មកដឹងពី របៀបគ្រប់គ្រង លុយកាក់របស់អ្នក ឲ្យដូចពួកសេដ្ឋី
ការគ្រប់គ្រងលុយកាក់របស់មនុស្សធម្មតា និងពួកសេដ្ឋីមានភាពខុសគ្នាស្រលះ ជាពិសេសរបៀបនៃ ការចំណាយ ការរកលុយ និងការសន្សំគឺខុសគ្នាពី មនុស្សធម្មតាទាំងស្រុងតែម្ដង។ ដោយសារតែពួកសេដ្ឋីមានរបៀប គ្រប់គ្រងលុយកាក់ច្បាស់លាស់ ទើបទ្រព្យរបស់ពួកគេកាន់តែកើនឡើងជាលំដាប់
ខាងក្រោមនេះ ជារបៀបខ្លះៗដែលអ្នកអាចគ្រប់គ្រង លុយកាក់របស់អ្នកឲ្យដូចជាសេដ្ឋីម្នាក់៖
១. វិនិយោគតាំងពីក្មេង ហើយវិនិយោគរយៈពេលយូ
សេដ្ឋីភាគច្រើន អាចបង្កើតភាពមានបានរបស់ខ្លួនដោយសារពួកគាត់ចាប់ផ្ដើមវិនិយោគតាំងពីក្មេងមកម្ល៉ះ។ ជាក់ស្ដែង សេដ្ឋី Warren Buffett ស្ដេចវិនិយោគដ៏ជោគជ័យម្នាក់ ចេះវិនិយោគទិញភាគហ៊ុនតាំងពីគាត់មានអាយុ ១១ឆ្នាំមកម្ល៉ះ។ មិនតែប៉ុណ្ណោះ សេដ្ឋីរូបនេះ គឺជាអ្នកវិនិយោគដែលមានការអត់ធ្មត់បំផុត ពោលគឺលោកមានទស្សនៈវែងឆ្ងាយក្នុងការាវិនិយោគ ដោយមិនចង់ចំណេញភ្លាមៗទេ។ យុទ្ធសាស្រ្តវិនិយោគរបស់គាត់គឺ” ទិញទុកក្នុងរយៈពេលយូ”។ ឧទាហរណ៍បើគាត់ទិញគហ៊ុនរបស់ក្រុមហ៊ុនណាមួយគឺគាត់ទិញទុក មិនលក់ភាគហ៊ុនភ្លាមនោះទេ ព្រោះលោកគិតថាការទិញទុក ភាគហ៊ុននឹងកើនឡើងនាពេលអនាគត។
២. ទទួលបានជំនួយក្នុងគ្រប់គ្រងលុយកាក់
តាមពិតទៅពួកសេដ្ឋីសុទ្ធតែ មានជំនួយក្នុងការគ្រប់គ្រងលុយកាក់របស់ពួកគេ ហើយជំនួយនោះខ្លះជាមនុស្ស តែបច្ចុប្បន្នដោយសារបច្ចេកវិទ្យាទំនើប សេដ្ឋីមួយចំនួនធំ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងលុយ ដោយប្រើប្រាស់ App ដែលអាចគ្រប់គ្រង់លុយរបស់ពួកគេ។ App ដែលពួកសេដ្ឋីចូលចិត្តប្រើជាជំនួយគ្រប់គ្រងលុយមានដូចជា MoneyLion, Trim, Digit និង Charlie ជាដើម។
៣. ពួកសេដ្ឋីចូលចិត្តវិនិយោគ លើអចលនទ្រព្យ
សេដ្ឋីភាគច្រើនមិនវិនិយោគក្នុងអាជីវកម្មតែមួយនោះទេ ពោលគឺពួកគេវិនិយោគក្នុងអាជីវកម្មជាច្រើន។ តាមពិតទៅពួកគាត់វិនិយោគក្នុងអាជីវកម្មជាច្រើនគឹជាយុទ្ធសាស្រ្ដមួយក្នុងការបង្ការហានិភ័យ ព្រោះបើការវិនិយោគមួយត្រូវបរាជ័យ ក៏ពួកគាត់នៅមានការវិនិយោគមួយទៀតដែលជោគជ័យដែរ។ ជាទូទៅយើងសង្កេតឃើញថា សេដ្ឋីភាគច្រើនចូលចិត្តវិនិយោគលើអចលនទ្រព្យ ព្រោះពួកគាត់គិតថា ការវិនិយោគលើអចលនទ្រព្យគឺជារក្សាទុកលុយមានសុវត្ថិភាព ដោយអចលនទ្រព្យ តម្លៃរបស់វាមិនងាយធ្លាក់ចុះទេ គឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
៤. ពួកសេដ្ឋី មុនក្លាយជាអ្នកមានគឺពួកគាត់ព្យាយាមសន្សំ
សេដ្ឋីភាគច្រើនសុទ្ធតែជាមនុស្សដែលព្យាយាមសន្សំលុយ ទើបពួកគាត់អាចបង្កើតភាពមានបាន ហើយការសន្សំនេះទៀតសោត មិនមែនគិតតែសន្សំរហូត មិនព្រមគិតយកលុយទៅធ្វើអីនោះទេ។ សេដ្ឋីភាគច្រើនគឺ ព្យាយាមសន្សំហើយយកលុយសន្សំទៅវិនិយោគ។ ការសន្សំហើយវិនិយោគនេះ គឺជាផ្លូវមួយជួយពួកគាត់ក្នុងការបង្កើនទ្រព្យជាបន្តបន្ទាប់។
៥. សេដ្ឋីចូលចិត្តអានសៀវភៅបង្កើនចំណេះដឹង
អ្នកខ្លះប្រហែលជាឆ្ងល់ថា ហេតុអ្វីគ្រាន់តែអានសៀវភៅអាចបង្កើនទ្រព្យ។ តើអ្នកដែលលឺពាក្យស្លោកមួយថា” សៀវភៅជាឃ្លាំងនៃចំណេះដឹង” ទេ? ជាការពិតការអានសៀវភៅគឺជាផ្នែកក្នុងការមួយអ្នកឆ្ពោះទៅរកភាពមានបាន។ សេដ្ឋីមួយចំនួនចំ អាចបង្កើតភាពមានបានដោយសារពួកគាត់អានសៀវភៅនេះឯង ព្រោះសៀវភៅគឺជាអ្នកផ្ដល់ប្រឹក្សាយោបល់ឲ្យអ្នករកឃើញនូវយុទ្ធសាស្ត្ររំដោះខ្លួនចេញពីភាពក្រីក្របាន។ ជាក់ស្ដែង សេដ្ឋី Warren Buffett បានចំណាយពេលរហូតដល់ទៅ ៨០%ក្នុងមួយថ្ងៃក្នុងការអានសៀវភៅ ចំណែក សេដ្ឋី Bill Gates អានសៀវភៅ ចំនួន ៥០ក្បាលក្នុងមួយឆ្នាំ៕
Comments