ឪពុកក្មេករើសកូនប្រសា (ភាគទី១)
https://s33.postimg.cc/9zcu15xov/38828270_493399381084098_4150508909972422656_n.png
កាលពីព្រេងនាយមានតាចាស់ម្នាក់ និង ដូនចាស់ម្នាក់នៅស្រុកមួយ។ តាចាស់យាយចាស់នោះ គាត់មានកូនក្រមុំម្នាក់រូបល្អណាស់ អ្នកណាទៅដណ្តឹងក៏គាត់មិនព្រមឲ គាត់ថា "អ្នកណាតមមិនជេរម្តាយគេបានទើបគាត់ឲកូនជាប្រពន្ធអ្នកនោះ"។
ជួនថ្ងៃមួយនោះមានកម្លោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្តឹងកូនគាត់ៗថា "អើអញឲឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមកុំជេរម្តាយហើយទទួលបំរើអញ តាមពាក្យអញបានអញឲឯង បើតមមិនបានអញផ្តាច់មិនឲឯងទេ អញប្រាប់ឯងមុនឲដឹងហើយឯងកុំថាអញកាចណា !"។
កម្លោះនោះថា "ខ្ញុំបាទតមមិនជេរម្តាយគេបាន ហើយធ្វើការអ្វីៗបានទាំងអស់ ខ្ញុំទទួលសព្វគ្រប់ប្រការតាមប្រសាសន៍លោកឪពុក" តានោះថា "អើបើឯងតមជេរម្តាយគេបានមែន ឯងទៅសិនចុះ ព្រឹកឯងមកវិញពីព្រលឹម"។ កម្លោះនោះក៏លាទៅផ្ទះវិញ។
ព្រឹកឡើងកម្លោះនោះមកវិញចូលទៅបំរើឪពុកម្តាយក្មេក តានោះប្រើកូនក្រមុំឲរៀបបាយទឹកឲអ្នកកម្លោះនោះស៊ីៗរួចហើយ តានោះប្រាប់ទៅកូនប្រសាថា "កូនទៅចាប់ក្របីទៅភ្ជួរស្រែ ដល់កាលណាថ្មនៅខាងស្រែនោះយំតេវៗ ច្រេច សឹមឯងដោះក្របីលែង"។ អ្នកកម្លោះទៅចាប់ក្របីមកទឹម ហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំ ក្របីដើរពុំរួចក៏ថ្មចេះតែឈឹង ពុំយំសោះ។ អ្នកកម្លោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្តាយថា "ម្តាយអាថ្មនេះ កាលណានិងយំឡើង។ កម្លោះនោះជេរតែប៉ុណ្ណោះ តានោះស្ទុះចេញពីក្រោយថ្មមកថា "ណ្ហើយចុះ ឯងដោះក្របីលែង ហើយទៅផ្ទះឯងចុះអញផ្តាច់កូនហើយ ត្បិតឯងតមជេរម្តាយមិនបាន" កម្លោះនោះដោះក្របីលែង ហើយទៅផ្ទះវិញ។
ថ្ងៃក្រោយមក មានកម្លោះម្នាក់ចូលស្តីកូនក្រមុំយាយតានោះទៀត គាត់បង្គាប់ដូចកម្លោះមុន តែអ្នកកម្លោះក្រោយគេមានប្រាជ្ញា គេភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយ ក៏បញ្ឍប់ក្របីស៊ីបាយ ភ្ជួរពីថ្ងៃជ្រេពីត្រង់ ក៏ថ្មមិនយំ ក្របីអស់ជើងដើរពុំរួច អ្នកកម្លោះនោះកាលណាបើបរក្របីទៅជិតថ្មនោះ ធ្វើជាស្តីថា "ឱ ! លោកថ្មអើយយំឡើងក្របីដើរពុំរួចទេ អាណិតក្របីផងទៅ ខ្លួនខ្ញុំឥតបើអីទេ ខ្ញុំមានបាយស៊ីភ្ជួរដល់យប់ក៏បានដែរ អាណិតតែក្របីទៅចុះត្បិតជាសត្វ"។ អ្នកកម្លោះនោះអង្វរដួចម្តេចក៏ថ្មពុំយំ អ្នកកម្លោះនោះក៏ពុំជេរ ត្បិតវាដឹងតានោះនៅពួនក្រោយថ្ម លុះអង្វរយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនក៏គាត់នឹកអាណិតក្របីគាត់ៗក៏យំក្រោយថ្មនោះឮសូរតេវៗ អ្នកកម្លោះនោះក៏ដោះក្របីឲស៊ីស្មៅ ហើយមកផ្ទះឪពុកក្មេកវិញ។ តានោះក៏ឲកូនគាត់លើកបាយមកឲអ្នកកម្លោះនោះស៊ី។ លុះល្ងាចតានោះប្រាប់ថា "កូនអើយទៅផ្ទះឯងចុះ ព្រឹកសឹមឯងមកវិញ"។ កម្លោះនោះក៏លាទៅផ្ទះ លុះយប់ក៏លបមកចាំស្តាប់នៅក្រោមដំណេកតានោះយកការណ៍ ព្រោះគាត់និយាយគិតគូនិងប្រពន្ធគាត់ទាល់តែដេកលក់។
វេលាយប់ តាចាស់ចូលដេកក៏និយាយនិងយាយថា "ដូន ! អានេះវាតបជេរម្តាយបាន ដូច្នេះយើងរកឧបាយ៉ាងណា ? ឲវាខឹងជេរម្តាយយើងនិងផ្តាច់វាទៅ"។ ដូចឆ្លើយថា "ងាយទេបើដូច្នេះ តាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករព្រឹកឡើងវាមក ខ្ញុំប្រាប់វាថា "តាទៅកាប់អុសនៅលើភ្នំមុនហើយ "ខ្ញុំឲវារែកតាឯង និងអង្ករឡើងលើភ្នំ បើវាធ្ងន់វាខឹង វាជេរនោះតាឯងនៅក្នុងការុងឮហើយមកវិញផ្តាច់វាបានដោយងាយ"។ តាយាយគិតគ្នាដូច្នេះហើយក៏ដេកទៅ ឯអ្នកកម្លោះលបស្តាប់ក្រោមផ្ទះដឹងការហើយ ក៏វិលទៅដេកឯផ្ទះ។ ព្រឹកឡើងអ្នកកម្លោះនោះទៅបំរើម្តាយឪពុកក្មេក ក៏ស្រាប់តែឃើញយាយចាស់ បង្ហាញអំរែកហើយប្រាប់ថា "កូនអើយ ! ឪឯងទៅកាប់អុសលើភ្នំហើយ គាត់ផ្តាំថាឲកូនរែកអង្ករនេះឡើងទៅតាមគាត់ឲឆាប់ អាលនឹងដាំបាយឲឪឯងហូប"។ កម្លោះនោះទទួលអំរែកហើយ ក៏រែកទៅតាមជើងភ្នំ ដល់រែកបានបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញ ហើយស្តីថា "ឱ ឪអើយ ! ខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងជាឆាប់មិនបានទេ វាធ្ងន់ម៉្លេះ នរណានិងរែកឡើងទៅវិញរួច បើឪមិនអាណិតគាត់ជេរបន្ទោសដូចម្តេចក៏ទទួល"។ និយាយហើយ រែកចុះមកវិញ លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្តាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់ទើបដើរត្រលប់មកវិញយកភ្លើងដុតជុំវិញអំរែក លុះភ្លើងឆេះស្បូវជុំវិញ ហើយក្តៅដល់តាចាស់ដែលនៅក្នុងការុងនោះ គាត់ក៏បំរាស់ញ័ររង្គើរទាំងការុង ភ័យក្រែងភ្លើងឆេះស្លាប់ចេញមិនរួច។ អ្នកកម្លោះនោះធ្វើជារត់មកពីណាក៏ស្រែកថា "យើស ! អ្នកណាដុតភ្លើងឆេះអំរែកអញអស់ ធ្វើដូចម្តេចអញនិងចូលទៅបាន ភ្លើងឆេះជុំវិញចូលមិនរួចទេ "ថាហើយស្រែកឈរនៅក្រៅ លុះភ្លើងឆេះដល់ការ៉ុងក្តៅតាចាស់ណាស់ទើបស្ទុះចូលទៅអូសអំរែកចេញពីភ្លើង រួចហើយភ្លើងឆេះដាច់ខ្សែរការុង រលាកតាចាស់បំរះញ័រៗ ទើបអ្នកកម្លោះនោះស្រាយការុងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលផង ក៏ជម្រាបថា "យីស ! លោកឪ ម្តេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲនៅមេម៉ាយ។ តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្តេច ងើបឡើងដើរតយង៉យមកផ្ទះវិញទ្រមខ្លួនមួយថ្ងៃ ណាមួយដោយវាអូសចេញពីភ្លើងណាមួយរលាកភ្លើង មកដល់ផ្ទះវិញគ្មានស្តីមួយមាត់ ដល់ផ្ទះហើយប្រាប់កូនប្រសារថា "ទៅផ្ទះចុះព្រឹកសឹមមក"។ ឯកូនប្រសាលាទៅផ្ទះដល់យប់លបពួនក្រោមផ្ទះស្តាប់ទៀត។
**ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ**
Comments