស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកស្វាយទុំដែលជ្រុះរោយរាយលើពសុធា។នាងក៏ងាកទៅមើលទៅហើយក៏ញញឹមព្រាង
« បង! យីបងមកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្ដងហើយ។ មកវ៉ាកងយូរណាស់ហើយមិនហ៊ានមកលេងនឹងខ្ញុំសោះ។»
ប៊ុនធឿនចូលទៅជិតហើយគំនាប់នាងដោយញញឹមស្ងួត។
« អូនកុំនិយាយយ៉ាងនេះនាំឲ្យបាបនឹងទេវតា។បងតែងនឹកនាងមិនមានណាយសោះតែបងឥឡូវ ធ្លាក់យ៉ាកចុនហើយរវល់តែខំជួយកម្លាំងឪពុកម្ដាយ។បងឆ្លៀតឱកាសបុណ្យ១៤ស៊ូយតេ ដើម្បីមកលេងនឹងមីងនួនហើយនិងអូនឯង។
« ម៉ែគាត់មិននៅទេគាត់ទៅវត្តផុតទៅហើយ។»
ដំណឹងនេះធ្វើឲ្យប៊ុនធឿនត្រេកអរឥតឧបមាតែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្ដីឲ្យឃើញឡើយ។
៤
ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃគាត់លើកជូនម្ដាយនាងរួចហើយនាងម្នីម្នាបិទទ្វារផ្ទះហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមដើមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្លែងផ្ទះនាង។
នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅតែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។ គ្រលីងគ្រលោងមួយគូដែលទុំលើមែករុក្ខាយំឆ្លើយឆ្លងគ្នាហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយឮសូរក្រោកៗនាងវិធាវីកំពុងតែស្រងូតចិត្តគិតអាណិតខ្លួនពន់ពេកក្រៃស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកស្វាយទុំដែលជ្រុះរោយរាយលើពសុធា។នាងក៏ងាកទៅមើលទៅហើយក៏ញញឹមព្រាង
« បង! យីបងមកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្ដងហើយ។ មកវ៉ាកងយូរណាស់ហើយមិនហ៊ានមកលេងនឹងខ្ញុំសោះ។»
ប៊ុនធឿនចូលទៅជិតហើយគំនាប់នាងដោយញញឹមស្ងួត។
« អូនកុំនិយាយយ៉ាងនេះនាំឲ្យបាបនឹងទេវតា។បងតែងនឹកនាងមិនមានណាយសោះតែបងឥឡូវ ធ្លាក់យ៉ាកចុនហើយរវល់តែខំជួយកម្លាំងឪពុកម្ដាយ។បងឆ្លៀតឱកាសបុណ្យ១៤ស៊ូយតេ ដើម្បីមកលេងនឹងមីងនួនហើយនិងអូនឯង។
« ម៉ែគាត់មិននៅទេគាត់ទៅវត្តផុតទៅហើយ។»
ដំណឹងនេះធ្វើឲ្យប៊ុនធឿនត្រេកអរឥតឧបមាតែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្ដីឲ្យឃើញឡើយ។
« តើអូនមានទុក្ខយ៉ាងណា!ប្រាប់បងផង?»
នាងវិធាវីដោយអៀនខ្មាសក៏មិនឆ្លើយតបចំពោះពាក្យនេះទេបែរជាស្ដីថា៖
« បងអើយមនុស្សយើងបើប្រាថ្នាអ្វីមួយមិនដែលបានដូចបំណងរាល់ដងទេជូនបានជួនខាន។យើងសម្លឹងទៅមុខមិនឆ្លុះសោះ។ ស្មានជាបាន សទៅជួបឯខ្មៅ ឬផ្ទុយទៅវិញក៏មានដែរ។ អូនសុំលន់តួកាត់សេចក្ដីខ្មាសជម្រាបបងឲ្យជាក់ថាចិត្តអូនមិនប្រែប្រួលពីសច្ចាដែលបានធ្វើមកនោះទេ។ ចិត្តអូនឥឡូវនេះមានសភាពយ៉ាងណាទៅថ្ងៃក្រោយក៏នៅយ៉ាងនោះដែរ។ បើទៅអនាគតយើងនឹងមានអាសន្នក្រ ដូចម្ដេចយើងត្រូវនឹករកគ្នាជានិច្ច។
ដូច្នេះយើងត្រូវមានវត្ថុអ្វីកាន់ខ្ជាប់នៅខ្លួនដើម្បីទុកជាទីនឹករលឹករបស់ជនសំឡាញ់ដែលឃ្លាតឆ្ងាយទៅ។ ហេតុនេះសូមបងទទួលរូបថតនេះទុកចុះ។ »
ប៊ុនធឿនដែលស្មារតីអណ្ដែតទៅឆ្ងាយលុះឮថារូបថតដូច្នោះក៏ភ្ញាក់ខ្លួនព្រើតដាក់ផ្នែកមកមើលឃើញនាងវិធាវីដកកូនរូបថតតូចមួយដាក់ក្នុងកញ្ចក់មូលក្រឡង់ដែលមានសរសៃមាសវង់ព័ទ្ធយ៉ាងចំហុត។
« អូនបងស្ដាប់អូនមិនទាន់បានទេ។ម៉េចអូនថាខ្លាចមានភ័យភិតថ្ងៃក្រោយអូនឯងមានដឹងការអ្វីចម្លែកចូរនាងប្រាប់បងផង។»
« ខ្ញុំមិនមានដឹងការអ្វីចម្លែកទេ។អញ្ជើញបងទៅដោយក្សេមក្សាន្តចុះ។ខ្ញុំមិនហ៊ាននៅនិយាយតែពីរនាក់នឹងបងយូរពេកទេ ខ្លាចមានពាក្យនិន្ទាទៅថ្ងៃក្រោយ។ »
ថាហើយនាងក៏ក្រោកពីអង្រឹងប៊ុនធឿនក៏ឈានជើងដើរចេញទៅមុខស្រងូត។
ភ្នែកនាងវិធាវីតាមមើលគូសង្សារលុះត្រាតែប៊ុនធឿនដើរផុតឆ្ងាយទៅកំបាំងនឹងរុក្ខជាតិទើបនាងដាក់មុខចុះហើយដកដង្ហើមធំ...
សែងព្រះអាទិត្យនៃវេលាល្ងាចស្លឹកល្មុតបណ្ដាលឲ្យមានរស្មីភ្លឺច្រាលដូចកម្ទេចសុវណ្ណ...នាងវិធាវីដែលមានភក្ត្រស្ងប់ស្ងួតនាងអង្គុយមើលធម្មជាតិនិងពពួកមនុស្សដែលដើរហូរហែមកពីមើលបុណ្យ១៤ស៊ូយេត។ នៅសញ្ជាប់សញ្ជឹងយ៉ាងនេះយូរបន្តិចស្រាប់តែយាយនួនស្លៀកពាក់សយួរកញ្ច្រែងស្លាដើរចូលមក។ឃើញកូនមុខក្រៀមក្រំដូច្នោះគាត់ក៏សួរថា៖
« អាវី ! ឯងចង់ទៅមើលបុណ្យនឹងគេហើយ។ យប់នេះគេថាមានរបាំនៅមុខផ្ទះលោកធំល្អមើលណាស់។ បើឯងចង់ទៅមើលចាំអញរកគេជូន។ »
នាងវិធាវីឆ្លើយយ៉ាងតិចៗថា៖
« ទេម៉ែ...កូនមិនចង់ទៅមើលអ្វីទេ។ »
យាយនួនគាត់សម្លឹងមើលមុខកូនគាត់មួយសន្ទុះទើបគាត់ដើរចូលទៅខាងក្នុងទឹកមុខគាត់មានអាការៈប្រែប្រួលសំដែងឲ្យឃើញថាគាត់មានមនោគតិអ្វីៗមួយពុំខាន។
៥
យាយនួនគាត់ឃើញថាកូនគាត់មានអផ្សុកក្នុងចិត្ត។បើប្រសិនជាមានគូស្រករទៅហើយចេះស្រឡាញ់គ្នាផងនោះមុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នេះហើយតោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវីពីប៊ុនធឿនចេញព្រោះគាត់យល់ថាការជំពាក់ពាក្យគ្នាយ៉ាងនេះជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មានស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាសដែលគាត់ខំរកនោះភ្លាម។
យាយនួនគាត់មានសម្លាញ់ម្នាក់ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្ត សង្កែ។មិត្តទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។
មានថ្ងៃមួយក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមកគេឃើញស្ត្រីម្នាក់សក់កាត់ជ្រងអាយុប្រហែលជាង៦០ហើយតែរឹងប៉ឹងនៅឡើយ។ដូចចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែពាក់អាវផាប៉ាន ស ពានាក្រមាទេសឯកដែរនោះបានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួនហើយគាត់ក៏ដើរចូលទៅ កាន់គេហដ្ឋាននេះ។
បន្តិចក្រោយមកគេឮសូរមាត់យាយនួនស្រែកថា៖
« អាវីអើយ ! អុំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លាយកមក »
ថាហើយគាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្តគាត់
« អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមកអង្គុយលើក្ដារមិនកើតទេប្រឡាក់ខៀនអស់ហើយ។»
យាយចាន់ឆ្លើយ៖
« មិនអីទេក្ដារនេះរលីងស្រិលអង្គុយត្រជាក់ស្រួលណាស់ »
ខណៈនោះនាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវទើបនាងលើកដៃសំពះ
« ជម្រាបសួរអ៊ុំ!»
យាយចាន់ដែលភ្នែកសម្លឹងរាងកាយនាងយុវតីមិនដាច់ក៏ឆ្លើយថា៖
« ថ្វាយព្រះក្មួយ!យីក្មួយឯងកើតអីក៏ស្គមស្លឺតស្លាំងម្ល៉េះ? »
« ខ្ញុំឥតឈឺថ្កាត់អីទេអ៊ុំ! »
យាយចាន់ចាប់ម្លូមួយសន្លឹកមកបៀកផ្ចិតផ្ចង់ពមទៅក្នុងមាត់ហើយទើបទំពាបណ្ដើរបែរនិយាយទៅកាន់ស្ត្រីម្ចាស់ផ្ទះបណ្ដើរ
« យីឯង!យើងចុងខែអស្សុជទៅហើយក៏នៅមានភ្លៀងមេធំៗម្ល៉េះ »
« ខ្ញុំចូលចិត្តតែភ្លៀងធំៗអីចឹងបើភ្លៀងរួចវាស្រស់ដីតែម្ដង។ឯភ្លៀងរលឹមធ្វើឲ្យធុញអផ្សុកណាស់។»
«ចាស៎អីចឹងមែន !»
ថាហើយយាយចាន់ទាញកន្ថោរមកស្ដោះ ពណ៌ឈាមឮសូរច្រចៗរួចយកកន្សែងក្រហមមួយមកជូតមាត់ទើបចាប់និយាយទៅទៀត
« ខ្ញុំមកជួបនួនឯង ព្រោះចង់និយាយការបន្តិច! »
យាយនួនងាកមុខទៅចំកូនគាត់ហើយថា៖
« អាវី! ឯងបណ្ដោយកំផៃដាំក្ដាតតែម្នាក់ឯងមិនកើតទេ។ ឯងត្រូវទៅមើលផងទើបល្អ។»
នាងវិធាវីទទួលសម្ដីម្ដាយហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយ។ ចិត្តនាងនឹកបារម្ភមិនដឹងជាយាយចាន់នេះមកចាក់រុកម្ដាយខ្លួនដូចម្ដេចទេ!
ត្រង់នេះស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំហាក់ដូចជាចង់សម្លឹងមើលក្នុងចិត្តគ្នាទៅវិញទៅមក។យាយនួនគាត់ឆ្លៀតឱកាសនេះដើម្បីបៀកម្លូមួយម៉ាត់លុះបានទំពារស្ដោះក្នុងកន្ថោរម្ដងហើយទើបគាត់សួរទៅយាយចាន់
« មានការអ្វីចាន់? »
« អើរឿងកូនចៅឯងនោះវាម្ដេចទៅហើយ?ឯងចាំប៊ុនធឿនចេញពីរៀនទើបគិតគូរផ្សំផ្គុំវាឬយ៉ាងណា?»
« ហ៊ឺ! ចាន់អើយខ្ញុំលាក់បាំងអី។ ឥឡូវដូចចាន់ឯងដឹងស្រាប់ឪពុកប៊ុនធឿនធ្លាក់ខ្លួនក្រហើយ។មានសង្ឃឹមតែលើបៀវត្សប៊ុនធឿនតែម៉្យាងដូចគេសង្ឃឹមផ្កាយលើមេឃអីចឹង។ខ្ញុំមានកូនតែមួយមានរំពឹងតែលើវាលុះជរាភាពមកដល់ខ្លួន។បើប្រសិនជាខ្ញុំឲ្យទៅថីប៊ុនធឿន បន្តិចគេផ្លាស់ទៅធ្វើការនៅខេត្តនេះបន្តិចទៅខេត្តនោះ។ ឯប្រពន្ធតោងទៅតាមប្ដី។ចំណែកខ្ញុំនឹងនៅម្នាក់ឯងឥតនរណាជាពុំនឹកនេះម៉្យាង។ម៉្យាងទៀតប៊ុនធឿននេះធ្លាក់ក្រហើយម្ល៉េះសមនឹងជញ្ជក់យកធនធានដែលខ្ញុំនឹងឲ្យទៅកូននោះទៅសងបំណុលមិនខាន។ កូនខ្ញុំធ្វើម្ដេចនឹងបានសេចក្ដីសុខ។ »
ដោយនិយាយវែងយ៉ាងនេះទឹកមាត់ក្រហមប្រគាក ក៏ពុះពារពេញមាត់ធ្វើឲ្យសម្ដីឮឡុលៗ។ដូច្នោះលុះយាយនួនគាត់ស្ដោះមួយច្រចរួចទើបយាយចាន់គាត់ឆ្លើយ៖
« នួនឯងនិយាយយ៉ាងនេះចំជាត្រូវហើយ។បើប្រសិនជាខ្ញុំដូចនួនឯងវិញខ្ញុំក៏ផ្ដាច់ដែរ។គិតមើលសព្វៗទៅយើងមិនទាន់ស៊ីស្លាបញ្ជាប់ពាក្យឬទទួលវត្ថុអ្វីជាខាន់ស្លាក៏នៅដែរ។»
លើកនេះត្រូវយាយចាន់គាត់ងាកទៅរកកន្ថោរវិញ។ លុះគាត់បានសម្រេចចិត្តហើយទើបអ្នកម្ចាស់ផ្ទះតបទៅវិញ៖
« ចាន់អើយ! ខ្ញុំក៏គិតនឹងផ្ដាច់ដែរតែមកតុះតុញមិនដឹងធ្វើដូចម្ដេច។ នឹងធ្វើសំបុត្រទៅប្រាប់ចិកប៊ុនថនភ្លាមទៅដូចជាឯងចិត្តអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាមក៏ថាផ្ដាច់កូនផ្ដាច់ចៅភ្លាម។ »
យាយចាន់គាត់បើកភ្នែកធំៗហាក់ដូចជាសម្ដីនេះធ្វើឲ្យគាត់ឆ្ងល់ពន់ពេកដូច្នេះគាត់ក៏ឆ្លើយ
ចាំបាច់ប្រាប់គេធ្វើអ្វី។យើងនៅតែស្ងៀមធ្វើហីទៅ។បើនរណាគេចូលមកដណ្ដឹងយើងគិតមើលល្មមលើកក៏លើកឲ្យគេទៅ។
« ឱ!នរណាអើយគេនឹងហ៊ានចូលដណ្ដឹងឯងនោះ បើគេដឹងថាឯងនៅជាប់ពាក្យសម្ដីចិកប៊ុនថនទៅហើយ។»
យាយចាន់គាត់សើចក្អាកៗហើយថា៖
« នួនឯងនិយាយយ៉ាងនេះចំពេញជាខុស។ មានគេគិតចូលមកហើយតើឯងថាម៉េចទៅ?»
យាយនួនអរព្រើតកកិលចូលជិតហើយសួរទៅភ្ញៀវគាត់
« អ្នកណាចង់ចូលមកនោះ? »
យាយចាន់ខ្សឹបដាក់ត្រចៀកយាយនួន
« ចិកណៃស៊ាន!»
« ណៃស៊ាន ថៅកែកាណូតដើរទន្លេនោះហ៎ាស? »
«អើ!មានណៃស៊ានណាពីរបី។ ឯងស្គាល់ចៅ ណៃស៊ត កូនគេនោះទេ? »
« ខ្ញុំធ្លាប់ឃើញវាតែពីតូច »
« ឥឡូវវាប៉ិនរកស៊ីណាស់ដូចឪពុកវាអីចឹង! ខ្ញុំឮដំណឹងថាបើចៅណៃស៊តនេះវាមានប្រពន្ធទៅគេនឹងចែកឲ្យកាណូតពីរ ឡានកាំម្ញ៉ុងមួយ នឹងដើមទុនមួយម៉ឺន។នេះនៅមិនទាន់គិតមាសពេជ្រអ្វីទៀតផង។ »
យាយនួនគាត់ពព្រិចភ្នែកញ័រហើយបែរសួរថា៖
« ណៃស៊តនោះវាកើតឆ្នាំអីហ្ន៎? »
យាយចាន់ដែលហាក់ដូចជាចាំតែពាក្យសួរនេះនឹងអាលឆ្លើយនោះក៏ប្រាប់ទៅវិញភ្លាម៖
« ឆ្នាំជូតថ្ងៃអាទិត្យខែស្រាពណ៍ »
យាយនួនគាត់ទទួលទន្ទេញហាក់ពុំចង់ឲ្យភ្លេចឬមួយដោយហេតុដែលគាត់ធ្លាប់ទន្ទេញធម៌ក្នុងពេលឧបោសថនោះក៏ មិនដឹង។
« ឆ្នាំជូត...ថ្ងៃអាទិត្យខែស្រាពណ៍...
ឆ្នាំជូត...ថ្ងៃអាទិត្យខែស្រាពណ៍...»
យាយចាន់គាត់សួរ៖
« បើប្រសិនណាគេចូលមកមែនតើឯងព្រមឬទេមើលទៅ? »
« អើ ! ចាំមើលស្រួលបូលសិនទុកដាក់កូនចៅនីមូយៗមិនងាយទេ»
សម្ដីយាយនួនយ៉ាងនេះដូចជាគ្រាន់តែការពារឲ្យល្អមើលខាងក្រៅទេ
នៅល្ងាចនោះឯងកាលបើយាយចាន់លាគាត់ចុះផុតទៅយាយនួនក៏រួសរាន់រៀបខ្លួនហើយកានម្លូបារីមួយគូរដើរតម្រង់ទៅកុដិលោកគ្រូអានវត្តពោធិ៍ក្នុងដែលមានព្រះនាមល្បីខាងហោរាសាស្ត្រនិងមន្តអាគមស្ដោះព្រួស។
ដល់ហើយយាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះដែលមានសង្ឃដីកាសួរមក៖
« យាយមានធុរៈអ្វី? »
« ខ្ញុំព្រះករុណាយកម្លូស្លាបារីនេះមកប្រគេនលោកគ្រូម្ចាស់ហើយសុំនិមន្តលោកគ្រូម្ចាស់មើលដួងជតាកូនខ្ញុំព្រះករុណាព្រោះខ្ញុំព្រះករុណាចង់ឲ្យវាមានគូស្រករ »
លោកគ្រូអានក៏ទាញវត្ថុពន្ធបោះលាតមកព្រះហស្ថស្ដាំលោកចាប់ជាយម្ខាង។យាយនួនគាត់ខំលើកពានបារីនិងទៀនដាក់លើជាយម្ខាង។ទើបលើកដៃប្រណម្យឡើងជាថ្មី។ រួចហើយលោកគ្រូអានក៏ទាញក្ដារឈ្នួនមួយធំដែលទុកនៅប្របសំណឹងរើសយកដីសមួយដុំហើយមកគង់នៅចំពោះមុខយាយនួនទើបមានសង្ឃដីកាសួរថា៖
« យាយកូនយាយកើតឆ្នាំអ្វី? »
« លោកម្ចាស់វាឆ្នាំរោងខែពិសាខថ្ងៃអង្គារ »
លោកគ្រូកត់លោកក្ដារឈ្នួនរួចហើយទើបសួរទៀត៖
« តើខាងប្រុសនោះគេឆ្នាំអ្វី? »
« ឆ្នាំជូត ថ្ងៃអាទិត្យ ខែស្រាពណ៍»
លោកគ្រូអានក៏វាយលេខអត្តៈមួយសន្ទុះទើបមានសង្ឃដីកា
« យីយាយ ! លេខប្រសើរណាស់តើ!តាំងតែពីអាត្មាចេះមើលហោមកពុំដែលឃើញលេខនរណាប្រកបគ្នាអីដល់ម្ល៉េះទេ »
« បើដូច្នេះខ្ញុំព្រះករុណាសូមផ្សងចាក់គម្ពីរមើលម្ដងទៀត »
លោកគ្រូក៏ក្រោកឈរទាញគម្ពីរសាស្ត្រហើយស្រាយលាតក្របបញ្ចេញឲ្យឃើញស្លឹករឹតលាបទឹកមាសភ្លឺរន្ទាលដែលមានខ្សែចំណងពណ៌បៃតងក្រហមលឿងចាក់ឆ្លាស់គ្នាល្អចម្លែក។លោកលើកគម្ពីរនោះដាក់លើតោកឈើ១លាបថ្នាំខ្មៅលំអដោយផ្កាភ្ញីដាំខ្យងហើយលូកយកទៀនក្រមួនឃ្មុំ១ដែលយាយនួនបានយកមកប្រគេនមកអុជបិទនឹងក្របតោក។រួចស្រេចលោកក៏មានសង្ឃដីកា៖
« អញ្ជើញយាយចាក់ទៅ »
យាយនួនគាត់ក៏លើកហត្ថសំពះគ្រប់បីដងហើយគាត់ស្ទួយតោកគម្ពីរនោះដាក់លើក្បាលដៃឆ្វេងគាត់ទប់តោកដៃស្ដាំគាត់យកកន្លាស់ធូបចាក់ជ្រៀតទៅក្នុងស្លឹករឹតរួចហើយទើបគាត់ប្រគេនតោកគម្ពីរនោះទៅព្រះថេរៈ។ភិក្ខុនេះក៏ទាយសាស្ត្រាយកមកលាតមើលត្រង់កន្លែងដែលកន្លាស់ធូបសៀតចង្អុលរឿងត្រង់ព្រះមហោសថ ទៅជួបនិងនាងអមរា ហើយព្រះទ័យស្រឡាញ់នាងពន់ពេកប្រមាណ។
លុះបានអានសព្វគ្រប់ហើយលោកមានសង្ឃដីកាពន្យល់៖
« តាមអាត្មាយល់ថាជាគាប់ប្រសើរក្រៃលែង »
« ឱព្រះភិក្ខុអើយ!ទំនាយក្បួនតម្រានិងពាក្យអធិប្បាយតាមគម្ពីររបស់លោកដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះបរមគ្រូនោះបែរទៅជានាំជនពីរនាក់ដែលមានសេចក្ដីស្នេហាទៅមកយ៉ាងធំបំផុតឲ្យខានបានជួបគ្នាទៅវិញហាក់ដូចជាលោកជួយច្រានគូសង្សារនេះទម្លាក់ទៅរណ្ដៅទុក្ខសង្រេង។»
យាយនួនកាលបើបានឮសង្ឃដីកាលោកគ្រូអាននេះដូច្នោះ ហើយគាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមកដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថាថៅកែណៃស៊ាននេះមានទ្រព្យស្ដុកស្ដម្ភណាស់។ ឯចៅណៃស៊ន ទៀតគាត់ក៏ធ្លាប់ ឮអ្នកផងសរសើររាល់មាត់ថាជាក្មេងកំលោះមានរូបរាងស្អាតបាតចេះចង់មានចង់បានហើយថែមទាំងចេះប្រណិតឪពុកម្ដាយផង។
«ឱ!ហៅគាប់ប្រសើរ!សែនគាប់ប្រសើរ! »
យាយនួនគាត់ខ្សឹបក្នុងចិត្តធៀបផ្ទឹមនាមយុវជនទាំងពីរ "ណៃស៊តវិធាវី! វិធាវីណៃស៊ត"យីឈ្មោះទាំងពីរសមគ្នាណាស់តើ!ម្ល៉េះដល់បានគ្នាប្ដីប្រពន្ធទៅហើយប្រសិនជាបណ្ដើរគ្នាទៅណាមកណាសឹងមានអ្នកផងគេនឹងរបូតមាត់ថា យិះៗមិនខាន...យាយមុខញញឹមប៉ប្រិមបិទមាត់ស្ទើរមិនជិតដើពង្រាយសេចក្ដីសប្បាយទៅលើស្មៅតាមផ្លូវចេញពីវត្តដូចជាអ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ!
ប្រហែលជាមួយអាទិត្យក្រោយមកយាយនួនគាត់ទប់នឹងសេចក្ដីរំខានដោយទន្ទឹងផ្លូវយាយចាន់ពុំបានគាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះ ទៅផ្ទះសម្លាញ់គាត់
« ចាន់អើយលេខវាល្អណាស់ខ្ញុំថាមិនអីទេឲ្យគេចូលមកចុះ! »
៦
បួនដប់ថ្ងៃក្រោយពីពេលដែលយាយនួនគាត់ទៅជួបនឹងយាយចាន់មកនោះគេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។
ស្ត្រីនេះតាំងក្រោកពីព្រឹកឡើងក៏ដេញឲ្យយាយផៃ បោសសំបុកពីងពាងដែលត្រដាងសន្ធឹងជាសំណាញ់ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិតតាមជញ្ជាំងនិងតាមគ្រឿងដំបូលព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារ កម្រាលឲ្យរលោងយង់។ ឯនាងវិធាវីត្រូវវេនដុសខាត់គ្រឿងប្រាក់ ស្លាបារី ជូតប៉ាន់តែនិងពែង ហើយមើលថែធួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយគឺ រកកំបោរច្រកបំពេញអក រកស្លាជ្វា ស្លាចំណិតម្លូ យ៉ាងស្រស់ៗមកបម្រុងហិបហើយដាំទឹកក្ដៅបញ្ចាំលើ ជើងក្រានដើម្បីទុកឆុងតែឲ្យទន់ត្រូវការ។
យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖
«ម៉ែអញគាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់!»
យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗមកក្រាលលើក្ដាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។
មិនយូរប៉ុន្មានគេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។
បន្តិចក្រោយមកគេឃើញស្ត្រីពីរនាក់មួយធាត់ស្អៀចដូចត្បាល់មួយស្គមកញ្ច្រឹងដូចត្រីឆ្អើរមួយស្លៀកខៀនបៃតងមួយស្លៀកខៀនស៊ីធួដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាតដាំឌិនភ្លឺរន្ទា។ ស្ត្រីទាំងពីរនេះច្រានយាយចាន់ដើរយោងមុខហើយក៏នាំគ្នាត្រាច់ពីក្រោយម្នាក់មានដំណើរអ៊ីកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយយាយចាន់ក៏ស្រែកសួរចៅរៅទៅ៖
« នួនអើយ!ទៅណាហើយ? នាងថូនិងនាងធិនគេមកលេង »
យាយនួនដែលនៅចាំភ្ញៀវនោះក៏ ធ្វើភ្ញាក់ស្ទុះមកក្រៅ ហើយចរចាយ៉ាងរាក់ទាក់
« អញ្ជើញចាន់ ! អញ្ជើញនាង! ។ មកអញ្ជើញលើព្រំនេះមក »
ថាហើយគាត់បែរទៅហៅយាយផៃឲ្យយកទឹកក្ដៅមកចាក់តែ។ ចំណែកស្ត្រីធាត់និងស្គមកាលបើបានដាក់ខ្លួនអង្គុយលើកកម្រាលពិចិត្រនោះក៏លើកដៃសំពះ
« ជម្រាបសួរចែ!»
« ថ្វាយព្រះនាង»
យាយនួនឆ្លើយដោយលើកដៃប្រណម្យសងវិញ
យាយចាន់ដែលអង្គុយនៅដើមអាសន៏គេនោះ ចាប់និយាយ៖
« យី! ហ្ន៎! យប់មិញនេះវារងាតិមធីតែម្ដងហើយ។ដណ្ដប់ភួយពីរបីជាន់ហើយនៅតែមិនបាត់។»
ស្ត្រីធាត់ដែលឈ្មោះថូនោះឆ្លើយឡើង៖
« រងានៅផ្ទះគ្រាន់បើទេ។កាលពីល្ងាចថ្ងៃសៅរ៍មុននោះខ្ញុំបានជិះកាណូតទៅទារប្រាក់ពីចិនម្នាក់នៅឯបាក់ព្រា។យប់នោះ ចំជារងារហើយស្ទើរកកឈាមក្នុងខ្លួនតែម្ដង»
យាយនួនគាត់សួរ៖
« ចុះណៃស៊តគេទៅណាទៅបានជាបណ្ដោយឲ្យនាងពិបាកយ៉ាងនេះ៕»
« ចា៎ស! ចែគេរវល់ទៅ មើលកូនគូលីច្រូតស្រូវឯជណ្ដើរស្វា»
នាងថូដែលចង់ឆ្លៀតយកឱកាសដើម្បីអួតពីកូនខ្លួនក៏ប្រញាប់បន្ថែមសេចក្ដី
« ឯកូនខ្ញុំអាណៃស៊តនោះវាទៅត្រួតគេបាញ់ថ្មឯភ្នំសំពៅដែលគេវាយបំបែកដឹកយកទៅធ្វើផ្លូវរទេះភ្លើងទៅ មង្គលបុរី »
ថាហើយអ្នកនិយាយនេះក៏ទាញកន្ថោរមកស្ដោះទឹកមាត់ឮសូរច្រោក
យាយនួនតបដោយតម្អូញ៖
« ថូគេរវល់គ្រប់គ្នាតែម្ដង ប្រពន្ធដោយប្រពន្ធ ប្ដីដោយប្ដី កូនដោយកូន។ ឯខ្ញុំហើយនៅតែផ្ទះនិងទៅសមាទានសីលប៉ុណ្ណោះគ្មានបានរកអ្វី នឹងគេសោះ»
« ចែ ! គិតទោបរលោកចំជាល្អហើយ។តាមអីខ្ញុំមានកូនច្រើនបើមិនខំទៅបានចែកឲ្យវា។ដូចចែនេះចំមហាសប្បាយហើយធ្វើតែទានហើយមានកូនតែមួយមិនមានព្រួយអីច្រើន។យីកូនធំប៉ុណ្ណាហើយ?ខ្ញុំមិនដែលឃើញសោះ »
យាយនួនគាត់ស្រកហៅ៖
« អាវី ! អើយអាវី! ទៅណាហើយ?មីងឯងគេចង់ស្គាល់ឯង? »
នាងវិធាវីកាលដែលនាងឃើញភ្ញៀវចម្លែកឡើងផ្ទះនាងក៏ចូលលាក់ខ្លួននៅក្នុងបន្ទប់។លុះនាងឮមាត់ម្ដាយហៅដូច្នោះនាងក៏ស្ទុះមកទាំងក្រៀមក្រំចេញមកក្រៅ
នាងខំទប់កុំឲ្យសេចក្ដីហ្មងសៅចោលស្រមោលទៅលើភ័ក្រ្ដនាងបាន។ក្នុងគ្រានោះនាងវិធាវីនាងពាក់អាវទំនើប ពណ៌កុលាបខ្ចីលំអដោយជរសនៅសុរងកនិងស្លៀកសម្លុយត្រួយចេក។ នាងចេញចេញមកមានទឹកមុខញញឹមស្ងួត។នាងថូនិងនាងធិនជាកាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយក៏ចាប់ចិត្តស្រឡាញ់មហិមា។នាងថូលាន់មាត់ថា៖
« យី! ក្មួយអញ នេះល្អណាស់តើ? ឯងអាយុប៉ុន្មានហើយ? »
នាងស្រីក្រមុំក៏លើកហត្ថាសំពះហើយតប៖
« ខ្ញុំអាយុ១៧ឆ្នាំហើយ »
« អើក្មួយនេះនឹងធឹងណាស់តើ!»
នាងវិធាវីកើតសេចក្ដីអៀនក៏ងប់មុខចុះពុំចេញស្ដី
យាយនួនគាត់ក៏និយាយឡើង
« នាងអញ្ជើញនៅពិសាបាយនឹងខ្ញុំនេះហើយ។»
« ចាស៎! ចែកុំព្រួយខ្ញុំមានការបន្ទាន់បន្តិច»
ស្ត្រីម្ចាស់ផ្ទះឈ្វេងយល់ចិត្តនាងភ្ញៀវដែលប្រាថ្នានិយាយការកំបាំងពីមុខសាមីខ្លួននោះក៏ចរចារទៅកាន់បុត្រីគាត់៖
« អាវី ! ឯងទៅមើលកំផៃតើវាធ្វើអី?បណ្ដោយវាម្នាក់ឯងមិនបានទេ...»
លុះនាងវិធាវីចេញដើរផុតទៅទើបនាងថូបែរមុខសម្លឹងទៅយាយចាន់។ស្រីនោះក៏និយាយខ្សឹបៗ
«នួននាងថូនេះគេរកខ្ញុំជូនមកជាចាស់ជាទុំដើម្បីមកសុំចងស្ពានមេត្រីនឹងឯងគេចង់ដណ្ដឹងកូនឯងឲ្យជាគូនឹងកូនច្បងគេឈ្មោះណៃស៊តតើឯងនឹងថាដូចម្ដេច?»
សម្ដីនេះធ្វើឲ្យទឹកជំនោរនៃសេចក្ដីត្រេកអរឡើងតឹងដល់បំពង់កយាយនួន។គាត់ខំប្រឹងទប់ស្មារតីទប់កុំឲ្យភ្លាត់មាត់ថា៖
« យកចុះ!យកចុះ! »
ហើយទើបគាត់មានវាចាដោយសម្រួល
« នាងថូនាងចង់បានជាសាច់សាលោហិតនឹងខ្ញុំនេះជាការគាប់ប្រសើរណាស់តែកូនខ្ញុំវាខ្ចីគំនិតមិនសូវដឹងកិច្ចការរាក់ជ្រៅនៅឡើយទេ។»
នាងថូឆ្លើយ៖
« មិនមែនទេចែ! ខ្ញុំស្គាល់មនុស្សណាស់។ កូនចែនេះកិរិយាមារយាទក្រអូបប្រពៃណាស់»
«បើនាងថាដូច្នោះហើយខ្ញុំក៏មិនថាអីដែរតែនាងត្រូវរកមើលលេខជតាកូននាងនិងកូនខ្ញុំតើសមនឹងគ្នាឬទេ?បើលេខឆ្លើយថាល្អទើបខ្ញុំដាច់ជាលើកជូននាងបាន។ »
យាយនួនដោយភ័យក្រែងនាងថូគេទៅ រកហោរណាផ្សេងគន់គូហើយនិងមានទំនាយពុំប្រកបនាំមកជាការជំទាស់ដល់សេចក្ដីគាប់ចិត្តរបស់គាត់នោះគាត់ក៏រហ័សបន្ថយពាក្យឲ្យទៅរកលោក គ្រូអានជាប្រញាប់។
« នាងរឿងខាងមើលប្ដីប្រពន្ធខ្ញុំថានៅបាត់ដំបងនេះគ្មាននរណាឆុតជាងលោកគ្រូអានវត្តពោធិ៍ក្នុងទេ។ បើលោកថាល្អហើយមិនដែលប្រែទៅជាអភ័ព្វបានទេនៅសុខនឹងគ្នាដល់ស្លាប់រៀងខ្លួន។»
« ចា៎ស! ចែចាំខ្ញុំទៅរកគ្រូអានមើល។តើនាងនោះឆ្នាំអី?»
នាងសួរចាន់ចុះចាន់គេដឹងស្រាប់ហើយ
យាយចាន់ឆ្លើយ
« ខ្ញុំចាំហើយនាងថី។ម្ដេចយើងល្មមលាគេទៅហើយឬដឹង?»
« ចា៎ស!»
ថាហើយស្ត្រីធាត់និងស្គមក៏លើកដៃសំពះលាយាយនួនប្រុងនឹងចុះ ទៅនាងធិនដែលអម្បាញ់មិញមិនបាននិយាយអ្វីសោះក៏និយាយទៅកាន់នាងថូ
« កូននេះត្រូវហើយសមនឹងអាស៊ត មុខជាវាពេញចិត្តវាហើយ។ បើបានគ្នាជាប្ដីប្រពន្ធទៅអាស៊ត លែងដើរលេងយប់ពាសវាលពាសកាលទៀតហើយ »
មើលទៅនាងថូដែលនឹងភ័យក្រែងយាយនួនគាត់ឮសម្ដីនេះនាំឲ្យខូចការផ្សេងៗនោះក៏និយាយបន្ទោសទាំងក្នាញ់
« មេគន្ធិន ! កុំនិយាយយ៉ាងនេះហង!»
តែខណៈនោះយាយនួនដែលមានព្រលឹងអណ្ដែតលើអាកាសមិនបានជាចាប់ចិត្តស្ដាប់សម្ដីលើកក្រោយនេះទេ។ បើប្រសិនបើគាត់រវល់តែអរហួសពេកប្រហែលជាត្រចៀកគាត់នៅចំហរខ្លះហើយប្រហែលជាគាត់មានសង្ស័យកើតនឹងស៊ើបសួរដល់កិរិយាមារយាទចៅណៃស៊តផងពុំខានហើយប្រហែលជាគ្រាន់តែរឿងនេះនិទានទៅទៀតឡើយ។
លុះឮសូរឡានបើកទៅផុតហើយនាងវិធាវីក៏ចេញមកសួរម្ដាយ
« ម៉ែអ្នកណាហ្នឹង?មើលតែស្រីអ្នកមានស្រុកព្រៃតែម្ដងហើយ។ ចំណាស់ប៉ុណ្ណឹងហើយនៅតែស្លៀកពណ៌ខៀវ ពាក់មាសរាប់គីឡូ។មនុស្សមានសម្បត្តិយ៉ាងនេះមិនចង់ជួបមុខទេ។
យាយនួនដែលស្មារតីនៅតែរវល់តែត្រេកអរនោះក៏មិនបានឮពាក្យកូនចរចាទេគាត់ស្ដាប់បានតែចុងកន្ទុយសម្ដីគាត់សម្លឹងមុខកូនគាត់ហើយគាត់ធ្វើ "ហ៊ីសៗ" ប៉ុណ្ណោះក៏ដើរចេញទៅ។
៧
ប៉ឹង!ប៉ឹង!ប៉ឹងសូរជួងអ្នកចាំទ្វារវិទ្យាល័យប្រកាសប្រាប់អ្នកផងថាម៉ោង៩និង១៥នាទីយប់ហើយ។អនុរក្សទះដៃផូងៗលាន់រំពងដើម្បីឲ្យពពួកយុវជនដឹងច្បាស់ថាជាពេលត្រូវទម្លាក់មុងដេករៀងៗខ្លួន។ សព្ទអ៊ូអរអម្បាញ់មិញ ក៏រម្ងាប់ស្ងាត់ស្ងៀមម្ដងបន្តិចនៅសល់តែសំឡេងខ្សឹបខ្សេវឬសូរខ្យល់ផាត់ស្លឹកឈើនិងមាត់មៀមយំម្ដងៗ។ គេពន្លត់អគ្គិសនីទាំងអស់ទុកតែដួងមួយដែលព្យួរបន្តោងនៅក្បែរដំណេកនៃអនុរក្ស។
ប៊ុនធឿនដែលមានគ្រែនៅចុងម្ខាងនៃល្វែងនោះបានក្រោកឡើងស្រវារកទៀននិងឈើគូសមកអុជហើយរើហោប៉ៅអាវដែលព្យួរលើក្បាលដំណេកយករូបថតដែលនាងវិធាវីបានមកឲ្យកាលដែលជួបគ្នានៅក្រោមដើមស្វាយមកសម្លឹងមើល។ មួយសន្ទុះទើបទាញ សំបុត្រមួយច្បាប់ដែលសរសេរនៅលើក្រដាសពីរសន្លឹកពេញទៅដោយអក្សរល្អិតៗអក្ខរានេះមានសេចក្ដីថា៖
« ក្រុងបាត់ដំបងថ្ងៃទី៤ ៦ ២ ព.ស ២៤៧៦
ជូនដំណឹងដល់គូជីវិត
ខ្ញុំមានចិត្តមមៃគិតមកបងមិនមានដាច់មួយវេលាឡើយ។
ខ្ញុំដែលនៅឯនាយតែងនឹកថាពេលថ្មើរនេះ សមបងចូលរៀន ពេលថ្មើរនោះសមបងនិយាយកម្សាន្តនិងពួកម៉ាកព្រោះទុក្ខចំបែងចេះតែងំក្នុងដើមទ្រូងមិនដឹងទៅនិយាយប្រាប់នរណាឡើយ។ពីដើមខ្ញុំមានរំពឹងច្រើនទៅលើសៀវភៅដែលអាចបន្លែបន្លំកង្វល់បានខ្លះ។ឥឡូវនេះចេះតែសោកសៅ អានសៀវភៅក៏មិនបានល្ហែក្នុងចិត្តដែរ។
ដូច្នេះខ្ញុំខំបន់ស្រន់អស់ទេវតាលោកជួយជ្រោមជ្រែងឲ្យបងរៀនសូត្របានប្រកបដូចសេចក្ដីប្រាថ្នាដោយខ្ញុំសព្វថ្ងៃនៅមានរំពឹងតែលើបងមួយប៉ុណ្ណោះ។
បង!ខ្ញុំដឹងចិត្តបងថាមានសេចក្ដីស្នេហាដល់អូនជាទីបំផុត។ហេតុនេះខ្ញុំសូមឲ្យបងខំប្រុងស្មារតីតែខាងរៀនសូត្រទៅចុះ។ ជនដទៃមានចេះភ្លេចពាក្យសន្យាចំណែកខ្ញុំមិនដូច្នោះទេខ្ញុំមានពាក្យមួយតែប៉ុណ្ណោះមិនចេះប្រែប្រួលឡើយ។
បងជាច្រើនថ្ងៃមកហើយខ្ញុំសង្កេតឃើញកិរិយាម្ដាយខ្ញុំប្លែកពីសព្វមួយដងទឹកមុខគាត់ចេះញញឹមញញែមហើយថែមទាំងមានវាចាមកកាន់ខ្ញុំថា៖
«កូនឯងនេះចំជាមានវាសនាហើយ!» គាត់និយាយតែប៉ុណ្ណោះខ្ញុំដេញដោលសួរគាត់យ៉ាងណាគាត់នៅតែស្ងៀមធ្វើព្រងើយ។ឯយាយផៃវិញដូចបងជ្រាបស្រាប់ហើយគាត់មានសេចក្ដីស្រឡាញ់បងនិងខ្ញុំដូចបុត្រចេញពីផ្ទៃគាត់មិនដឹងជាហេតុម្ដេចឡើយបាជាមុខគាត់ចេះតែស្រពោនមិនសប្បាយ។
កិរិយានិងទឹកមុខខុសគ្នានៃជនទាំងពីរនាក់ដែលមានចិត្តស្រឡាញ់ខ្ញុំដូចគ្នានេះនាំឲ្យខ្ញុំគិតអើយសែនគិត!ខ្វល់អើយសែនខ្វល់ ស្រាប់តែម្សិលមិញឱបងអើយ!ខ្ញុំទើបភ្ញាក់ខ្លួន។
បងគង់ស្គាល់ថៅកែណៃស៊ានដែលជាអ្នកមានធំមួយនៅក្រុងបាត់ដំបង។
ប្រពន្ធណៃស៊ាននេះឈ្មោះថូ។
អ្នកទាំងពីរមានកូនកំលោះមួយឈ្មោះណៃស៊ត។មនុស្សកំលោះនេះហើយដែលម៉ែផៃប្រាប់ខ្ញុំថាជាអ្នកដែលដេញតាមមើលខ្ញុំហើយធ្វើឫកងងុលជ្រើមមកលើខ្ញុំនៅឱកាសដែល ខ្ញុំទៅមើលបុណ្យព្រះសពលោកគ្រូចៅអធិការវត្តដំរីសជាមួយបងប្អូនជិតខាង។ឱសែនក្នាញ់ពេក!
ពីម្សិលមិញនេះមីងថូគេបរឡានបញ្ឈរនៅមុខផ្ទះហើយមានចាស់ទុំជាច្រើននាក់លើកផ្លែឈើចំណីចំណុកសំពត់ព្រែផាមួងចរបាប់និងខៀនបីក្រឡី ដង្ហែគ្នាឡើងមកលើផ្ទះ។
វត្ថុទាំងនោះជាជំនូនយកមកភ្ជាប់ពាក្យដណ្ដឹងខ្ញុំ។តាមដែលម៉ែផៃប្រាប់ខ្ញុំនោះ ម៉ែខ្ញុំនិងខាងប្រុសបានដាច់ស្រេចថាផ្សំផ្គុំខ្ញុំឲ្យនៅចៅណៃស៊តនៅខែពិសាខមុខនេះហើយ។
ឱម៉ែអើយ!ម្ដេចឃើញតែទ្រព្យសម្បត្តិ ម្ដេចមិនមើលលក្ខណៈមនុស្ស ម្ដេចក៏មិនស្នើចិត្តកូនផង?បើបានទុក្ខឬសុខយ៉ាងណាក៏នៅលើរូបកូនទាំងអស់តើ! ណ្ហើយបងខំរៀនសូត្រចុះកុំឲ្យព្រួយរន្ធត់អ្វី។
ទោះបីយ៉ាងណាក៏ដោយមុខជាចៅណៃស៊តមិនបានជួបប្រសព្វនឹងអូនទេក្នុងជាតិនេះ។
នៅទីបំផុតនេះខ្ញុំសូមឲ្យបងទទួលសេចក្ដីរលឹកយ៉ាងធ្ងន់របស់ខ្ញុំ។»
សំបុត្រនេះប៊ុនធឿនបានអានជាច្រើនចប់តែដូចជានៅមិនស្កប់ស្កល់សោះ។កំលោះនេះនឹកស្រណោះនាងវិធាវីពន់ប្រមាណ។ដេកសញ្ជឹងមួយសន្ទុះក៏ក្រោកយកដងប៉ាកកាដែលមានទឹកខ្មៅចេញឯងមកទ្រាលសរសេរសំបុត្រតបមានសេចក្ដីខាងក្រោមនេះ៖
Comments