Serey is utilizing Blockchain technology

សំនួរសួរជារើយៗ (ភាគ២) SEREY FAQ (2)

![faq.png](https://serey.io/imageupload_data/554e72f3cdf4e7bb64daa7313b1ed6f936744e12) ## ក្រោយពេលចុះឈ្មោះចូលជាសមាជិកនៅក្នុងបណ្តាញសេរីហើយ ## ១/. សោរសំងាត់នៅក្នុងបណ្តាញសេរីសម្រាប់ធ្វើអ្វីខ្លះ? នៅពេលដែលបងប្អូនចុចលើរូបគណនី (Profile) របស់បងប្អូន រួចជ្រើសរើសពាក្យ(Wallet) បន្ទាប់មកចុចលើពាក្យសិទ្ធិអនុញ្ញាតិ (Permission) បងប្អូននឹងឃើញសោរ៤សំខាន់ៗ។ សោរទី១ Posting Key សោរទី២ Active Key សោរទី៣ Owner Key សោរទី៤ Memo Key ក្នុងចំណោមសោរទាំងអស់ សោរដែលធំជាងគេគឺ Owner Key ដែលមានសមត្ថភាពអាចយកទៅប្តូរសោរដទៃទៀតបាន។ ដើម្បីចូលមកក្នុងបណ្តាញសង្គមសេរី បងប្អូនមិនចាំបាច់ប្រើ Owner Key ទេ។ បងប្អូនអាចប្រើត្រឹមតែ Posting Key បានហើយ ក្នុងការចូលមកដើម្បីនិពន្ធអត្ថបទឬចុចគាំទ្រអត្ថបទអ្នកដទៃ។ ក្នុងករណីដែលបងប្អូនចង់ធ្វើការផ្ញើកាក់សេរី ប្រព័ន្ធនេះនឹងសួររកសោរ Active Key ទើបអាចផ្ញើលុយបាន។ ចំណែក Memo Key គឺទុកសម្រាប់ បង្កើតសារនិងអានសារដែលយើងហៅថា Memo។ ## ២/. សោរច្រើនយ៉ាងនេះ តើសោរមួយណាជាសោរសំងាត់? នៅក្នុងសំនួរទីមួយ ពេលដែលបងប្អូនមើលសោរទាំង៤ខាងលើ សោរទាំងអស់សុទ្ធតែចាប់ផ្តើមពីពាក្យ SRYxxxxx ទាំងអស់ សោរនេះយើងហៅថាសោរសាធារណៈ (Public Key) សោរនេះមិនសូវសំខាន់ទេ តែក៏មិនគួរបង្ហាញឲ្យគេឃើញដែរ។​ ដោយសារបណ្តាញសង្គមប្រើប្រាស់បច្ចេកវិទ្យា Blockchain គឺគេមិនប្រើ Password ទេ។ គេប្រើ Asymmetry Cryptography ដែលមានសោរពីរជាគូនឹងគ្នា គឺ Public Key និង Private Key។ Private Key ជាសោរសំងាត់ប្រៀបដូចជា Password ដែលយើងធ្លាប់ប្រើ ហើយយើងអាចរកវាបាន ដោយចុចប៊ូតុង Show Private Key ជាទូទៅវាចាប់ផ្តើមដោយលេខ5។ ## ៣/. ហេតុអ្វីគេចុច Like បានកាក់ច្រើន ពេលខ្ញុំចុច Like បានកាក់តិចម្ល៉េះ? នៅក្នុងបណ្តាញសង្គមសេរី មានពាក្យបច្ចេកទេសមួយហៅថា Upvote (ការបោះឆ្នោតគាំទ្រ) ប្រៀបដូចជាLikeដែរ អ្នកដែលមានប្រជាប្រិយភាពច្រើន ឬ មានកាក់សេរីថាមពលច្រើន ទើបធ្វើឲ្យពួកគាត់មាន កម្លាំងនៃការបោះឆ្នោតគាំទ្រដែលបង្កើតបានកាក់ច្រើនដូចគ្នា។ ## ៤/. តើអ្វីទៅជាប្រជាប្រិយភាព Reputation? នៅពេលដែលបងប្អូនចុះឈ្មោះដំបូង ប្រជាប្រិយភាព ឬ ពិន្ទុ Reputation របស់បងប្អូនមានចំនួន២៥ស្មើៗគ្នា ដែលវាជាលេខនៅក្នុងរង្វង់មូល​ ក្បែរឈ្មោះរបស់បងប្អូន។ នៅពេលដែលបងប្អូនចាប់ផ្តើមនិពន្ធអត្ថបទ ពិន្ទុនោះនឹងកើនឡើងជាលំដាប់ នៅពេលដែលមាននរណាម្នាក់បោះឆ្នោតគាំទ្រអត្ថបទរបស់បងប្អូន ពិន្ទុនោះនឹងបន្តកើនឡើងជានិច្ច។ ប្រជាប្រិយភាពគឺបានមក ដោយសារបងប្អូននិពន្ធអត្ថបទមានប្រយោជន៍ មានគេអាន មានគេគាំទ្រ នោះប្រជាប្រិយភាពនឹងកើនឡើងដោយស្វ័យប្រវត្ត។ ## ៥/. ចុះបើខ្ញុំមិនពេញចិត្តអត្ថបទណាមួយ តើខ្ញុំត្រូវធ្វើដូចម្តេច? ជាទូទៅ នៅក្នុងបណ្តាញសង្គមសេរី មានមុខងារមួយដែលហៅថា Flag ឬ DownVote មានន័យថា ការបោះឆ្នោតទំលាក់។ នៅពេលដែលបងប្អូនឃើញអត្ថបទណាមួយ មិនល្អ ប៉ះពាល់ដល់សង្គម ឬ អារម្មណ៍ណាមួយនោះ បងប្អូនអាចធ្វើការបោះឆ្នោតទម្លាក់អត្ថបទនោះបាន។ ជាទូទៅ រហូតមកដល់សព្វថ្ងៃនេះ យើងមិនសូវឃើញមានអត្ថបទអវិជ្ជមានច្រើនទេ ប្រសិនបើសមាជិកសេរីទាំងអស់ ចេះយោគយល់គ្នា ហើយចែករំលែកអ្វីដែលល្អៗ នោះយើងមិនចាំបាច់ប្រើមុខងារមួយនេះឡើយ។ មុខងារមួយនេះ គឺសម្រាប់ការពារនៅពេលដែលមានជនខិលខូច មកចង់ធ្វើឲ្យបណ្តាញសង្គមសេរីមានបញ្ហា ដោយការបង្ហោះអត្ថបទឬរូបភាពផ្តេសផ្តាសមករំខានប៉ុណ្ណោះ។ ## ៦/. ហេតុអ្វីអត្ថបទគេទទួលបានកាក់ច្រើន អត្ថបទខ្ញុំទទួលបានកាក់តិច? ជាធម្មតា ការផ្តល់កាក់ដល់អត្ថបទគឺអាស្រ័យលើ ស្ថាបនិក គទានុរក្ស និង សមាជិកទាំងអស់បោះឆ្នោតគាំទ្រគ្នា។ ដោយសារសព្វថ្ងៃ សមាជិកទើបតែកើនឡើងបាន ៤០០ទៅ៥០០នាក់ ហើយកម្លាំងថាមពលរបស់ពួកគាត់នៅខ្សោយ ទើបអត្ថបទមួយៗ មិនទាន់ទទួលបានកាក់ច្រើននៅឡើយទេ។ ភាគច្រើនគឺបានមកពីការវាយតម្លៃរបស់ស្ថាបនិក និង គទានុរក្ស ដែលយើងហៅថា Curator។ ដើម្បីទទួលបានកាក់ច្រើនពីពួកគាត់ បងប្អូនត្រូវនិពន្ធអត្ថបទ ដែលចេញពីស្នាដៃខ្លួនឯង មិនចម្លងពីអ្នកដទៃ ប្រើប្រាស់ពាក្យពិត អារម្មណ៍ពិត នោះបងប្អូននឹងទទួលបានកាក់ច្រើន។ សមាជិកខ្លះ គាត់បង្ហោះតែរូបញ៉ាំអាហារជុំគ្នា ហើយរៀបរាប់ពាក្យពិតក្នុងចិត្តរបស់គាត់ក៏ទទួលបានកាក់ច្រើនដែរ សមាជិកខ្លះរៀបរាប់ពីដំណើរកំសាន្ត វិធីសាស្រ្តនានា បទពិសោធន៍ជីវិត សុទ្ធតែទទួលបានកាក់ច្រើនៗទាំងអស់ ហេតុដូច្នេះហើយ បងប្អូនគួរតែព្យាយាមបង្កើតអ្វីដែលជារបស់ខ្លួនឲ្យបានច្រើន។ នៅថ្ងៃអនាគត នៅពេលដែលសមាជិកគ្រប់ៗគ្នាមានថាមពលច្រើនហើយ នោះអត្ថបទណាដែលទទួលបានការគាំទ្រច្រើន នឹងទទួលបានកាក់ច្រើនដូចគ្នា មិនពឹងផ្អែកទៅលើតែស្ថាបនិកឬគទានុរក្សឡើយ។ ## ៧/. តើថាមពលនៃការគាំទ្រដើម្បីបានកាក់ច្រើនបានមកពីណា? នៅពេលដែលបងប្អូនបង្កើតគណនីដំបូង បងប្អូននឹងទទួលបាន កាក់សេរីថាមពលចំនួន២០ ដែលយើងហៅថា Serey Power។ ប្រសិនបើបងប្អូនបានចូលរួមកម្មវិធីដែលសេរីបានបង្កើត ដូចជាការបង្រៀននៅកំពត សិក្ខាសាលានាពេលខាងមុខនេះ បងប្អូននឹងទទួលបានកាក់សេរីថាមពលចំនួន៥០០កាក់។ បងប្អូនអាចនិពន្ធអត្ថបទ ហើយទទួលបានរង្វាន់នៅពេលគេបោះឆ្នោតគាំទ្រ ឬ បងប្អូនអាចយកលុយមកវិនិយោគ ដោយទិញកាក់ពីស្ថានិកសេរី ហើយប្តូរវាទៅជាកាក់សេរីថាមពលបាន ពេលនោះថាមពលរបស់បងប្អូននឹងកើនឡើងហើយ។ កុំភ្លេចអានអត្ថបទ [សំនួរជារើយៗភាគ១ SEREY FAQ](https://serey.io/serey/@cryptopreneur/serey-faq) @Cryptopreneur
0.000 SRY$0.00
Global
Global

Comments