Serey is utilizing Blockchain technology

វិបត្តិមេដឹកនាំ

C

១. “មេដឹកនាំអន់ចូលចិត្តដោះសារ តែមេដឹកនាំអស្ចារ្យក្លាហ៊ានហានទទួលខុសត្រូវ។ មេដឹកនាំល្អហ៊ានលះបង់អំណាច លះបង់ឋានៈ បុណ្យសក្តិ និងមុខតំណែងរបស់ខ្លួនដើម្បីជាតិ តែមេដឹកនាំចោលម្សៀតប្រើជាតិដើម្បីខ្លួន”។ ២. ប្រទេសលើលោកទំាងអស់មានរបបសង្គមច្រើន តែរបបសង្គមទាំងអស់ កើតឡើងដើម្បីតែគោលបំណងម្យ៉ាងគត់ គឺត្រូវធានាឱ្យបាននូវភាពសុខដុមរមនារបស់ប្រជាជន។ របបសង្គមនីមួយៗគឺជាផលិតផលរបស់ប្រទេសសាមីខ្លួន ដែលបានបន្សុទ្ធស្របទៅតាមបរិបបទសង្គម វប្បធម៌សង្គម ប្រវត្តិសាស្រ្ត និងស្ថានភាពសង្គមជាក់ស្តែង។ ៣. នៅក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំ បានលើកឡើងពីបរិបទនៃការដឹកនាំដែលយើងតែងហៅថា “Leadership Style”។ បរិបទនៃការដឹកនាំនេះ គឺមានន័យថាមេដឹកនាំត្រូវប្រើបែបបទដឹកនាំតាមរបៀបផ្តាច់ការ បើអ្នកដើរតាមខ្វះការយល់ដឹង ឬប្រជាជនគ្មានចំណេះដឹង។ តើហេតុអ្វីត្រូវផ្តាច់ការ? ព្រះពុទ្ធសម្តែងថា “អវិជ្ជា គឺជាប្រភពនៃអសកុល”។ ប្រជាជនដែលអវិជ្ជា ពេលខ្លះអាចបង្កចលាចលដល់សង្គម ឬនាំឱ្យសង្គមវឹកវរ។ ដូច្នេះដើម្បីសណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព មេដឹកនាំត្រូវប្រើរបៀបរឹង។ តើហេតុអ្វីត្រូវប្រើរបៀបរឹងផ្តាច់ការ? មែនទែនទៅ ក្នុងកាលៈទេសៈជាក់ស្តែង វិធីរឹងផ្តាច់ការគឺមានប្រសិទ្ធិភាពជាង។ ៤. នៅក្នុងកាលៈទេសៈដែលអ្នកដើរតាមឬប្រជាជនមានការយល់ដឹង គឺត្រូវប្រើការដឹកនាំតាមបែបផ្តល់សិទ្ធិឱ្យចូលរួម។ របៀបនេះហៅថាការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ។ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ គឺត្រូវការការចូលរួម ហើយការចូលរួមនោះទៀតសោត គឺត្រូវចូលរួមប្រកបដោយចំណេះដឹង។ បើការចូលរួមរបស់ប្រជាជនខ្វះចំណេះដឹង គឺវាអាចក្លាយទៅជារឿងអាណាធិបតេយ្យវិញ។ បើប្រទេស១០ របៀបនៃការដឹកនាំអាចមានដល់១០ ឬប្រទេសខ្លះការដឹកនាំនៅលើក្រដាសផ្សេង និងការអនុវត្តន៍ប្រតិបត្តិផ្សឹង។ ប៉ុន្តែគោលបំណងធំបំផុតរបស់មេដឹកនាំដែលបានជ្រើសរើសរបៀបដឹកនាំបែបណាមួយ គឺដើម្បីតែវឌ្ឍនភាពសង្គមនិងសេចក្តីសុខប្រជាជន។ ៥. មិនថារបបសង្គមបែបណាទេ គឺត្រូវការយុត្តិធម៌សង្គមជាចំាបាច់។ នៅក្នុងប្រវត្តិសាស្រ្ត មានទស្សនៈដឹកនាំសង្គមតាមរបៀបតោនិងកញ្ជ្រោង។ ពេលនិយាយអំពីតោនិងកញ្ជ្រោង យើងនឹកឃើញដល់នយោបាយវិទូអ៊ីតាលីនាស.វទី ១៦ គឺម៉ាយ៉ាវែល (Niccolò Machiavelli)។ បើយោងតាមសៀវភៅ “សម្តេច” របស់ម៉ាយ៉ាវែល គឺមេដឹកនាំត្រូវប្រើរបៀបដឹកនាំតាមបែបល្បិចកលផងនិងប្រើកម្លាំងផង (មើលកាលៈទេសៈ)។ ប៉ុន្តែកម្លាំងនិងល្បិចកលអសីលធម៌ទាំងនោះ គឺប្រើដើម្បីរក្សាអំណាច។ ពេលបានអំណាច គឺយកអំណាចបម្រើផលប្រយោជន៍ប្រជាជន។ ៦. នៅសង្ហិបុរី មាន លីក្វាន់ យូ (Lee Kuan Yew) ជាគំរូដែលបានអនុវត្តនូវសកម្មភាពដឹកនាំទំនងផ្តាច់ការ។ បើគេសួរ លីក្វាន់ យូ ថា “តើសង្គមមួយត្រូវការប្រជាធិបតេយ្យឬវិន័យ?” លីក្វាន់ យូ នឹងឆ្លើយថា “អ្វីដែលប្រទេសមួយត្រូវការក្នុងការអភិវឌ្ឍន៍សង្គម គឺវិន័យ (Disciplinary) ច្រើនជាងប្រជាធិបតេយ្យ (Democracy)”។ ត្រង់ន័យនេះគឺចង់បង្ហាញថា “វិន័យសំខាន់ជាង”។ និយាយសរុបដោយរួម ដោយខ្លី និងដោយសង្ខេប សង្គមមួយខ្លាំង គឺដោយសារតែមេដឹកនាំ និងការគិតពីប្រយោជន៍ប្រជាជនជាធំ (ឱ្យតែរាស្រ្តធូរធាមានបាននិងសុខសប្បាយ)។ បើសេរី តែពុករលួយ គឺសង្គមខ្ទេច។ បើផ្តាច់ការ តែបក្សពួកនិយម គឺសង្គមរលាយ។ មេដឹកនាំនិងរបៀបដឹកនាំ គឺសំខាន់ខ្លាំងណាស់។ ឱ្យតែឆ្ងាយពីការអភិវឌ្ឍន៍សង្គម គឺឥតបានការណ៍ ឬការដឹកនាំដែលគិតតែពីរឿងបក្សជាពួកជាធំ គឺសង្គមងើបដោយលំបាក។ គោលដៅឥតគិតរាស្រ្ត៕ ______ *អ្នកប្រាជ្ញបារាំង លោក ម៉ុង តេស្គីយ័រ (Baron de Montesquieu) អះអាងថា “ប្រទេសណាក៏ដោយ ឱ្យតែមានមេដឹកនាំកាន់អំណាចយូរលើសពី ១០ឆ្នាំឡើងទៅ នឹងកើតរឿងចង្រៃក្នុងសង្គម ៣យ៉ាងគឺ៖ ១. អំពើពុករលួយកើតលើគ្រប់វិស័យ (Corruption), ២. អំពើអយុត្តិធម៌សង្គមកើតឡើងគ្រប់ទីកន្លែង (Social Injustice), ៣. បក្សពួកនិយម គ្រួសារនិយម ញាតិនិយម (Nepotism) កើតឡើងគ្រប់មន្ទីររដ្ឋការការងារ។ *ប្រភពរូបភាព៖ http://www.unart.com.sg/images/mhd-919.jpg?crc=4290242411 ![image](https://img.esteem.ws/l42oa8n5ud.jpg) @Lam Lim
0.000 SRY$0.00
Global
Global

Comments