Serey is utilizing Blockchain technology

មេរៀន ជំនះឧបសគ្គជីវិតទាំង៩ដំណាក់កាល 9 Stages of Life Challenge Lesson

## [Stage 1: Challenge Fear](https://serey.io/challenge/@cryptopreneur/stage-1-challenge-fear) https://serey.io/imageproxy/0x0/http://isha.sadhguru.org/blog/wp-content/uploads/2015/09/leaving-your-fears-insecurities-behind.jpg ក្នុងជីវិតមនុស្ស ដើម្បីបានឡើងទៅដល់ចំណុចឧត្តុង្គឧត្តមនៃជីវិត ត្រូវឆ្លងកាត់នូវដំណាក់កាលមួយចំនួន ហើយដំណាក់កាលដំបូងដែលត្រូវឆ្លងកាត់នោះគឺសេចក្តីភ័យខ្លាច។ ខ្លាចខ្មាសគេ ខ្លាចគេសើចចំអក ខ្លាចគេមើលមុខ ខ្លាចគេមិនឲ្យតម្លៃ ខ្លាចគេមើលងាយ ខ្លាចគេស្តីឲ្យ ខ្លាចធ្វើការមិនកើត ខ្លាចខុស ខ្លាចគេថាអាក្រក់ សេចក្តីភ័យខ្លាចនេះ ជារនាំងរារាំងយើងមិនឲ្យធ្វើដំណើរឡើងទៅជាន់បន្ត ដើម្បីបានងើបផុតពីទីទុក្ខ ក្នុងបន្ទប់ដ៏ខ្មៅងងឹតដែលគ្មានពន្លឺ។ ថ្ងៃណាដែលសេចក្តីអង់អាចបានកើតឡើង ថ្ងៃនោះហើយដែលភាពងងឹតត្រូវបានបញ្ចប់។ ## [Stage 2: Challenge Laziness ](https://serey.io/challenge/@cryptopreneur/stage-2-challenge-laziness) https://serey.io/imageproxy/0x0/https://truththeory.com/wp-content/uploads/2016/12/54399570_ml.jpg នរណាៗ ក៏ចង់មានជីវិតដែលស្រណុកសុខស្រួល​ មានសុភមង្គល គ្មានមន្ទិលហ្មងសៅនៅក្នុងជីវិត ក៏ប៉ុន្តែមិនមានមនុស្សច្រើនដើម្បីស្គាល់ផ្លូវដែលជៀសផុតពីសេចក្តីទុក្ខទាំងឡាយដែលបានកើតឡើងជារៀងរាល់ថ្ងៃ។ មនុស្សតែងតែគិតថា ផ្លូវដើម្បីដើរចេញពីទុក្ខនោះគឺងាយៗ ស្រួលៗ ចំណាយកម្លាំងតិច ចំណាយពេលតិច ការគិតបែបនោះហើយដែលធ្វើឲ្យគេនៅតែមិនអាចដើរចេញពីជាន់មួយនេះ ហើយធ្វើដំណើរឡើងទៅជាន់បន្ត។ នៅពេលដែលគេគិតថា ធ្វើការនេះស្រួល ធ្វើការនេះចំណេញ ធ្វើការនេះឆាប់មាន តែមិនបានដាក់ចិត្តដាក់កាយទៅធ្វើឲ្យយកចិត្តទុកដាក់ ដោយបញ្ញាស្មារតី ហើយទីបំផុតគេនៅតែមិនអាចងើបផុតពីជាន់មួយនេះបាន ហើយនៅតែបន្តវេទនា រកមួយថ្ងៃ រស់មួយថ្ងៃ ចំណាយច្រើនជាងចំនូល រកបានតិច តែចាយលុយដូចផឹកទឹក។ ដើម្បីចាកចេញពីជាន់មួយនេះបាន គឺត្រូវតែមានសេចក្តីព្យាយាម ការអត់ធ្មត់ខ្ពស់ ហើយធ្វើការខ្លាំងជាងមុន។ ពាក្យចាស់ពោលថានឿយមុនស្រណុកក្រោយ ស្រណុកមុនវេទនាក្រោយ។ ការដែលខិតខំព្យាយាមនឿយហត់ពីក្មេង ចាស់ទៅនឹងសប្បាយស្រណុក តែបើកាលនៅពីក្មេងដើរលេងសប្បាយស្រណុក ចាស់ទៅសូម្បីតែផ្ទះក៏គ្មានសម្រាប់ការជ្រកកោន។ សេចក្តីព្យាយាមមិនមែនកើតចេញពីមាត់ គឺកើតចេញពីទង្វើ ប្រសិនបើគេធ្វើការ៨ម៉ោង ឬ តិចជាង៨ម៉ោងក្នុងមួយថ្ងៃ សេចក្តីព្យាយាមគឺត្រូវធ្វើការពី១០ម៉ោង ទៅ ១៤ម៉ោងក្នុងមួយថ្ងៃឬអាចដល់ទៅ១៨ម៉ោង។ ប្រសិនបើគ្មានសេចក្តីព្យាយាមមួយនេះទេ ក៏ថ្ងៃអនាគតមិនអាចសល់ពេលទំនេរ សម្រាប់សំរាកនិងដើរកំសាន្តឡើយ ពីព្រោះពេលវេនានៃអនាគតនោះគឺនឹងត្រូវយកមកសងពេលវេលា ដែលចំណាយចោលឥតប្រយោជន៍នៅពេលបច្ចុប្បន្ននេះ។ ## [Stage 3: Challenge Passion](https://serey.io/challenge/@cryptopreneur/stage-3-challenge-passion) https://serey.io/imageproxy/0x0/http://thefunworks.org/wp-content/uploads/2017/11/starting-businiess.jpg មនុស្សម្នាក់ៗតែងតែ មានចំណង់ចំណូលចិត្តខុសៗគ្នា អ្នកខ្លះចូលចិត្តសិល្បៈ អ្នកខ្លះចូលចិត្តធ្វើជំនួញ អ្នកខ្លះចូលចិត្តដឹកនាំ អ្នកខ្លះចូលចិត្តការបង្កើតថ្មី ក៏ប៉ុន្តែមានមនុស្សជាច្រើន ដែលសូម្បីតែខ្លួនចូលចិត្តអ្វីក៏គ្មានឱកាសផង មូលហេតុអ្វី? ពីព្រោះគេស្ថិតនៅក្នុងបន្ទប់ងងឹត មិនទាន់បានបើកទ្វារចេញមកក្រៅ ហើយសល់ពេលវេលាសម្រាប់គិតថា ខ្លួនគេជានរណា ហើយចង់បានអ្វី ចូលចិត្តអ្វីនោះឡើយ។ អបអរសាទរ អ្នកដែលបានឆ្លងផុតជាន់ទី១ ជាន់ទី២ ហើយបានឈានជើងធ្វើដំណើរមកដល់ជាន់មួយនេះ។ តើអ្នកដឹងទេថា មានមនុស្សជាច្រើនបាននឹងកំពុងធ្វើអ្វីដែលគេចូលចិត្តជារៀងរាល់ថ្ងៃ ដោយសប្បាយចិត្ត ហើយទទួលបាននូវចំណូលខ្ពស់។ ហើយក៏មានមនុស្សជាច្រើនកំពុងតែធ្វើនូវរឿងដែលខ្លួនមិនសូវចូលចិត្ត តែក៏ទទួលបានចំណូលមធ្យម។ ជាការប្រសើរ ដែលអ្នកបានស្រឡាញ់អ្វីមួយ ហើយបានទៅធ្វើវា ហើយទទួលបានជោគជ័យ។ ក៏ប៉ុន្តែ មិនមែននរណាៗក៏អាចបានធ្វើអ្វីដែលខ្លួនចូលចិត្តហើយទទួលបានផលជាទីគាប់ចិត្តឡើយ គេត្រូវសម្រេចចិត្តរៀនអ្វីបន្ថែមទៀត ដែលពេលខ្លះគេមិនសូវជាចូលចិត្ត តែគ្មានជម្រើស។ ក្នុងទស្សនៈរបស់អ្នកជំនួញ បើអ្នកធ្វើរឿងដែលអ្នកចូលចិត្ត ហើយមានចំណូល ហៅថាជោគជ័យ បើអ្នកធ្វើរឿងដែលអ្នកចូលចិត្ត ហើយមិនមានចំណូល ហៅថាបរាជ័យ បើអ្នកធ្វើរឿងដែលអ្នកមិនចូលចិត្ត ហើយមានចំណូល ហៅថាជោគជ័យ សម្រាប់អ្នកជំនួញអ្វីដែលគេគិតនោះគឺចំណូល ទោះបីអ្នកចូលចិត្តឬមិនចូលចិត្តក៏ដោយប្រសិនបើអ្វីដែលអ្នកកំពុងតែធ្វើនោះទទួលបានចំណូលនោះហើយជាការជោគជ័យ។ ប្រសិនបើអ្នកខិតខំធ្វើអ្វីមួយដោយការស្រឡាញ់ហើយគ្មានទីផ្សារនោះ អ្នកនឹងដឹកអោបសេចក្តីស្រឡាញ់របស់អ្នក ជាមួយនឹងទុក្ខនៃសេចក្តីបរាជ័យរបស់អ្នក។ នៅក្នុងដំណាក់កាលមួយនេះ គឺគេបង្រៀនមនុស្សឲ្យចេះ អត់ធ្មត់បន្តិច ហើយបើកចិត្តទទួលយកចំណេះដឹងថ្មីៗ បើទោះបីជាចំណេះនោះយើងមិនសូវជាចូលចិត្តក៏ដោយ ពីព្រោះនៅក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលនៃការស្វែងរកបទពិសោធន៍ជីវិត ហើយបទពិសោធន៍ទាំងអស់នោះ មាននៅគ្រប់ទីកន្លែង ដែលនៅកន្លែងខ្លះយើងមិនសូវជាពេញចិត្ត តែវាជាអាហារដើម្បីបំប៉នយើងឲ្យបានឡើងទៅជាន់បន្ទាប់ទៀតនៃជីវិត។ សួរថា តើយើងធ្វើអ្វីដែលយើងស្រឡាញ់ ហើយបរាជ័យ ចុងបញ្ចប់ត្រូវបញ្ឈប់ការធ្វើរឿងមួយនោះ ឬក៏យើងព្យាយាមស្រឡាញ់នូវអ្វីដែលយើងកំពុងតែធ្វើ ធ្វើវាឲ្យជោគជ័យ ហើយនៅពេលដែលយើងជោគជ័យហើយ គឺយើងនឹងអាចធ្វើអ្វីដែលយើងស្រឡាញ់ជារៀងរហូតទៅ។ ពេលខ្លះក្រោយពីបានធ្វើរឿងដែលយើងមិនស្រឡាញ់រយៈពេលមួយចំនួន យើងហាក់ដូចជាចាប់ចិត្តស្រឡាញ់វា ហើយចង់ធ្វើវាបន្តក៏មាន។ ## [Stage 4: Challenge Perfection](https://serey.io/challenge/@cryptopreneur/stage-4-challenge-perfection) https://serey.io/imageproxy/0x0/http://www.reflectmore.net/wp-content/uploads/2017/06/perfection-grass.jpg ខ្ញុំពិតជាសប្បាយរីករាយ ដែលបានឃើញអ្នកទាំងអស់គ្នាបានឡើងមកដល់ជាន់មួយនេះ ខ្ញុំសម្លឹងឃើញថាចិត្តរបស់អ្នកទាំងអស់គ្នាបើកទូលាយជាងមុន ស្នាមញញឹមនៅលើផ្ទៃមុខមានច្រើនជាងមុន សេចក្តីសប្បុរសនៅក្នុងចិត្តបានប្រសើរជាងមុនហើយ។​ នៅពេលដែលអ្នកទាំងអស់គ្នាជាមនុស្សប្រកបដោយថាមពលពេញខ្លួនបែបនេះ គឺជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវផ្តោតលើការងារឲ្យបានប្រសើរជាទីបំផុត។ មានមនុស្សជាច្រើននាក់ ដែលចង់ធ្វើការងារមួយដូចការងារដែលយើងកំពុងតែធ្វើមួយនេះ ក៏ប៉ុន្តែមិនមានមនុស្សច្រើនឡើយ ដែលធ្វើវាចេញពីចិត្ត ចេញពីក្រអៅបេះដូង ចេញពីការតាំងចិត្ត ចេញពីភាពបរិសុទ្ធ ដែលចង់ឲ្យការងារមួយនេះ សម្រេចទៅបានប្រកបដោយលទ្ធផលល្អ។ ត្រូវចាំថា នៅពេលដែលយើងចង់ធ្វើអ្វីមួយនោះ គឺមានមនុស្សបានធ្វើវារួចទៅហើយ អ្នកខ្លះបានធ្វើវាជាយូរណាស់មកហើយ អ្នកខ្លះទើបតែធ្វើវា អ្នកខ្លះធ្វើវាបានមួយរយៈហើយក៏ឈប់ធ្វើទៅវិញ។ អ្នកទាំងអស់នោះ សុទ្ធតែជាមនុស្សដែលយើងអាចយកមកសិក្សាបានទាំងអស់ថា ហេតុអ្វីគាត់ធ្វើបានយូរយ៉ាងនេះ ហេតុអ្វីគាត់ឈប់ធ្វើទៅវិញ ហើយមកសម្លឹងមើលខ្លួនឯងថា តើគួរធ្វើអ្វីប្រសិនបើយើងនៅតែបន្តចង់ធ្វើរឿងមួយនេះទៀត។ សេចក្តីល្អឥតខ្ចោះ ជាចក្ខុវិស័យដែលយើងត្រូវសម្លឹងទៅរក តែបើទោះបីជាលទ្ធផលមិនល្អ១០០%ក៏វាមិនចោទជាបញ្ហាធំដុំដែរ ពីព្រោះលទ្ធផលដែលយើងបានសម្រេចនោះវាច្រើនជាង៩០%ទៅហើយ។ ពាក្យចាស់ពោលថា ព្យាយាមឈងដៃចាប់មេឃ យ៉ាងហោចណាស់ អ្នកនឹងអាចចាប់ពពកបាន។ សម្លឹងរកគំរូភាព ហើយធ្វើឲ្យបានល្អជានិច្ច។ ## [Stage 5: Challenge Uniqueness](https://serey.io/challenge/@cryptopreneur/stage-5-challenge-uniqueness) https://serey.io/imageproxy/0x0/https://problogger.com/wp-content/uploads/2010/01/Be-Unique.png Stage 1: អ្នកបានចាកចេញពីទីងងឹតហើយ Stage 2: អ្នកបានព្យាយាមយ៉ាងនឿយហត់ហើយ Stage 3: អ្នកបានកសាងសមត្ថភាពដោយមិនគិតពីក្តីស្រឡាញ់ហើយ Stage 4: អ្នកបានទទួលចំណេះនិងបទពិសោធន៍គ្រប់គ្រាន់ហើយ ដំណាក់កាលនេះគឺជាពេលវេលា ដែលអ្នកអាចចាប់ផ្តើមរកចំណុចខ្លាំងរបស់ខ្លួន ចំណុចដែលមានលក្ខណៈប្លែក និង ពិសេសជាងមនុស្សទូទៅ ដោយចេញពីធម្មជាតិដែលកើតចេញពីខ្លួនអ្នក និង ការច្នៃប្រឌិតរបស់អ្នក។ https://serey.io/imageproxy/0x0/http://www.thethingswesay.com/img/507.jpg តែគួរចាំថា មិនមែនឲ្យតែប្លែកសុទ្ធតែល្អឬប្រើការបាននោះឡើយ ប្លែកប្រកបដោយបញ្ញា ប្រកបដោយអត្ថប្រយោជន៍ ប្រកបដោយគុណភាព សមនឹងតម្រូវការ និង បញ្ហាដែលរងចាំការដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំណាយពេលតិច ចំណាយថវិការតិច មានប្រយោជន៍ច្រើន។ ចូរសម្លឹងទៅខាងក្នុង ដើម្បីរកភាពប្លែកលេចធ្លោមួយនោះ។ ## [Stage 6: Challenge Complexity](https://serey.io/complexity/@cryptopreneur/stage-6-challenge-complexity) https://serey.io/imageproxy/0x0/https://www.fingent.com/blog/assets/uploads/2016/02/E-learning-management-systems.jpg ការងារកាន់តែរីកចម្រើន កាន់តែទទួលបានជោគជ័យ មនុស្សត្រូវធ្វើដំណើរឡើងទៅជាន់បន្ត ក៏ប៉ុន្តែប្រសិនបើធ្វើដំណើរដោយមិនបានប្រើសតិ គេនឹងស្តាយក្រោយនៅថ្ងៃណាមួយអំពី ជំហានដែលគេនឹងត្រូវបោះនៅពេលនេះ ពីជាន់ទី៥ ឡើងទៅជាន់ទី៦។ ជាការល្អដែលអ្នកជំនួញមួយៗ ចង់ឲ្យក្រុមហ៊ុនរបស់ខ្លួនរីកចម្រើនធំធាត់ ក៏ប៉ុន្តែវាបានប្រែក្លាយរូបរាង ការគ្រប់គ្រង ការសម្រេចចិត្ត និង ការងារជាច្រើនទៀតរួចទៅហើយ។ ពីការដែលធ្លាប់ធ្វើការតែម្នាក់ឯងឬប៉ុន្មាននាក់ ក្លាយទៅជាការធ្វើការរាប់សិប រាប់រយ រាប់ពាន់នាក់។ ពីការដែលធ្វើការដោយប្រើសមត្ថភាពធម្មតា ប៊ិច ក្រដាស ប្រែក្លាយទៅជាប្រព័ន្ធនៃការគ្រប់គ្រងដែលមានរចនាសម្ព័ន្ធ និង កម្មវិធីជំនួយផ្សេងៗ។ អ្នកខ្លះក៏សប្បាយចិត្តនៅពេលដែលបានឡើងមកដល់ជាន់មួយនេះ តែអ្នកខ្លះក៏ហាក់ដូចជាមានអារម្មណ៍ប្លែកអ្វីម្យ៉ាងដោយសារតែគេមិនបានត្រៀមចិត្តទុកជាមុនថា គេនឹងដើរមកដល់ពេលនេះ។ មានអ្នកសារព័ត៌មានម្នាក់បានសួរ Jack Ma ថា តើក្នុងជីវិតពាណិជ្ជកម្មរបស់អ្នក អ្វីដែលធ្វើឲ្យអ្នកស្តាយក្រោយជាងគេ។ Jack Ma បានឆ្លើយថា ប្រសិនបើខ្ញុំអាចជ្រើសរើសបានម្តងទៀត ខ្ញុំនឹងមិនធ្វើការហត់នឿយយ៉ាងនេះឡើយ តែវាគ្រាន់តែជាក្តីសោកស្តាយប៉ុណ្ណោះ អ្វីដែលត្រូវធ្វើនាពេលបច្ចុប្បន្នគឺត្រូវគ្រប់គ្រង ក្រុមហ៊ុនអាឡីបាបាខ្នាតយក្សនេះ ជារៀងរាល់ថ្ងៃ។ ## [Stage 7: Challenge Quality](https://serey.io/quality/@cryptopreneur/stage-7-challenge-quality) https://serey.io/imageproxy/0x0/https://lahermandaddehombresrudos.files.wordpress.com/2017/08/3.jpg ចំនួនគ្រាន់តែជាតួលេខ ក៏ប៉ុន្តែមិនមែនតួលេខទាំងអស់សុទ្ធតែមានគុណភាព។ មានចំនួនFanជាច្រើនរបស់Idolម្នាក់ ក៏ប៉ុន្តែFanផ្កាប់មុខមានមិនច្រើនឡើយ។ មានចំនួនViewជាច្រើនបានកើតឡើង តែពេលខ្លះViewមួយមិនមែនមនុស្សម្នាក់ឡើយ។ មានចំនួនសាខាជាច្រើនបានកើតឡើង តែសាខាទាំងអស់មិនប្រាកដថាចំណេញឡើយ។ មានមនុស្សជាច្រើនបានចេញចូលមកក្នុងជីវិតរបស់អ្នក អ្នកខ្លះមកផ្តល់ស្នាមញញឹម អ្នកខ្លះមកផ្តល់ស្នាមដំបៅ អ្នកខ្លះមកដើម្បីតែប្រយោជន៍ ទោះជាយ៉ាងណា អ្នកទាំងអស់នោះ សុទ្ធតែបានផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តែអ្នកដែលនៅជាមួយគ្រប់ពេល ជាពិសេសអ្នកដែលមិនរត់ចោលពេលមានបញ្ហា ទើបជាកល្យាណមិត្តដ៏ពិតប្រាកដ។ ការបង្កើនតួលេខជារឿងសំខាន់ តែតួលេខប្រកបដោយគុណភាពរិតតែវិសេសវិសាល។ ## [Stage 8: Challenge Consciousness](https://serey.io/consciousness/@cryptopreneur/stage-8-challenge-consciousness) https://serey.io/imageproxy/0x0/http://www.radioecn.com/actus/actu-03102017id1165.jpg ជីវិតមនុស្សភាគច្រើនគឺដឹកនាំដោយអារម្មណ៍ នៅពេលដែលអារម្មណ៍ប៉ះទង្គិចនូវរឿងអ្វីមួយ ក៏បញ្ហាកាយវាចាឲ្យឆ្លើយតបទៅនឹងអ្វីដែលបានទទួល។ ពេលខ្លះ សូម្បីតែសម្លឹងឃើញ ពាក្យមួយតួ សម្លេងមួយម៉ាត់ រឿងរ៉ាវមួយឈុត ក៏បានទាញអារម្មណ៍ដែលធ្លាប់មានឲ្យកើតឡើងសារជាថ្មី ធ្វើឲ្យអារម្មណ៍មានអំណាចគ្រប់គ្រងសតិនិងរាងកាយទាំងមូលបាន។ នៅក្នុងជីវិតប្រចាំថ្ងៃ វិញ្ញាណទាំង៥បានបើកទទួលយក ធាតុចូលទាំងអស់ ដូចជារូបភាព សម្លេង ក្លិន រសជាតិ ផស្ស ហើយក៏បានបង្កើតទៅជាអារម្មណ៍ផ្សេងៗនៅក្នុងខ្លួន។ ពេលខ្លះជីវិតកំពុងតែញញឹម សើចសប្បាយ គ្រាន់តែមានធាតុអវិជ្ជមានបន្តិចចូលមក អារម្មណ៍ចាប់ផ្តើមឆេះឈួលក្តៅក្រហាយមួយរំពេច ទំរាំអារម្មណ៍នោះរលត់ទៅវិញ ពេលខ្លះបានបង្កជា ហឹង្សាពាក្យសម្តី ឬ កាយវិការផ្សេងៗ ដែលធ្វើឲ្យមានវិប្បដិសារី នៅពេលដែលអារម្មណ៍អវិជ្ជមានបានចាកចេញទៅវិញ។ ពេលខ្លះយើងមិនមែនជាមនុស្សឆេវឆាវបែបនោះឡើយ ក៏ប៉ុន្តែដោយយើងបាត់សតិ មិនបានគ្រប់គ្រងព័ត៌មានចេញចូលក្នុងរាងកាយរបស់យើង ដែលធ្វើឲ្យយើងសន្សំយកតែអារម្មណ៍មិនល្អៗ ហើយវាបានប្រមូលផ្តុំទៅជាសន្តានមួយ ចុងក្រោយគឺវានឹងក្លាយទៅជាយើងផ្ទាល់។ ជាការល្អ ដែលយើងហ្វឹកហាត់ក្នុងការមានសតិ រលឹកដឹងថា ពេលនេះខ្ញុំសប្បាយ ពេលនេះខ្ញុំកើតទុក្ខ ពេលនេះខ្ញុំខឹង ពេលនេះខ្ញុំស្អប់។ ការរលឹកដឹងជាចំនុចចាប់ផ្តើមនៃការទប់ស្កាត់និងបញ្ចប់នូវអារម្មណ៍អវិជ្ជមានទាំងឡាយ មុនពេលដែលវាហុចផលទៅជា ហិង្សាពាក្យសម្តីនិងកាយវិការ។ ការធ្វើសមាធិ វិប្បសនា ការសង្កេតអំពីដង្ហើមចេញចូល ឬ ការព្រិចភ្នែកជាដើម សុទ្ធតែអាចជួយឲ្យសតិបានរឹងពឹងឡើង។ ## [Stage 9: Challenge Freewill](https://serey.io/freewill/@cryptopreneur/stage-9-challenge-freewill) https://serey.io/imageproxy/0x0/https://www.thegreatcoursesdaily.com/wp-content/uploads/2018/02/ThinkstockPhotos-593310218.jpg យើងបានសិក្សាអំពីដំណាក់កាលទាំង៨ សម្រាប់ទ្រទ្រង់ជីវិតឲ្យបានប្រសើរឡើងរួចមកហើយ ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ឬ ដ៏ខ្លីមួយនេះ បើយើងចង់សម្រេចបាននូវជីវិតដែលស្ថិតនៅជាន់ណាមួយក៏បាន ទៅតាមក្តីបំណងនិងគោលដៅរៀងៗខ្លួន។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺការចេះលះបង់ ការប្រលែងអ្វីគ្រប់យ៉ាងឲ្យទៅធម្មជាតិវិញ សូម្បីតែរូបរាងកាយរបស់ខ្លួនដែលកើតអំពីធាតុទឹកដីភ្លើងខ្យល់ ឲ្យត្រឡប់ទៅធម្មជាតិវិញ។ ពេលនេះវាហាក់ដូចជាលឿនពេក ក្នុងការនិយាយអំពីដំណាក់កាលទី៩នេះ ពីព្រោះយើងនៅសប្បាយមិនទាន់ឆ្អែត សោយសុខមិនទាន់ឆ្អែត ដោយទុក្ខមិនទាន់ឆ្អែត មានការចាប់ផ្តើមក៏ត្រូវមានការរីកធំធាត់ និង ការបញ្ចប់ទៅវិញជារឿងធម្មតា។ ដូចមេរៀននៃការជំនះឧបសគ្គនៅក្នុងជីវិតមួយនេះ តាំងពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៩នេះ ក៏ត្រូវបានបញ្ចប់ ហើយសូមគោរពលាប្រិយមិត្តអ្នកអានតែត្រឹមនេះ។ មានការបញ្ចប់ ទើបជាហេតុឲ្យអ្វីថ្មីមួយទៀតបានកើតឡើង ជួបគ្នានូវផ្នត់គំនិតថ្មីបន្តទៀត។ ## It's not THE END. It's just a BEGINNING @Cryptopreneur
0.000 SRY$0.00
Global

Comments