Serey is utilizing Blockchain technology

វត្តដំរីស ក្នុងសម័យលោកម្ចាស់ ដែលមានអាយុកាលជាង១០០ឆ្នាំ នៅក្រុងបាត់ដំបង

I

imrasa

វត្តដំរីស គឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ​នៅក្នុង​ខេត្ត​បាត់ដំបង។ វត្តដំរីស ស្ថិតនៅកណ្តាលក្រុងបាត់ដំបងតែម្តង គឺភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងឆៀងខាងត្បូង​សាលាក្រុង​បាត់ដំបង(អតីតៈផ្ទះរបស់លោកម្ចាស់) ប្រហែល១គីឡូម៉ែត្រ)។ ![FB_IMG_1536321537846.jpg](https://serey.io/imageupload_data/d21fa575f529cd1b131c28b4d04975612116d097) វត្តនេះ មានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆ័ត្រកុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដល់ប្រែអោយពិរោះទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមានន័យថា «ដំរី-សជ័យ»។ ![domreysor2.png](https://serey.io/imageupload_data/5db7e89b276f5731f105642911f44ea971a2e355) បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស បច្ចុប្បន្ននេះ ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។ បើតាមលោតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមក បានតំណាលថា លោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន។ ក្នុងចំណោមប្រពន្ធទាំងអស់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រីអ៊ឹង។ ដោយកើតទុក្ខនឹងប្តីមានប្រពន្ធច្រើន អ្នកស្រីអ៊ឹងមានជម្ងឺយ៉ាងធ្ងន់។ លោកម្ចាស់កថាថន បានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ ![domreysor3.png](https://serey.io/imageupload_data/15af6d70f02228160926d836154fabdcefdfbc6e) ក្រោយមកអ្នកស្រីបានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថា បើអ្នកស្រីជាពី​ជម្ងឺនឹងកសាង​ព្រះវិហារមួយ​ខ្នងនៅ​វត្តដំរីស​ថ្វាយ។ បន្ទាប់មកអ្នកស្រីក៍ធូរស្បើយអំពីជម្ងឺនោះមែន ហើយអ្នកស្រីក៍បានឲ្យ​គេចាប់ផ្តើម​សាងសង់​ព្រះវិហារវត្តដំរីស​នេះឡើង​នៅឆ្នាំ​១៩០៤។ តែជាអកុសល្យអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួច ហើយក៍ឲ្យគេយក​មកធ្វើបុណ្យបូជា​នៅ​មុខ​វត្តដំរីសនេះផងដែរ។ ![Domreysor 4.png](https://serey.io/imageupload_data/7271f732abebf14fbfe398fcd3e035a021151f75) ចំពោះក្រុមជាងស្ថាបនាព្រះវិហារវត្តដំរីស ឬវត្តស្វេតឆ័ត្រកុញ្ជរជ័យ ដែលយើងកំពុងឃើញមកទល់នឹងសព្វថ្ងៃនេះ បើតាមឯកសារ​របស់​លោក តូច ឈួង បានអះអាងថា ជាងអ្នកទទួលការងាររៀបឥដ្ឋគឺ កុងតូ នៅភូមិដូនទាវ និងជាង ស្នា នៅមុខវត្តកំផែង។ ![Domreysor5.png](https://serey.io/imageupload_data/bec39ec6e388ff988bcbe5a280c7bfc38dcf1dd4) ឯជាងខាងឆ្លាក់រូបស៊ីម៉ង់ត៍ ជារូបគ្រុឌ តោ ស្វា មនុស្ស យក្ស គឺជាង ញឹក នៅព្រែកតាតន់ និងជាង សឿន នៅភូមិចំការសំរោង។ ចំណែក​ជាងចម្លាក់ឈើវិញ គឺជាង អុន នៅក្បែរវត្តក្តាំងងារ ដែលថ្វីដៃឆ្លាក់របស់គាត់ បានស៊ីដាច់ជាង​ឆ្លាក់ឈើ​ដទៃៗទៀតក្នុងសម័យនោះ។ ![Domreysor6.png](https://serey.io/imageupload_data/eec14af1d511d1c14c31a2b5c7a79d15c07beba7) អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុសនោះ គឺចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ គំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងខាងក្រៅមួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរ​យាមតាមរបងព័ទ្ធជុំវិញព្រះវិហារ! សត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និងជាពិសេស គឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង។ ![Screenshot_2018-09-07-18-52-27.png](https://serey.io/imageupload_data/b4ce96af35dd4626905aa4c6a634dd15ae75501e) ![domreysor8.png](https://serey.io/imageupload_data/312e01a26e39e1986577ccc8f8360817150721bb) អត្ថបទដោយ ទី សាវឿន រូបភាពយកពីហ្វេសប៊ុកនិងរៀបចំកែសម្រួលបន្តដោយ រ៉ាសា (បាត់ដំបងជាស្រុកកំណើតខ្ញុំ)
0.000 SRY$0.00
Global
Global

Comments