ដោយ៖ ងួន សុភាវត្តី
តុលាការសិង្ហបុរី នៅថ្ងៃទី១៧ខែតុលា បានកាត់ទោសអតីតសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ពីបទបៀតបៀនរាងកាយនិស្សិតស្រីមួយរូបនៅលើរថយន្តក្រុង។ តុលាការសិង្ហបុរីសម្រេចកាត់ទោសសាស្ត្រាចារ្យនេះអោយចាប់ពន្ធនាគារ១៤សប្តាហ៍។
លោក Long Yun ដែលជាសាស្ត្រាចារ្យមួយរូបនៃមហាវិទ្យាល័យវិស្វកម្មគីមី និងជីវម៉ូលេគុលនៃសាកលវិទ្យាល័យNUS បានស្ទាបអង្អែលភ្លៅខាងឆ្វេងរបស់និស្សិតស្រីអាយុ ២០ ឆ្នាំប្រហែល ៤ នាទីនៅលើរថយន្តក្រុងមួយ។ បើតាមតុលាការ លោក Long បានធ្វើអន្តោប្រវេសន៍មករស់នៅសិង្ហបុរីកាលពីឆ្នាំ២០១៣ និងបានក្លាយជាពលរដ្ឋអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៥។
បើតាមសារព័ត៌មាន Strait Times ស្ត្រីរងគ្រោះនិយាយថា រូបនាង និងលោក Long បានធ្វើដំណើររួមគ្នាលើរថយន្តក្រុងមួយតាមបណ្តោយផ្លូវ Lower Kent Ridge កាលពីខែមករានេះ។
នៅពេលនេះដោយសារតែលើឡានក្រុងមានមនុស្សច្រើន សិស្សដែលមិនអាចបញ្ចេញឈ្មោះរូបនេះ បានឡើងតាមទ្វារក្រោយហើយឈរក្បែរបង្គោលក្នុងឡាន។ ចំណែករដ្ឋអាជ្ញារងលោក Benedict Chan បញ្ជាក់ថា លោក ឡុង ក៏ឡើងជិះតាមទ្វារតែមួយហើយឈរក្បែរជនរងគ្រោះផងដែរ។ នៅពេលឡានក្រុងមកដល់ចំណតឡានក្រុងបន្ទាប់លោកឡុងបានសម្រេចចិត្តជិះបន្តទៀតដោយឈរក្បែរនារីរងគ្រោះយ៉ាងជិត។ ខណៈនោះលោកឡុងបានចាប់ផ្តើមធ្វើសកម្មភាពបំពានដល់និស្សិតនោះតែម្តង។
បន្ទាប់ពីត្រូវបានលោកឡុងបំពានអស់៤នាទីមក នារីរងគ្រោះបានសម្រេចចិត្តចុះនៅចំណតឡានក្រុងមួយទៀត។ នាង និងមិត្តភក្តិបានសម្រេចចិត្តប្តឹងប៉ូលីសពីរឿងនេះ។ រដ្ឋអាជ្ញារងសាធារណៈដដែលបន្តថា អង្គហេតុបានកើតឡើងជារឿងធ្ងន់ធ្ងរ ហើយបានអំពាវនាវឲ្យតុលាការផ្តន្ទាទោសជនសង្ស័យឲ្យជាប់ពន្ធនាគាររយៈពេលមិនតិចជាង ១៤ សប្តាហ៍។
ទោះជាយ៉ាងនេះក្តីមេធាវីរបស់លោក ឡុង បានសុំតុលាការបន្ធូរទោសមកត្រឹមការជាប់ពន្ធនាគារ៨សប្តាហ៍វិញដោយហេតុថា នេះជាកំហុសលើកទីមួយរបស់លោកឡុង ។ មេធាវីដដែលនេះបន្ថែមថា លោក ឡុង ដែលទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកវិស្វកម្មគីមីមកពីសាកលវិទ្យាល័យរដ្ឋ North Carolina ត្រូវបានទទួលស្គាល់ដោយ NUS ក្នុងឆ្នាំ ២០១៦ សម្រាប់ការលះបង់និងការប្តេជ្ញាចិត្តក្នុងនាមជាអ្នកអប់រំហើយត្រូវបានចុះក្នុងបញ្ជីកិត្តិយសសម្រាប់មហាវិទ្យាល័យវិស្វកម្មទៀតផង៕
ទោះជាយ៉ាងនេះក្តី តុលាការបានសម្រេចកាត់ទោសលោក Long Yun អោយជាប់ពន្ធនាគាររយៈពេល១៤សប្តាហ៍៕
https://www.thmeythmey.com/?page=detail&id=84069
ខ្លេមសារសហការរវាងសេរីនិងថ្មីៗ
Comments