គឺយេីងខ្លួនឯង
មនុស្សជាច្រើនរីករាយចំពោះការទទួលបាន ប៉ុន្តែមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលរីករាយក្នុងការផ្ដល់ឲ្យ។ សូមផ្ដល់ការគោរព ចំពោះទឹកចិត្តសប្បុរសរបស់មនុស្ស ដែលយើងបានជួបនៅក្នុងជីវិតរបស់យើង។
មនុស្សជាច្រើនមិនសប្បាយចិត្តនៅពេល ដែលខ្លួនមិនអាចទទួលបាននូវអ្វីដែលប្រាថ្នាចង់បាន។ នៅខណៈដែលមនុស្សប៉ុន្មាននាក់អង្គុយគិតរកវិធីដើម្បីផ្ដល់ឲ្យយើងទទួលបាន។ មនុស្សជាច្រើនសុខចិត្តទន់ជ្រាយដើម្បីទទួលបានការអាណិត នៅខណៈមនុស្សប៉ុន្មាននាក់សុខចិត្តក្រាញដណ្ដើមយកភាពរឹងមាំ ដើម្បីផ្ដល់ក្ដីអាណិតចំពោះមនុស្សជុំវិញខ្លួន។ យើងមិនអាចយល់បានទេ ពីជម្រៅដួងចិត្តដែលពេញដោយក្ដីស្រលាញ់ ថាវាស្រស់ស្អាតប៉ុនណា។ មានមនុស្សមិនច្រើនទេ ដែលចូលក្នុងជីវិតយើងដើម្បីផ្ដល់ស្នាមញញឹមចំពោះយើង។ ប៉ុន្តែ មានមនុស្សច្រើនណាស់ដែលចាកចេញពីយើងព្រោះតែយើងមិនអាចផ្ដល់ឲ្យគេនូវអ្វីដែលគេត្រូវការ។
បើមួយជីវិតនេះ យើងអាចជួបមនុស្សដែលតែងតែក្រោកឈរដោយខ្លួនឯង ហើយឈរដើម្បីមនុស្សជាច្រើន គេជាមនុស្សដែលគួរឲ្យគោរពបំផុត។ ខ្ញុំសង្ឃឹមថាក្នុងជីវិតអ្នក អាចជួបមនុស្សបែបនេះ។ វាមិនងាយទេ បើសិនជារង់ចាំរហូតដល់ថ្ងៃដែលយើងអាចជួបគេ ប៉ុន្តែបើសិនអ្នកព្យាយាមក្រោកឈរបណ្ដើរ នៅខណៈដែលរង់ចាំ ថ្ងៃណាមួយអ្នកនឹងបានជួបគេ។ ម្នាក់នោះគឺខ្លួនអ្នកហ្នឹងហើយ....៕
កូន ចាបមាស
Comments