សាសនានឹងការជឿជាក់ !

11 days ago

បុព្វហេតុសាសនាគឺការស្វែងរកចម្លើយប្រស្នានៃក្តីទុក្ខ។

ហេតុនេះចម្លើយត្រូវបានគេរកឃើញខុសៗគ្នា រហូតជាងប្រាំរយបែប(លើសពី៥០០សាសនាក្នុងលោក)Screenshot_2018-12-04-16-06-51.png

តែទីនេះសូមថ្លឹងថ្លែងស្វែងយល់ត្រឹមបី៖

១ ខ្លះយល់ថា ការស្លាប់ជៀសមិនផុតដដែល កុំពិបាកចិត្ត នាំគ្នារាំច្រៀងក្នុងវិហារសរសើរព្រះទៅ ព្រោះឲ្យតែយើងគោរពជឿលើព្រះ គោរពតាមព្រះបន្ទូលរបស់ទ្រង់ យើងនឹងបានលាងអំពើបាបទាំងអស់ ហើយបានរស់នៅនគរព្រះ មានជីវិតមានកប្បជានិច្ច ក្រោមសិរីរុងរឿងរបស់ទ្រង់ ឲ្យតែយើងជឿដឹងតែបានឡើងឋានសួគ៌ហើយ ទោះបីជឿបានកន្លះដង្ហើមហើយស្លាប់ក៏ដោយ ។

២ ខ្លះដឹងថាជីវិតគង់តែស្លាប់ទេ ហើយមុននឹងស្លាប់ គឺមានការឈឺចាប់ខ្លាំងណាស់ ហេតុនេះ ទាន់ជីវិតនៅរស់គឺត្រូវខំហ្វឹកហាត់ អត់ធ្មត់ចិត្តអត់ទ្រាំចំពោះក្ដីស្រេកឃ្លានពេញៗមួយថ្ងៃ មិនលេបអ្វីសោះសូម្បីតែទឹកមាត់ សុខចិត្តពេលថ្ងៃដើរទិញចំណីទុកពេលយប់ ។ បើស្រក់ទឹកមាត់ត្រូវស្ដោះចោលកុំលេប បង្វឹកខ្លួនឲ្យធ្លាប់ អត់ធននឹងតណ្ហាសព្វបែបយ៉ាង ដើម្បីទទួលបានជោគជ័យពេលជិតស្លាប់ ។

៣ ចំណែកព្រះពុទ្ធរកឃើញថា កាលណាគេយល់ពីរបៀបរស់នៅ យល់ការពិតរបស់ជីវិត យល់ពីសច្ចភាពនៃសកលចក្កវាឡ គេក៏បានស្ងប់ចិត្ត ហើយសោះអង្គើយនឹងភាពឥតប្រយោជន៍ ។
ការប្រឡាក់ប្រឡូសជាមួយអកុសលធម៌ដែលនាំឲ្យជំពាក់វាក់វិនក្នុងភព ជាតិ ជរា ព្យាធិ មរណៈ ដែលហៅថាវដ្ដទុក្ខមិនមានទីបំផុត ...។

ទាំងអស់នេះសុទ្ធតែជាការយល់ឃើញ ដែលមិនអាចមាននរណាម្នាក់បដិសេធថាគេខុស ឯងត្រូវបានឡើយ ព្រោះសុទ្ធតែជាអធ្យាស្រ័យរបស់មនុស្ស និស្ស័យចិត្តរៀងខ្លួន ពិបាកវែកញែករកខុសរកត្រូវណាស់ ។
ហើយរឿងនេះក៏ជាបុព្វហេតុនៃអសន្តិសុខពិភពលោកផងដែរ ដោយអធិករណ៍ទាំងឡាយអាចកើតឡើងព្រោះប្រកាន់ទិដ្ឋិនេះឯង ។
ព្រះពុទ្ធទ្រង់ប្រឈមមុខចំពោះសំណួរមហាជនក្នុងរាជគ្រឹះ ដែលពេលនោះមេសាសនាទាំងឡាយ កំពុងតែដើរឃោសនារកសំឡេងគាំទ្រគគ្រឹកគគ្រេង មេសាសនាទាំងនោះសុទ្ធតែប្រកាសអួតអាងថា លិទ្ធិរបស់ខ្លួនត្រឹមត្រូវសុក្រឹតគ្រប់ជំពូក គ្រប់មាត្រា ក្រឹតវិន័យជាផ្លូវនាំទៅរកបរមសុខ ។...
Screenshot_2018-12-04-09-09-49.png
ព្រះពុទ្ធអង្គទ្រង់ឆ្លើយតបដោយទឹកព្រះភក្ត្រស្មោះស្មើ គ្មានបង្កើតអធិករណ៍ឡើយ ទ្រង់សម្ដែងថា ពាក្យប្រៀនប្រដៅទាំងឡាយណា ដែលមិនបៀតបៀនដោយអំពើអាក្រក់ដល់ខ្លួនឯងនិងអ្នកដទៃទេ ចូរអ្នកកាន់យកហើយប្រព្រឹត្តតាមចុះ ។ ចូរកុំជឿតាមដោយគ្រាន់តែឮតាមគ្នា ឮតៗគ្នា ឬជឿតាមដោយអាងគម្ពីរនោះឡើយ ។
ការប្រៀនប្រដៅទាំងនោះ មិនអាចជឿគ្រាន់តែឮ ឬឃើញនោះទេ ត្រូវពិសោធឲ្យជាក់ស្ដែងរួចសឹមជឿ យ៉ាងនេះជាដើម តថាគតឲ្យឈ្មោះអ្នកនោះថាបណ្ឌិត ជាអ្នកផ្ដល់សេចក្ដីសុខឲ្យខ្លួនឯង និងអ្នកដទៃ ។
ព្រះអង្គមិនបានពោលកៀងគរថា « ចូរមកតាមតថាគតចុះ ព្រោះមានតែការប្រៀនប្រដៅរបស់តថាគតទេ ដែលត្រឹមត្រូវជាងគេ » នោះឡើយ ។ ប៉ុន្តែព្រះអង្គបានផ្ដល់ចម្លើយប្រកបដោយតក្កវិជ្ជា ក្នុងបទវិភាគស្វែងរកសេចក្ដីសុខពិតនៃពួកមនុស្សស្រេកឃ្លានសុខសន្តិភាព ហើយបើចង់ចូលឲ្យដល់សេរីភាពក្នុងផ្លូវគំនិតវិញ ព្រះអង្គទ្រង់ទូន្មានថា « ចូរកុំស្ដាប់សើៗហើយកាន់យកទិដ្ឋិដទៃ
រួចលះទិដ្ឋិខ្លួនឯងចោល » «នេះឯងជាខ្លឹមសារពិតនៃអនត្តាធម៌»

បើអ្នកកាន់តែពេញចិត្តសិក្សា នឹងច្បាស់ដោយខ្លួនឯងថាពិរោះណាស់ ជាងចំណាយចិត្តវក់បទចម្រៀងប្រលោមចិត្តឲរវើរវាយ តែការស្វែងរកការពិត ចិត្តនិងកើតបញ្ញាចែងចាំង ប្រៀបដូចជាគេដឹកដៃចេញពីទីងងឹតទៅកាន់ទីភ្លឺ ឬមួយដូចព្រះចន្ទ្រពេញបូណ៌មីចេញចាកពពកខ្មៅងងឹតនៃស្បៃរាត្រីកាល ។
អ្នកកំពុងនៅមានសំណាងហើយ ព្រោះមានឱកាសបានក្រេបនូវព្រះធម្មរសដ៏អស្ចារ្យនេះ វាស្ថិតក្នុងការតាំងចិត្តរបស់អ្នក សម្រេចក្រេបយកឬអត់ប៉ុណ្ណោះ ៕

Screenshot_2018-12-02-17-23-46.png
#ស័ង្ហ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

the perfection of an art starts from a history, I really like your posts @gibran

mostly i read your all post, you always post amazing and good post. i read your post with translate, because i can not read Khmer language.