Serey is utilizing Blockchain technology

អណ្តាត ជាអគ្គមេបញ្ជាការ ទទួលងារពីស្តេចចិត្តរាជគ្រប់គ្រងនគរកាយ

I

imrasa

ប្រិយមិត្តជាទីគោរព ជាទីស្រលាញ់រាប់អាន ក្នុងការប្រាស្រ័យទាក់ទង រវាងមនុស្សម្នាក់ ទៅម្នាក់ និងមនុស្សច្រើននាក់ទៀតគឺតាមរយៈពាក្យសម្តី ជាសារដែលត្រូវបញ្ជូនឲគ្នា ស្តាប់គ្នាយល់បាន ដើម្បីផលប្រយោជន៍ ក្នុងសង្គមរបស់មនុស្ស ជាកត្តាសំខាន់និងចាំបាច់បំផុត ។ ទោះបច្ចេកទេសនៃការប្រើសូរសៀង ប្លែកខុសគ្នាតាមតំបន់ភូមិសាស្ត្រ ឬជនជាតិផ្សេងគ្នាក៏គង់បកប្រែមកជាអត្ថន័យតែមួយ ក៏អាចយល់ដឹងបាន សំគាល់បានថាអ្វីជាអ្វី។ ប៉ុន្តែជាធម្មតាក្នុងលោក គ្មានរបស់អ្វីណាដែលមានតែ គុណសម្បត្តិនោះទេទូកអាចឲយើងអណ្តែតលើទឹកបាន ក៏អាចពន្លិចយើងដល់បាតបឹងផងដែរ បើយើងប្រើវាមិនបានត្រឹមត្រូវ ។ និងមានរបស់ជាច្រើនទៀត ដែលតែងតែមាននូវគុណសម្បត្តិ &គុណវិបត្តិ ក្នុងការប្រើប្រាស់ សូម្បីអណ្តាត ដែលជាវត្ថុជាប់និងខ្លួន ជាអវយវៈរបស់យើងផ្ទាល់ គង់និងនាំសំណាង នាំស៊យ នាំលាភ នាំគ្រោះ នាំភាពល្បីល្បាញ និងនាំភាពហិនហោចខ្លោចផ្សា មកដល់ជីវិតក៏មានដែរ.។ ![rasa 5547.jpg](https://serey.io/imageupload_data/039e822b3156b016cda93b76520d63a96f7435d8) ព្រោះតែការ រលាស់របស់អណ្តាត បូករួមនិងថាមពលខ្យល់មាត់ផង បញ្ចេញបានជាសំនៀង សម្លេង ជាពាក្យ ជាសម្តី ចរចារ ដឹងរឿងរ៉ាវសព្វគ្រប់បែបយ៉ាង អាស្រ័យមានចិត្តរុញច្រានពីខាងក្នុង និងមានប្រយោជន៍យ៉ាងច្រើនពីសម្តី ហើយក៏និងមានហានីភ័យយ៉ាងច្រើនផងដែរ។ ដូច្នេះសូមរំលឹកទៅកាន់អ្នកស្រលាញ់អំណានទាំងអស់គ្នា ត្រូវសំគាល់ចិត្តខ្លួនឲច្បាស់ ថាចិត្តគឺជាស្តេច គឺជាអធិរាជគ្រប់គ្រងរាងកាយទាំងមូល មុននិងចេញបទបញ្ជាអ្វីមួយ សូមគិតដោយសុបញ្ញាញាណ ពោលគឺ ទម្លាប់ឲចេះគិត ចេះត្រេះរិះផង កុំហាខ្ជាកៗ តែម្យ៉ាង អាងតែអញជាស្តេចរបស់មាត់ ជាអ្នកគ្រប់គ្រងអណ្តាតក៏ដោយ ក៏មិនអាចចេះតែរលាស់បានតាមតែទំនើងដែរ។ _ចិត្តដែលឆ្លាតវៃ ចេះលៃតាមស្ថានការ ចិត្តដែលមានបញ្ហា ទុកស្ថានការឲឧត្តមសេនីមាត់ សម្រេចតាមមេបញ្ជារការអណ្តាត ចង់គ្រលាស់យ៉ាងម៉េចក៏យ៉ាងនិងទៅ ។ ចិត្តដែលមានបញ្ហា គឺចិត្តផ្ទុករោគលោភលន់ហួសប្រមាណ ផ្ទុកជម្ងឺរវើរវាយ ស្មុគស្មាញ ធុញទ្រាន់ ខឹងក្រោធ ចង្អៀតចង្អល់ តូចចិត្ត អាឡោះអាល័យ មួម៉ៅក្តៅក្រហាយ មិនសប្បាយ ។ល។ ជម្ងឺទាំងអស់នេះជាដើមចម ញ៉ាំងចិត្តឲលេងមានថាមពលនិងអំណាចអាចគ្រប់គ្រងអណ្តាតបានទៀតទេ។![6552 copy.jpg](https://serey.io/imageupload_data/b99492007ea2ca97f03818759a9e4d69805fb029) *សូមនាំរឿងព្រេង គតិលោកមួយយកជាបទបង្ហាញខ្លះៗ.... សីហៈជាស្តេចសត្វក្នុងគិរីបព្វតា សម័យមួយបានធ្លាក់ខ្លួនឈឺ អស់ទាំងសត្វមានកង្វល់នាំគ្នាមកចោមរោមថែទាំគគ្រឹកគគ្រេង បាត់តែទន្សាយមិនឃើញមកអើពើនឹងគេ។ សត្វស្វាឆ្លៀតឱកាសបានពោលចាក់រុកស៊កសៀតជាមួយស្តេចសត្វថា ទន្សាយជាសត្វមានក្តីប្រមាថដល់សីហៈ វាគិតតែការសប្បាយ មិនព្រួយបារម្ភដល់ព្រះចេស្តាឡើយ ។ ដំណឹងនេះបានដឹងដល់ទន្សាយ គេខំបោលខ្មួលខ្មាញ់ត្រហេបត្រហប ទៅលុតក្រាបក្បែរស្តេចសិង្ហរួចហើយពោលយ៉ាងខែងរែងថា ដែលខ្ញុំម្ចាស់បាត់ខ្លួនមួយរយៈនេះ មិនមែនមិនដឹងពីព្រះរាជសុខភាពរបស់ព្រះអង្គទេ តែខ្ញុំបានរត់រកពេទ្យគ្រប់ទីកន្លែង ពេទ្យម្នាក់ៗ ពោលគ្រប់តែមាត់ថា ព្រះរោគាពាធនេះ នឹងជាសះស្បើយបានដរាបណាព្រះអង្គបានហុតឈាមសត្វស្វា ! ស្តេចសីហៈបានឮដូច្នោះភ្លាម បានស្ទុះទៅកាច់កស្វាដែលនៅចាំចាក់រុកទន្សាយក្បែរខ្លួនហុតគ្មានសល់មួយតំណក់ឡើយ ! រឿងនេះបង្ហាញពីភាពឆ្លាត របស់ទន្សាយដែលមានបញ្ញារហ័ស ទើបទប់ទល់ ហើយវាយបកទៅសត្រូវផ្ទៃក្នុងយ៉ាងរហ័ស តែបើយើងវិភាគចំពោះ ក្រុមហ៊ុនណា សហគមន៍ណា អង្គការណា ស្ថាប័នណា ឬមន្ត្រីក្នុងរាជការណាមួយបើមានការបែកបាក់សាមគ្គីគ្នាហើយ ការចាក់រុកក៏និងកើតមានឡើង វាចេញមកពីប្រភពលោភនិងយសសក្តិ លោភនិងអំណាច ពីក្នុងចិត្តដែលពោរពេញដោយអវិជ្ជាសាវៈ។ បើមួយវាបានជាខុស ឯមួយទៀតខឹង សួរថាពីរនិងណាគ្រាន់បើជាង? ដែលហៅថាជាអ្នកចេះដឹងពិតប្រាកដ គេមានអណ្តាតដើម្បីផ្សះផ្សារួបរួម មិនមែនមានអណ្តាតនិយាយបំភាន់សាធារណ បាត់បង់ប្រយោជន៍រួមនាំឲប្រេះឆាក្នុងរង្វង់ក្រុមភាគហ៊ុន ក្រុមស្ថាប័ន ក្រុមគ្រួសារ ឬរង្វង់ជាតិនោះទេ។ _ ចាស់ថាអណ្តាត អាទិ៍កន្លង............... បានសុខទុក្ខផងព្រោះអណ្តាត.......... សូមអស់ប្រីយ៍មិត្ត គិតសង្វាត............ អណ្តាតអាក្រក់ ល្អយ៉ាងណា?........។ _ អណ្តាតជាអ្នក បន្លឺសៀង................ អណ្តាតអ្នកច្រៀង គាប់សោតា........ អណ្តាតអ្នកផ្សំ រសអាហារ............... អណ្តាតមុសា គ្រប់កិច្ចកល............។ _ អណ្តាតអ្នកបុិន លួងលោមចិត្ត.......... អណ្តាតជម្រិត ឥតមានសល់............ អណ្តាតអរស ឈ្លោះគ្នាវ៉ល់............. អណ្តាតពិសពុល ញល់ឲ្យស្លាប់......។ _ អណ្តាតជាអា វុធមុតស្រួច................ អណ្តាតកំណួច លួចលើច្បាប់........... អណ្តាតចាក់រុក មុខគេកាប់............... អណ្តាតក្រឡាប់ អាប់កេរ្តិ៍ឈ្មោះ....។ _ អណ្តាតភក់ជ្រាំ នាំអប្រីយ៍................. អណ្តាតគប្បី សិរីយស...................... អណ្តាតស្អាតស ល្អឥតមោះ............... អណ្តាតស័្មគ្រស្មោះ អស់ហ្មងសៅ...។ _ អណ្តាតរួសរាយ ងាយរាប់រក........ អណ្តាតមេរោគ បំពោកក្តៅ.......... អណ្តាតអាចារ្យ ថាប្រដៅ........... អណ្តាតកម្លៅ ដៅមិនបាន..............។ _ អណ្តាតកោងកាច អាចនាំទុក្ខ......... អណ្តាតស្មាញស្មុគ រំអុកប្រាណ....... អណ្តាតមោហៈ ប្រាក់ខកខាន......... អណ្តាតសាមាន្យ បានផ្តាសា..........។ _ អណ្តាតអគ្គី ញាំញីចិត្ត.................. អណ្តាតផ្អែមស្អិត ដិតស្នេហា.......... អណ្តាតមន្ទិល វិលទោសា............ អណ្តាតអស់ការ អប្បអស់ទ្រព្យ...........។ _ អណ្តាតមោះមុត ស្លុតសត្រូវ......... អណ្តាតចំហូវ ត្រូវគេស្អប់............. អណ្តាតផ្តន្ទា ពៀរតាមជាប់.......... អណ្តាតឡប់ៗ ចប់ការងារ.............។ _អណ្តាតហ្មឺងម៉ាត់ បុិនចាត់ចែង....... អណ្តាតដូចស្លែង រែងពើតផ្សា....... អណ្តាតគ្រោតគ្រាត វាតហិង្សា...... អណ្តាតពិស្តារ ញាតិរាប់អាន...........។ _ អណ្តាតប៉ប្លូច ខូចតម្លៃ................. អណ្តាតប៉ប្រៃ ចៃសម្រ្តាន............ អណ្តាតរាក់ទាក់ ជាក់សុខសាន្ត...... អណ្តាតកល្យាណ ប្រាណកក់ក្តៅ.....។ _អណ្តាតជាក់លាក់ ប្រាក់រត់រក......... អណ្តាតស្មោគគ្រោក ខ្វះភ័ព្វផៅ.... អណ្តាតស្ងាត់ស្ងៀម បៀមន័យជ្រៅ... អណ្តាតសាហាវ កើនបច្ចា...............។ _អណ្តាតដូចពស់ រស់មិនយូរ.......... អណ្តាតជាគ្រូ កើនវិជ្ជា................ អណ្តាតដូចមាស ឈ្នះអស់មារ....... អណ្តាតលីលា រាសីអាប់..................។ _ អណ្តាតចចើង ឆ្មើងសក្តា............. អណ្តាតមោហា ឆ្លាបង់ទ្រព្យ......... អណ្តាតកំហូច ខូចទម្លាប់.............. អណ្តាតឥតភ័ព្វ ខ្សត់ទ្រព្យា.........។ ដូច្នេះរាល់ការពោលចេញ សូមគិតមុនពេលកំរើកអណ្តាត គិតពីផលខាត ផលចំនេញ គិតពីផលប៉ះពាល់នាៗដល់សង្គមគ្រួសារ ញាតិ និងជាតិ បើបានចំនេញដោយគ្មានវិប្បដិសារីថ្ងៃក្រោយ ចូរពោលយ៉ាងនោះ ។ ------------------------------------- ពីខ្ញុំ រ៉ា សា
0.000 SRY$0.00
Global
Global

Comments