ទន់ភ្លន់ តែពុំទន់ទោរ

7 months ago

១) តថភាពជាក់ស្ដែង ពុំអាចមានអ្វីក្លាយជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ខ្លួនឯងនោះទេ បើកាលណាយើងមិនព្រមទម្លាក់ខ្លួនឲ្យទាបដើម្បីស្វែងរករបស់ទាំងអស់នោះ។ នៅពេលដែលយើងចង់មានបាន ហេតុផលទីមួយគឺ “ត្រូវរក”។ នៅពេលដែលយើងចង់ចេះ ហេតុផលចាំបាច់គឺ “ត្រូវតែប្រឹងរៀន”។ ដូច្នេះការទម្លាក់ខ្លួន ដើម្បីបទពិសោធន៍ និងបង្កើនថាមពលក្នុងជីវិត ពុំមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែអាចស្វែងរកបានដោយងាយនោះទេ។ គ្រប់យ៉ាងត្រូវតែធ្វើសិន ទើបដឹងលទ្ធផលតាមក្រោយ។ ឧទាហរណ៍អំពីច្បាប់ធម្មជាតិមួយ។ បើសិនជាចង់បានពន្លកថ្មី គប្បីជម្រុះស្លឹកចាស់ចោលជាមុនសិន។ ការចង់បាន គឺត្រូវតែហ៊ានលះបង់។ តែគួរចងចាំថា ការលះបង់នោះ វាមានអត្ថន័យបែបណាចំពោះខ្លួនឯង និងអ្នកដទៃ?

២) ពុំមាននរណាម្នាក់ ព្រមធ្វើអ្វីគ្រប់យ៉ាងសម្រាប់ជនដទៃទាំងខ្លួនពុំបានអ្វីសោះនោះទេ។ រឿងនេះ កម្របានជួប។ ហើយក៏ពុំមាននរណាម្នាក់ព្រមលះបង់ អ្វីដែលខ្លួនមាន ទៅឲ្យមនុស្សដែលពុំចេះជួយខ្លួនឯងនោះទេ។ រឿងនេះបើមាន គឺជួបតែម្ដងគត់។ បើជាអ្នកនយោបាយ គឺត្រូវលះបង់ដើម្បីសង្គមឲ្យបានសុខ និងរីកចម្រើន។ បើជាអ្នកសាសនាលះបង់ដើម្បីឲ្យមនុស្សក្នុងសង្គមចេះស្រឡាញ់គ្នាជាដើម។ ពុំថាតែអ្នកដឹកនាំនយោបាយ ឬសាសនានោះទេ តែងតែចង់បានធម៌នៃសេចក្ដីស្រឡាញ់ ជាជាងសេចក្ដីស្អប់។ លះបង់ដើម្បី ផលចំណេញ។ ចំណេញនរណា? ចំណេញជាតិ។ បច្ចុប្បន្នភាព រឿងដែលតែងក្រឡេកឃើញទី១ គឺចំណេញពុំមានជំពាក់។ បើបានទ្រព្យច្រើន ពុំខ្វល់ថាមានប្រភពមកពីណា ឬក៏មធ្យោបាយអ្វីឡើយ ឲ្យតែទទួលបានដោយងាយគឺ ទទួលយកភ្លាម។ ដូច្នេះការស់នៅក្នុងសង្គមប្រភេទនេះ ពុំសូវជាមានអ្នកខ្វល់ខ្វាយអំពីសេចក្ដីស្រឡាញ់ ការរួបរួម ឬឈរជំហរខាងជាតិប៉ុន្មានទេ ច្រើនតែទំនោរលើបុគ្គល ឬបក្សពួកនិយម។

៣) យោងតាមសៀភៅ “ស្រីហិតោបទេស” បង្ហាញទាក់ទិនចំពោះសង្គមវិជ្ជាថា “នៅក្នុងសង្គមដែលមានមេដឹកនាំពុករលួយ អំណាចជាប្រព័ន្ធមានរឿងពីយ៉ាងគឺ សេចក្ដីស្លាប់ និងភាពក្រីក្រ”។ មនុស្សភាគច្រើនក្នុងសង្គមនឹងជ្រើសរើសយកភាពក្រីក្រី ពុំសូវមាននរណាជ្រើសយកសេចក្ដីស្លាប់ប៉ុន្មានទេ ព្រោះថាភាពក្រីក្រនៅមានខ្យល់ដង្ហើមដក ពុំដូចស្លាប់ ខ្លាចស្លាប់ជាងរស់ តែមិនខ្លាចពាក្យថា “រស់ដូចជាស្លាប់”ឡើយ។ ព្រោះចុងក្រោយគេគិតថា គេអាចមានឱកាលក្នុងការទាមទារ ឬស្វែងរកទ្រព្យបាន។ តែបើស្លាប់ គឺស្លាប់ត្រឹមតែមួយភ្លែត។ ហេតុផលនេះ ជាហេតុដែលរុញច្រានអ្នកប្រាជ្ញ ឬអ្នកមនសិការនិយមភាគច្រើនរិះគន់អំពីអសមត្ថភាពដឹកនាំសង្គម ពុំខ្លាចស្លាប់ (មើល៤)។ តើការលះបង់បែបណាដែលមានប្រយោជន៍សម្រាប់សង្គមជាតិពិតប្រាកដ?

៤) បើជាយុវជន គួរលះបង់ខ្លួនចំពោះសង្គម ដោយប្រឹងរៀនកុំខ្លាចស្លាប់ដើម្បីបម្រើមនសិការជាតិ។ បើជាមនុសចាស់ គួរលះបង់ពេលវេលាសម្រាប់ចែករំលែកស្របតាមឧត្តមគតិមនុស្សជាតិ។ ទាក់ទិនចំពោះន័យក្នុងការលះបង់ពុំខ្លាចស្លាប់ គឺចង់បានន័យថា ស្លាប់ដើម្បីរស់ រស់មិនមែនដើម្បីតែស្លាប់ឡើយ។ ពេលខ្លះយើងគួរស្របតាមធម្មជាតិ និងពេលខ្លះទៀតយើងក៏ពុំត្រូវឈរមើលស្ថានភាពអាក្រក់ចេញពីធម្មជាតិ និងសង្គមដូចគ្នា។ លះបង់ការរៀនសូត្រ ដើម្បីជាតិពុំមែនអ្នកនយោបាយទេ លះបង់មនសិការដើម្បីជាតិ ពុំមែនបុគ្គលទេ។ (Donald McGannon) ពោលថា “ភាពជាអ្នកដឹកនាំ គឺជាសកម្មភាព ពុំមែនជាឋានៈ តំណែង តួនាទីនោះទេ”។ ជំហរជាតិ!

“Leading people is the most challenging and, therefore, the most gratifying undertaking of all human endeavors”. Jocko Willink2F62D8EA-407A-4D48-98B5-B26ECD8627C0.jpeg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!