បុប្ផាត្រូវចិត្តកន្លង់ គម្រង់ត្រូវចិត្តរុយ

7 days ago

មនុស្សតែងមានចំណង់ចំណូលចិត្តខុសគ្នា ខុសទៅតាមចរិតនិស្ស័យរបស់មនុស្ស និងខុសទៅតាមតំបន់ ប្រទេស ប្រពៃណី អរិយធម៌និងវប្បធម៌ផងដែរ។
អត្ថបទដ៏ខ្លីមួយនេះ សូមលើកយកការស្លៀកពាក់មកពណ៌នាបន្តិច÷FB_IMG_1536760375441.jpg
ភាគច្រើនប្រជាជនខ្មែរតាំងតែពីដើមរៀងមក តែងគយគន់ទៅលើការស្លៀកពាក់របស់នារី ជាមួយនិងភាពថ្លៃថ្នូរ អត្តចរិត ហើយដាក់តម្លៃតាមនោះ។
បើស្ត្រីខ្មែររូបណា ស្លៀកខើចខាងលើ ស្ទើលិចខាងក្រោម ច្បាស់ជាត្រូវបានគេពេបជ្រាយ និយាយពីដើមភូមិដល់ចុងភូមិ ហើយតែងសាកសួរគ្នាថា កូនចៅពីណា ពូជអំបូរខាងណា គ្មានអៀនខ្មាស់ ជ្រួលជ្រើម បែបខ្លាចអត់ប្តីហើយមើទៅ!។
តាមពិត មិនប្រាកដថានារីដែលស្លៀកពាក់ស៊ិចស៊ី ជានារីមិនល្អ ជ្រើមជ្រួលដូចអ្វីដែល អ្នកឃើញគិតនោះទេ វាអាចព្រោះតែនារីនោះគាត់ពេញចិត្ត ស្រលាញ់ម៉ូត ស្រលាញ់ស្ទីលបែបខើចខ្លី តាមសម័យដែលគេនិយម។
យើងក៏យល់ពីការសម្រេចចិត្តរបស់គាត់ វាជាសិទ្ធជាសេរីភាព មិនគប្បីមានការគាបសង្កត់ ទៅឃាត់ ទៅឃាំងរារាំងមិនឲគាត់បានស្អាតបែបទាន់សម័យនោះទេ។
ប៉ុន្តែសេរីភាពក៏ត្រូវមានព្រំដែនផង កាលណាបើជ្រុលជ្រួសហួសកាន់លង់ទៅៗ ក្រែងត្រឡប់មករកដែនរបស់ខ្លួនលេងបាន ។ តើអ្នកធ្លាប់ឮពាក្យថា ទម្លាប់ធំជាងច្បាប់ទេ ?
ធ្វើអ្វីដ៏ដែលៗក៏និងធ្លាប់ ធ្លាប់យូរទៅក៏ក្លាយជាទម្លាប់
ទម្លាប់កាន់តែយូរ ក៏ទៅជាប្រពៃណី ។
ចូរកុំទម្លាប់ស្លៀកពាក់សម្លៀកបំពាក់ខ្លីៗ បង្ហាញសាច់សខ្ចីអោយអ្នកដទៃឃើញ ថ្វីបើគេសរសើរយើងថាស្អាត តែគេមិនអោយតម្លៃយើងទេ។
អ្នកខ្លះហ៊ានបំពានមកលើយើងទៀតផង ព្រោះគេមើលឃើញថា យើងជាមនុស្សងាយ ពោលគឺចិត្តងាយ ចរិតនិស្ស័យងាយ គេក៏និងគិតអ្វីក៏ងាយដែរ។ គេអាចចោមរោមស្រលាញ់យើង ស្រលាញ់បែបកាមារម្មណ៍តែបើជ្រើសយកធ្វើជាភរិយាពិតប្រាកដ​ គេអាចមិនជ្រើសរើសយកយើងឡើយ​ ព្រោះគេត្រូវការមនុស្សល្អ មនុស្សដែលគេទុកចិត្ត ថានឹងស្មោះចំពោះគេ។
ដូច្នេះគេអាចស្រលាញ់ខ្លួនយើងត្រឹមតែសម្បកក្រៅប៉ុណ្ណោះ ដូចកលល្បិចកន្លង់ ក្រេបត្រឹមលម្អងផ្កាហើយហើរចេញដូច្នោះឯង។
FB_IMG_1536760559681.jpg
ការស្លៀកពាក់ឲ្យបានសមរម្យ គឺឲ្យត្រូវតាមទីកន្លែង ស្ថានភាព និងកាលៈទេសៈ រៀបចំនិស្ស័យចរិតអោយល្អ កុំឡេះឡោះ ធ្វើខ្លួនឲ្យដូចជាផ្កាឈូកមួយទងដែលល្អទាំងព្រម ទាំងទង ទាំងត្របក ទាំងស្លឹកបើទោះបីជាចេញពីភក់ច្រំស្អុយយ៉ាងណា ក៏នៅតែស្អាត និងមានតម្លៃជានិច្ច។
ពេលដែលយើងរៀបចំខ្លួនបានល្អហើយ ពេលនោះបុរសពិត ដែលយើងប្រាថ្នា នឹងមករកយើងមិនខាន ព្រោះថាកន្លង់ឬឃ្មុំតែងត្រូវការផ្កា ឯរុយក្បាលខៀវមិនត្រូវការផ្កាឡើយ គឺត្រូវការគម្រង់ ឃ្មុំ តែងស្វែងរកលំអងកេសរ ដែលមានក្លិនដ៏ក្រអូប រីឯរុយក្បាលខៀវតែងស្វែងរកគម្រង់ ដែលមានតែក្លិនស្អុយ ឆ្អេះឆ្អាបតែម្យ៉ាងប៉ុណ្ណោះ។

#បើខ្លួនជាផ្កាឃ្មុំមកចែចង់ តែបើខ្លួនជាគម្រង់គឺរុយចែចូវ#

*ទាំងនេះជាបទពិចារណា
ក៏សូមខន្តីចំពោះ បងស្រី ប្អូនស្រី អុំស្រី មីង យាយទាំងអស់ដែលជាស្ត្រីភេទ សំណេរទាំងនេះវាចេញពីមនោសញ្ចេតនាស្មោះត្រង់របស់ខ្ញុំ ដែលសង្ឃឹមនិងជឿជាក់ថា បានទៅជាប្រយោជន៍ ដាស់សតិសម្បជ្ជញ្ញៈកុលធីតាជំនាន់ក្រោយ ឲស្គាល់តម្លៃភាពជាស្ត្រី ជាផ្នែកមួយដើម្បីលម្អសង្គមយើងទាំងអស់គ្នាប៉ុណ្ណោះ។

បាត់ដំបង ថ្ងៃទី១២~០៩~២០១៨
នុត-ស័ង្ហ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

ចា៎ មិនអីទេបង​
អគុណច្រើនដែលបានរំលឹក