យកចិត្តគេដាក់ក្នុងចិត្តយើង ដើម្បីរក្សាទំនាក់ទំនងល្អ

គ្រប់ទំនាក់ទំនងសាងឡើងព្រោះតែប្រយោជន៍!
ហ៊ានទទួលយកការពិត ដើម្បីអាចឈរលើសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវបាន!
កុំខឹងគេ បើដឹងថាគេរាប់អានអ្នកព្រោះតែប្រយោជន៍
បើខឹង ត្រូវសួរខ្លួនឯងវិញ តើអ្នកមិនចង់បានប្រយោជន៍ពីគេទេឬ? កុំកុហកឲ្យសោះ!
ប្រយោជន៍មានច្រើនបែបច្រើនយ៉ាងណាស់ គ្រាន់តែមិនដឹងថារូបភាពបែបណាយ៉ាងណាដែលម្នាក់ៗចង់បានពីគ្នា។
ស្គាល់គ្នាស្និទ្ធស្នាលគ្នា ក៏ព្រោះដោយសារតែ
១. ស្រួលទំនាក់ទំនងការងារជាមួយគ្នា
២. ថ្ងៃមុខអាចក្លាយជាដៃគូសហការមុខជំនួញផង
៣. ម្នាក់នោះមានកិត្តិនាមល្អនៅក្នុងសង្គមបច្ចុប្បន្ន
៤. គាត់មានចំណេះដឹង ងាយស្រួលប្រឹក្សា
៥. គាត់ចិត្តល្អ
៦. ចង់បានគាត់ធ្វើជាមិត្តល្អ
៧. មានច្រើនទៀត ទាល់តែរកនឹក..។ល។ គ្រាន់តែថា
ពេលនេះឆ្លើយបានឬនៅថាប្រយោជន៍មួយណាដែលអ្នកចង់បានពីមនុស្សដែលអ្នកកំពុងមានទំនាក់ទំនងជាមួយ?
អ្នកអាចកំពុងគិតដល់មនុស្សម្នាក់ ហើយឆ្លើយយកចំនុចទី៦ តែម្នាក់នោះបែរជាឆ្លើយយកចំនុចទី១ នៅពេលដែលគិតដល់អ្នកវិញក៏អាចថាបាន។
ដូច្នេះទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែននៅលើផ្លូវនៃចំនុចទី១ ឬទី៦នោះទេ វាត្រូវតែ ៦បូក១ បើអ្នកទាំងពីរធ្វើឲ្យបាត់ចំនុចណាមួយ ទំនាក់ទំនងនឹងប្រែមកជាចំនុចសូន្យវិញមិនខានឡើយ។
ចំនុចសូន្យក៏ចាត់ទុកថារួចខ្លួន តែបើចំនុចដកសូន្យគឺអាក្រក់ណាស់ នៅពេលដែលក្លាយពីមិត្តទៅជាមនុស្សដែលត្រលប់ជាសត្រូវហើយត្រូវស្អប់គ្នា។
តែយ៉ាងណា ពេលមនុស្សពីរនាក់ចាប់ផ្តើមសាងទំនាក់ទំនងណាមួយជាមួយគ្នា ពួកគេមិនប៉ងឲ្យទំនាក់ទំនងនោះត្រូវបញ្ចប់ឬ ត្រូវស្អប់គ្នានៅពេលក្រោយនោះទេ។
ដូច្នេះដើម្បីឲ្យទំនាក់ទំនងមួយ រលូនទៅមុខបានយូរ គប្បីឧស្សាហ៍ថ្លឹងចិត្តគេ និងចិត្តខ្លួនឯងឲ្យបានស្មើគ្នានិងចេះ
ផ្តល់ឲ្យគេតាមដែលគេអាចឲ្យបាន ឬទទួលពីគេតាមដែលខ្លួនអាចឲ្យគេវិញបាន។
ភាពលោភលន់ និងអាត្មានិយម,ចង់ចំណេញនាំឲដាច់ចំណង
មិនថាមិត្តភាពឬដៃគូជីវិតឡើយ«ផ្តល់ទៅផលមក»៕៚
Comments