សង្ខេបមេរៀនប្លុកឆេន Summarize of Blockchain Technology
https://cdn0.tnwcdn.com/wp-content/blogs.dir/1/files/2018/01/Blockchain-Funds.png
## អ្វីទៅជាបច្ចេកវិទ្យាBlockchain
Blockchain មកពីពាក្យ Block (បណ្តុំទិន្នន័យ) + Chain (តភ្ជាប់គ្នាជាខ្សែសង្វាក់) = ខ្សែសង្វាក់ប្លុកឆេន។

## ប្លុកឆេន មានធាតុផ្សំសំខាន់ៗ៣យ៉ាងគឺ
Distributed Ledger (Distributed Database) កន្លែងផ្ទុកទិន្នន័យវិមជ្ឈការ
Peer to Peer Network បណ្តាញកុំព្យូទ័រតភ្ជាប់គ្នាពីមួយទៅមួយ
Cryptography បច្ចេកវិទ្យាបំបែកកូដ
ដោយសារតែប្លុកឆេនជាកន្លែងផ្ទុកទិន្នន័យវិមជ្ឈការ នោះមានន័យវា បច្ចេកវិទ្យាមួយនេះអាចបម្រើបានគ្រប់វិស័យ។ អាចផ្ទុកទិន្នន័យនៃការទូទាត់លុយ (វិស័យធនាគារ)
អាចផ្ទុកទិន្នន័យឡានអាយុជីវិត (វិស័យធានារ៉ាប់រង)
អាចផ្ទុកទិន្នន័យអ្នកជំងឺ (វិស័យសុខាភិបាល)
អាចផ្ទុកទិន្នន័យទំនិញ (វិស័យពាណិជ្ជកម្ម)
អាចផ្លុកប័ណ្ណដីធ្លី (វិស័យនគរូបនីយកម្ម និង សំណង់)
អាចផ្ទុកទិន្នន័យបន្លែផ្លែឈើ(វិស័យកសិកម្ម)
អាចផ្ទុកទិន្នន័យនៃការបោះឆ្នោត (វិស័យច្បាប់ និង ការបោះឆ្នោតជាតិ)
និយាយរួមគឺគ្រប់វិស័យទាំងអស់ សុទ្ធតែអាចប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនបានទាំងអស់។

មូលហេតុដែលប្រព័ន្ធទិន្នន័យនេះចង់ប្រែក្លាយទៅជាប្រព័ន្ធទិន្នន័យវិមជ្ឈការ គឺដើម្បីការពារការវាយប្រហារពីការគ្រប់គ្រងបែបមជ្ឈមណ្ឌល នៅពេលដែលមជ្ឈមណ្ឌលមួយរងផលប៉ះពាល់ អ្នកទាំងអស់គ្នានឹងរងគ្រោះគ្រប់គ្នា។ មួយវិញទៀត មនុស្សឥឡូវត្រូវការទំនាក់ទំនងគ្នា និង ផ្លាស់ប្តូរព័ត៌មានគ្នា បច្ចេកវិទ្យានេះអាចអនុញ្ញាតិឲ្យមនុស្សច្រើនភាគីធ្វើការជាមួយគ្នា ហើយនៅតែមានទំនុកចិត្តលើគ្នា ដោយសារតម្លាភាពនៃបច្ចេកវិទ្យាប្លុកឆេន។

ជាចាំបាច់នៅពេលដែលយើង លុបបំបាត់ភាគីកណ្តាលចោល គឺយើងត្រូវមានអ្វីម្យ៉ាងមកជំនួសវិញដែលនោះគឺជា ម៉ាស៊ីនកុំព្យូទ័រ និង កម្មវិធីដែលបានសរសេរបញ្ជាដូចជាកូដ និង កិច្ចសន្យាឆ្លាតវៃ (Smart Contract)។

ការធ្វើបែបនោះគឺទាមទារឲ្យមានទិញម៉ាស៊ីនមកផ្តល់សុពលភាព និង សុក្រិតភាពនៃទិន្នន័យ ព្រមទាំងការឯកភាពគ្នា ដែលភាសាបច្ចេកទេសហៅថា Consensus។ ជំនាន់ទី១នៃ Consensus គឺ Proof of Work ត្រូវការទិញម៉ាស៊ីនមកជីករ៉ែ ដោយសារវាទទួលបានផលនៃការវិនិយោគខ្ពស់ ជាទីចាប់អារម្មណ៍នៃអ្នកជំនួញ។

ពួកគេបានទិញម៉ាស៊ីនកាន់តែមានសមត្ថភាពខ្លាំងទៅៗ រហូតក្លាយជា Mining pool ឬ Mining Farm ហើយបង្កើតក្រុមហ៊ុននៅប្រទេសណាដែលតម្លៃអគ្គិសនីនៅថោក ដែលប្រទេសចិនជាជម្រើសដ៏ល្អ។

នៅពេលដែលក្រុមអ្នកជីករ៉ែ បានប្រមូលម្តុំគ្នានៅប្រទេសចិន គឺងាយនឹងត្រូវបានច្បាប់នៃប្រទេសចិនគ្រប់គ្រងដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការទាំងមូល មួយវិញទៀត មានតែក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះដែលទទួលផលចំណេញ មូលហេតុនេះហើយបានជា មានមនុស្សមិនពេញចិត្ត ហើយចាប់ផ្តើមបំបែកខ្លួន ដែលយើងហៅថា Hard Fork។

Bitcoin ចាប់ផ្តើមបំបែកខ្លួនជា bitcoin cash, bitcoin silver, bitcoin gold, bitcoin diamond, bitcoin atom, super bitcoin, bitcoin private, bitcoin candy, .........មិនចេះចប់មិនចេះហើយ។

និយាយពីប្រសិទ្ធភាពនៃការប្រើប្រាស់វិញ បច្ចេកវិទ្យានេះមិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិឡើយ ដោយក្រុមហ៊ុនភាគច្រើនគឺបង្កើតខ្យល់ ហើយបង្កើតជា ICO (Initial Coin Offering) ដើម្បីលក់កាក់យកលុយតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនជាច្រើន ស្ទើរតែ៩០% ដួលរលំទៅវិញ។

ដោយសារតែលុយអេឡិចត្រូនិចដែលបង្កើតហើយ មិនមានគុណប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ សកម្មភាពមួយដែលអ្នកទិញកាក់នេះធ្វើបានគឺមានតែ២ប៉ុណ្ណោះ។ ទិញទុកឲ្យវាឡើងថ្លៃ និង យកទៅដាក់ទិញលក់នៅក្នុងទីផ្សារភាគហ៊ុន (Trading) ដែលបង្កើតឲ្យមានតម្លៃខ្យល់នៅលើទីផ្សារ (Hype of Price Speculation)។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនក្រុមហ៊ុនទាំងអស់សុទ្ធតែគ្មានទស្សនវិស័យនោះឡើយ ដូចជាក្រុមហ៊ុនមួយនេះមានឈ្មោះថា EverLedger បានប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនដើម្បី ធ្វើការទាក់ទងជាមួយនឹងពាណិជ្ជកម្មពេជ្រ តាំងពីការជីកយកពេជ្រ សំអាត កែច្នៃ ដឹកជញ្ជូនឆ្លងប្រទេស ដាក់លក់នៅលើទីផ្សារ រហូតបានទៅដល់ដៃអ្នកទិញ។

នៅថ្ងៃអនាគត យើងនឹងឃើញក្រុមហ៊ុនជាច្រើននឹងត្រូវដួលរលំ ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនដែលរឹងមាំ នឹងបន្តធ្វើដំណើរទៅមុខទៀត ហើយសហការគ្នា ដោយធ្វើការតភ្ជាប់គ្នាជាបណ្តាញសហលុយអេឡិចត្រូនិច។
### Internet of Money is coming ...
រៀបរៀងដោយ @Cryptopreneur
Comments