សន្តិភាពកើតដោយកុសលចិត្តរួមមួយនៃមនុស្ស មិនមែនអទិទេពឬនរណាតែម្នាក់ឡើយ!

9 days ago

ជីវិតគឺជាក្តីទុក្ខកង្វល់ ការឈឺចាប់មានគ្រប់ច្រកល្ហកលើផែនដីដ៏ផុយស្រួយនេះ... ឱ ! ជីវិតអ៊ើយ គួរដឹងថាខ្លួនឯងត្រូវតែមានការតស៊ូឲខ្លាំងក្លាក្នុងកិច្ចតតាំងប្រឈមរាល់ភាពលំបាកដែលជាលំហាត់ចំណោទរបស់ជីវិតអ្នក និងរាល់ជីវិតក្បែរៗអ្នក។
បានជាព្រះជ័យវរ្ម័នទី៧ ទ្រង់មានរាជឱង្ការថា #ទុក្ខសោករបស់រាស្ត្រគឺទុក្ខសោករបស់អញ! #អញឈឺមិនមែនជាជម្ងឺអញទេ #តែឈឺព្រោះឃើញរាស្ត្រមានសេចក្ដីទុក្ខ ។
ឱ ! ព្រះបាទធម្មិករាជ ជាក្សត្រទ្រង់ធម៌ ព្រះកិត្តិនាមរបស់ព្រះអង្គបានចារឆ្លាក់ក្នុងក្រអៅបេះដូងយើងគ្រប់គ្នាតជាប់រាប់ជំនាន់រហូតមកដល់ពេលនេះនិងទៅថ្ងៃខាងមុខ។

ក្សត្រដែលល្អ គឺគ្រប់គ្រងរាស្ត្រឲ្យមានសេរីភាព សម្បូរសប្បាយ ធ្វើយ៉ាងណាកុំឲដូចពាក្យតម្អូញរបស់កវីង៉ុយថា « #នគរថ្កើងប្លែក #សប្បាយតែភ្នែក #ក្នុងចិត្តរងកម្ម » កាលណាទៅទើបបានគេនាំគ្នាយល់ថា បើស្វែងរកទ្រព្យ យើងនឹងអស់ទ្រព្យ បើចំណាយទ្រព្យ យើងនឹងបានទ្រព្យ គឺទ្រព្យនៅសុគតិ ។ ទេវតានឹងមិនឆ្លើយតបចំពោះការឧទិ្ទសដ្ឋាន ដែលពោរពេញដោយអំពើបាប ហើយក៏មិនប្រគេនពរដល់ទុរគតជន ដែលចេះតែអង្វរលន់តួ ដោយឥតបញ្ញានោះដែរ។

ទង្វើអាក្រក់របស់មនុស្សម្នាក់ៗ គឺចាត់ទុកដូចជាការសាងសេចក្ដីស្លាប់ឲ្យខ្លួនឯង ប៉ុន្តែក្នុងកាលៈទេសៈដែលមនុស្សក្រហើយទាល់ទៀត តើគេអាចជៀសពីទង្វើអាក្រក់បានដែរទេ ? បើយើងជាប្រមុខរដ្ឋ មិនត្រូវបំផ្លាញចោលទេនាំឲ្យខូចពូជអម្បូរ ត្រូវផ្តល់ឱកាសឲរស់ចាំថ្ងៃលាចាកលោកនេះដោយក្ដីបរិសុទ្ធទៅចុះ ។ ទោះរស់ក្រោមភាពមិនសូវមានពន្លឺក៏គ្រាន់បើ ប្រសើរជាងងងឹតឈឹងគ្មានពន្លឺសូម្បីតែបន្តិចសោះនោះទេ ម្យ៉ាងទៀតក្រីក្រយ៉ាងណាក៏នៅមានឱកាស បើទោះជាត្រូវដកស្ទូង រើសអេតចាយទាំងគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ក៏គង់តែជាឱកាសជាជាងការកំទេចចោលពូជសាសន៍ដែរ ឃោឃៅណាស់។
Screenshot_2018-12-05-14-22-55.png
ពាក្យដែលអ្នកនយោបាយតែងឧទានថា បើអ្នកមិនខ្វល់ពីនយោបាយ គង់តែនយោបាយទាញឲខ្វល់! ពាក្យនេះមិនខុសទេ តែស្ថិតត្រង់ថា ខ្លឹមសារពិតនៃការប្រាថ្នារបស់មនុស្សជាអ្វី? ដ៏រាបណាមិនបានស្គាល់តម្លៃច្បាប់ធម្មជាតិគឺព្រះធម៌ទេ ដ៏រាបនោះគ្មានឡើយបុរេវិនិច្ឆ័យ ព្រោះភ្នែកអវិជ្ជា តែងសម្លឹងឃើញត្រឹមតែតណ្ហារបស់ខ្លួនឯង មើលមិនឃើញភាពស្អាតរបស់ចិត្ត ប្រៀបដូចជាមនុស្សខ្វាក់ពីកំណើត មិនអាចឃើញរូបភាព ដឹងត្រឹមការប៉ះស្ទាប ហិត ស្តាប់ លិត ។ មានមនុស្សខ្វាក់ ៥ នាក់មិនដែលស្គាល់ដំរី ត្រូវហ្មដំរីដឹកដៃឲ្យស្ទាប ម្នាក់ស្ទាបជើងថាដំរីដូចសរសរផ្ទះ ម្នាក់ស្ទាបត្រចៀកថាដំរីដូចចង្អេរ ម្នាក់ស្ទាបប្រមោយថាដំរីដូចឈ្លើង ម្នាក់ស្ទាបកន្ទុយថាដំរីដូចអំបោស ម្នាក់ស្ទាបខ្លួនថាដំរីដូចធុងទឹក ហើយក៏ប្រកែកយកឈ្នះចាញ់ វាយតប់គ្នាបង្កស្នាមរបួសរៀងៗខ្លូន នេះហើយជាទោសមកពីអវិជ្ជា មានអវិជ្ចាគឺមានជម្ងឺខ្វាក់ហើយ ។

បាត់បង់គតិយុត្តព្រោះតេបដិភាណមិនគ្រប់គ្រាន់ ជៀសមិនផុតពីភាពលំអៀងតាមមនោរម្មណ៍របស់ខ្លួនផ្សេងៗគ្នា មិនខុសអីនិងមនុស្សខ្វាក់ពីកំណើតហើយទៅស្ទាបដំរីនោះដែរ ទីបំផុតការបង្កវិនាសកម្មព្រោះតែម្នាក់ៗសុទ្ធតែមានះ គិតថាគំនិតខ្លួនត្រូវខ្លាំងពេក ជាចិត្តមិនទូលាយ។ តែបើគិតទូលាយល្អ នោះគឺម្នាក់ៗត្រូវគិតថា ទស្សនៈពួកខ្លួនត្រូវម្យ៉ាង ឯទស្សនៈអ្នកដ៏ទៃក៏ត្រូវម្យ៉ាងដែរ បែបនេះទើបខ្មែរនាំគ្នាបន្តស្វែងរកសន្តិភាពបាន។ ប្រសិនប្រាថ្នាចង់ឲសម្រេចការពិតទៅបាននោះ គឺតោងតែតាមរយៈការសិក្សាស្វែងយល់ព្រះធម៌ ដែលជាព្រះពុទ្ធដីកា រៀនធម៌ហើយបដិបត្តិតាមឲ្យត្រឹមត្រូវ ចូរសាកមើលទៅ មានអស់លុយឯណា?។
សាលាផ្លូវលោកទម្រាំបានបរិញ្ញាបត្រអស់លុយរាប់ពាន់ រាប់មឺុនដុល្លា ខ្លះរៀនចប់ ចេះត្រឹមបោកប្រាស់គ្នា ឯបរិញ្ញាក្នុងព្រះពុទ្ធសាសនារៀនចប់ បដិបត្តិពិសោធឃើញការពិត ក៏កើតសន្តិភាពក្នុងចិត្ត សុខក្សេមក្សាន្ដរួចផុតចាកទុក្ខឥតកង្វល់តាំងពីជាតិនេះរហូតដល់បរលោក ។
មានព្រះអរហន្ត១អង្គ ជាបុគ្គលអស់តណ្ហា បានជួបនឹងព្រានព្រៃហើយសួរថា ព្រួញអ្នកមួយគ្រាប់បាញ់បានសត្វប៉ុន្មាន ? ព្រានតបថា បើតម្រង់ចំហ្វូូងធំ អាចបាន២-៣ក្បាលដែរ ។ លោកក៏ញញឹមបន្តិច ហើយមានថេរៈដីការថា ព្រួញអាត្មាបាញ់សត្វម្ដងបានតែមួយ ប៉ុន្តែសត្វអាត្មាបាញ់បានគឺ បានសុខគ្រប់ៗជាតិ ពោលរួចក៏និមន្ដហួសទៅ ។
មនុស្សតែម្នាក់មិនអាចទូលផែនដី ឬយកទ្រូងពាំងអសន្តិសុខពិភពលោកនេះបានទេ ហើយនេះក៏មិនមែនជាទោសរបស់អ្នកណាម្នាក់ដែរ គឺទោសនៃកិលេសវដ្ដតែប៉ុណ្ណោះ! ដោយសារតែកិលេសដែលជាបិសាចប្រចាំវដ្ដៈនេះ ទើបមានកម្មវដ្ដដែលជាអំពើ ឬការតាក់តែងកម្មស កម្មខ្មៅកើតឡើង ហើយទង្វើដែលប្រកបដោយតណ្ហាទាំងនេះ គឺតែងឲ្យផលជានិច្ចហៅថាវិបាកវដ្ដនេះឯង ។ រស់ក្នុងការគិតត្រូវ យល់ត្រូវ ទើបបានសុខ ព្រោះលះការប្រកាន់មាំបាន ដូចជា សុបិន្ដនិមិត្តរបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់ឃើញព្រះអង្គនិមន្ដចង្រ្កមលើភ្នំលាមក តែព្រះបាទរបស់ព្រះអង្គឥតមានប្រលាក់លាមកនោះឡើយ ។
លាមក គឺតំណាងអំពើបាបដែលបង្ហូរចេញពីអកុសលចិត្ត មានលោភៈ ៨ ដួង ទោសៈ ២ដួង និងមោហៈ ២ដួង ត្រូវជាអកុសលចិត្ត ១២ ដែលជាចិត្តចោរហារយ (ជាកិលេសវដ្ដដែលធ្វើឲ្យលោកវិនាស)។
Screenshot_2018-12-05-14-23-07.png
វេលាណាលោភៈកើនឡើងខ្លាំង វេលានោះផែនដីនឹងត្រូវវិនាសទៅដោយភ្លើង វេលាណាទោសៈកើនឡើងខ្លាំង វេលានោះផែនដីនឹងត្រូវវិនាសទៅដោយទឹក វេលាណាមោហៈកើនឡើងខ្លាំង វេលានោះផែនដីត្រូវវិនាសទៅដោយខ្យល់ ។ ទាំងអស់នេះមិនមែនជាស្នាដៃរបស់អាទិទេពណាបង្កើតឡើងទាំងអស់ គឺជាបាតុភូតធម្មជាតិសុទ្ធសាធ ផែនដីឆេះម្ដងហៅថាមួយកប្ប ។ ផែនដីឆេះអស់ហើយ ទើបច្បាប់អន្ដរកម្មរវាងធាតុ និងធាតុ ( ធាតុទឹក ដី ភ្លើង ខ្យល់ និង អាកាស) ការបង្កកំណើតក៏ចាប់ផ្ដើមឡើងវិញ ហើយចេះតែវិវត្តចម្រើនឡើងបន្ដបន្ទាប់ ។
វិវត្តពីសត្វផ្សេងៗរហូតមកដល់មនុស្ស តាំងពីមិនចេះស្លៀកពាក់ ចេះត្រឹមតែរស់ ចេះធ្វើការបន្តពូជ រហូតដល់ចេះស្លៀកពាក់ និងចេះបំផ្លិចបំផ្លាញគ្នាវិញ ។

មនុស្សតែងគិតថាខ្លួនគឺជាសត្វដែលឆ្លាតលើសគេ ហើយក៏នាំគ្នាប្រើបញ្ញាបង្វិលក្បាលគ្នាទៅវិញទៅមក ទីបំផុតលទ្ធផលដែលទទួលបានពីភាពវាងវៃនោះគឺជាការបំផ្លាញខ្លួនឯងដោយភាពងងឹតនៃអវិជ្ជា៕
🌼
#ស័ង្ហ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!